រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បាននិងកំពុងជំរុញដល់មន្ត្រីជំនាញពាក់ពន្ធ័ក្រោមឱវាទឲ្យមានការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងស្ថាបនាស្ពានអាកាសស្ទឹងមានជ័យឲ្យបានលឿន ដើម្បីឈានទៅដល់ពិធីបើកការដ្ឋានស្ថាបនានាដើម ខែតុលា ឆ្នាំ២០១២ ឆាប់ៗខាងមុខនេះ ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី បានឲ្យដឹងថា ដំណើរការដោះស្រាយផលប៉ះពាល់លើកម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជយ័ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៨០% ហើយ នៅសល់តែចំនួនតិចតូចតែប៉ុណ្ណោះ ដែលត្រូវបន្តដោះស្រាយ ។ ក្នុងនោះសំណង់ដែលប៉ពាល់លំនៅឋានក្នុងដំណាក់កាលចុងក្រោយចំនួន៤៧ខ្នង លើ៥៨ខ្នង ត្រូវបានប្រជាពលរដ្ឋម្ចាស់ផ្ទះស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចេញពីកន្លែងប៉ះពាល់ ដោយទទួលយកគោលនយោបាយពីរដ្ឋ ។
ក្នុងឱកាសអញ្ជើញទៅពិនិត្យទីតាំងសំណង់ស្ពានអាកាសស្ទឹងមានជយ័ កាលពីថ្ងៃទី ២៦ កញ្ញា កន្លងទៅនេះ លោកកែប ជុតិមា អភិបាលរាជធានី បានជំរុញឲ្យមានការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ឲ្យបានឆាប់រហ័ស ដើម្បីដំណើរការបើកការដ្ឋានសាងសង់ ។ លោកអភិបាលរាជធានី បានណែនាំឲ្យបង្កើនល្បឿនស្ថាបនាផ្លូវស្របមាត់ប្រឡាយបឹងសាឡាង ដែលជាផ្លូវវាងពីផ្លូវលេខ២៧១នៅពេលការចាប់ផ្តើមដំណើរការសាងសង់ស្ពាន ។ ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ក៏កំពុងចាប់ផ្តើមពង្រីកកំណាត់ផ្លូវលេខ២៧១,ដាក់បង្គោលភ្លើង និងកសាងប្រព័ន្ធលូផងដែរ ។ លោកកែប ជុតិមា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានប៉ះលើគំរោងខាងលើនេះ សុំរួមសហការជាមួយសាលារាជធានីដើម្បីជំរុញការដោះស្រាយផលប៉ះពាល់ឲ្យបានឆាប់រហ័ស និងឈានទៅបើកការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យឲ្យបានតាមការគ្រោងទុកដើម្បីប្រយោជន៍សាធារណៈ ។
គួររំលឹកថា សំណង់ស្ពានអាកាសស្ទឹងមានជ័យនេះ គឺជាស្ពានអាកាសទី៣ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាសពេទ្យលោកសង្ឃ (ស្ពានអាកាស៧មករា) ដែលជាស្ពានធំប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក ។ ស្ពានអាកាសទី៣នេះ ត្រូវបានចាត់ទុកជាស្ពានធំជាងគេ មាន៦ខ្សែហោះឡើងលើ និងមុជក្រោមដី ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ (O.C.I.C) មានរយៈពេល ២៨ខែ ដែលគ្រោងបញ្ចប់នៅអំឡុងដើមឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ