រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១២ បានប្រារព្ធធ្វើសិក្ខាសាលាស្តីពីការចាប់ផ្តើមដំណើរការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញា អ.ស.ប ប្រឆាំងអំពើពុករលួយ (UNCAC) នៅកម្ពុជា ។ សិក្ខាសិលាដ៏មានសារសំខាន់នេះ បានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក Olivier Lerment តំណាង UNODC ប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសារព័ត៌មានកម្ពុជា ។
លោកឱម យ៉ិនទៀង មានប្រសាសន៍ថា ការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញាអ.ស.ប ប្រឆាំងអំពើពុករលួយ គឺជាយន្តការបង្កើតឡើងដោយ អ.ស.ប នៅឆ្នាំ២០១០ សម្រាប់តាមដានការអនុវត្តអនុសញ្ញានេះនៅតាមប្រទេសរដ្ឋជាសមាជិកដែលមាន១៦១ប្រទេស ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។ យន្តការនេះ អ.ស.ប តម្រូវឲ្យរដ្ឋនីមួយៗបញ្ជូនអ្នកជំនាញការរបស់ខ្លួនទៅត្រួតពិនិត្យនៅប្រទេសផ្សេង ខណៈដែលអ.ស.ប និងរដ្ឋជាសមាជិកនៃអនុសញ្ញានេះចំនួន២នឹងមកត្រួតពិនិត្យខ្លួនវិញ ។ ដោយឡែកប្រទេសកម្ពុជា ត្រូវបានអ.ស.ប ជ្រើសរើសទៅត្រួតពិនិត្យប្រទេសម៉ាល់តា នៅទ្វីបអឺរ៉ុប ។ទន្ទឹមនោះ នៅឆមាសទី១ឆ្នាំ២០១៣ កម្ពុជានឹងត្រូវបើកទ្វាររបស់ខ្លួនរង់ចាំការមកត្រួតពិនិត្យពី អ.ស.ប និងរដ្ឋសមាជិក២ទៀត ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានលើកឡើងថា ដើម្បីឲ្យអ.ស.ប និងរដ្ឋសមាជិក២ទៀតមកត្រួតពិនិត្យបាន កម្ពុជាចាំបាច់ត្រូវរៀបចំរបាយការណ៍ស្វ័យវាយតម្លៃអំពីច្បាប់អំពីការអនុវត្តច្បាប់ វិធានការ និងចំណាត់ការប្រឆាំងអំពើពុករលួយនៅកម្ពុជា សម្រាប់ដាក់ជូនអ្នកមកត្រួតពិនិត្យធ្វើការវាយតម្លៃថា ស្របជាមួយអនុសញ្ញានេះប៉ុណ្ណា ហើយបើលើស ឬខ្វះចន្លោះ រាជរដ្ឋាភិបាលកម្ពុជាអាចពិចារណានឹងធ្វើអ្វីខ្លះទៀតដើម្បីពង្រឹងការប្រឆាំងអំពើពុករលួយនៅកម្ពុជា ។
យ៉ាងណាក៏ដោយ ក្នុងសេចក្តីប្រកាសព័ត៌មានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ខណៈពេលដែលប្រទេសខ្លះមិនបើកទូលាយដល់ការចូលរួមក្នុងការដំណើរការនេះដល់ភាគីពាក់ព័ន្ធច្រើន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានអង្គភាពប្រឆាំងអំពើពុករលួយ ជាសេនាធិការក្នុងការប្រឆាំងអំពើពុករលួយមានគោលនយោបាយបើកទូលាយដល់ភាគីពាក់ព័ន្ធជាច្រើនឲ្យចូលរួម និងធ្វើជាម្ចាស់ផ្ទះក្នុងដំណើរការនេះ ជាពិសេសដើម្បីរៀបចំរបាយការណ៍ស្វ័យវាយតម្លៃអំពីទិដ្ឋភាពប្រឆាំងអំពើពុករលួយនៅកម្ពុជាឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ។
ទាក់ទងនឹងការអនុវត្តសកម្មភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានឲ្យដឹងថា រហូតមកដល់ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្តឹងប្រមាណ៨០០បណ្តឹង ក្នុងនោះ៥% ជាបណ្តឹងអនាមិក ។ លោកទេសរដ្ឋមន្ត្រីបានផ្តល់នូវក្តីសង្ឃឹមថា លទ្ធផលដែលអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបានក្នុងការងាររបស់ខ្លួន គឺប្រមាណពី៥០ទៅ៧០ភាគរយ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញា អ.ស.ប ប្រឆាំងអំពើពុករលួយ (UNCAC) នៅកម្ពុជា ក្នុងនោះរួមមានលោកឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាប្រធាន លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអ្នកជំនាញការរបស់រាជរដ្ឋាភិបាលសម្រាប់ការត្រួតពិនិត្យឡើងវិញនូវការអនុវត្តអនុសញ្ញា អ.ស.ប ប្រឆាំងអំពើពុករលួយជាអនុប្រធាន ។ ក្រៅពីនោះ ក៏មានមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជនជាសមាជិកផងដែរ ៕
ចែករំលែកព័តមាននេះ