រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវសមត្ថកិច្ចការិយាល័យគយនិងដ្ឋាករ សហការជាមួយនគរបាលប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឃាត់ខ្លួនកាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២ បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង៥គីឡូក្រាម ដែលស្រ្តីរូបនេះលាក់ទុកក្នុងស្នូលអំបោះហុងនាំចូលមកព្រះរាជាណាចក្រកម្ពុជា និងមានគោលដៅទៅប្រទេសថៃ ។
កងសន្តិសុខប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាមោ៉ង១ និង៤៥នាទីរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២ មានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ INTHANU SUPHEE អាយុ៤២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ២៥៧៣៤០៦ ធ្វើដំណើរតាមជើងយន្តហោះលេខ MH៧៦៤ គួឡាឡាំពួរ-ភ្នំពេញ ។ ដោយសារសមត្ថកិច្ចគយមានជំនាញខ្ពស់ក៏ធ្វើការឆែកឆេរស្នូលអំបោះហុងដែលស្ត្រីរូបនេះនាំចូលហើយរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៥,៥៦៥ក្រាម (៥គីឡូក្រាម និង៥៦៥ក្រាម ) ហើយដោយមានការសហការជាមួយមន្ត្រីនគរបាលក៏បានឃាត់ខ្លួនស្ត្រីរូបនេះ ។ សមត្ថកិច្ចបានបញ្ជាក់ថា ស្រ្តីជនជាតិថៃនេះមានចេតនានាំគ្រឿងញៀនទៅកាន់ប្រទេសថៃ ។ ក្រោយពីឃាត់ខ្លួន ស្រ្តីរូបនេះ និងវត្ថុតាងត្រូវបានការិយាល័យគយ និងរដ្ឋាករនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ប្រគល់ឲ្យការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់ ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី១៥ សីហា ឆ្នាំ២០១២ ការិយាល័យគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប សហការជាមួយនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនស្រ្តីជនជាតិថៃម្នាក់ឈ្មោះ KOTAMM MISS NAPAPHON កាន់លិខិតឆ្លងដែនលេខ ៩៩០៣៨៦ ធ្វើដំណើរតាមជើងយន្តហោះលេខMI៦៣៦ សិង្ហបុរី-សៀមរាប ។ ពេលនោះមន្រ្តីគយឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់៣គីឡូក្រាមនិង៤២៥ក្រាម ដែលស្រ្តីរូបនេះលាក់ទុកក្នុងកាបូបដាក់ខោ អាវ ។ បច្ចុប្បន្នស្រ្តីខាងលើត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យនគរបាលឃុំខ្លួននៅពន្ធនាគារព្រៃស(ម២) រង់ចាំបើកសវនាការ។
ចំណែកមន្រ្តីនគរបាលប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបញ្ជាក់ថា គ្រាន់តែរយៈពេលមួយសប្តាហ៍ក្នុងខែសីហា ឆ្នាំ២០១២ សាខាគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិបានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបសរុបចំនួន៦លើកឃាត់ខ្លួនស្រ្តី៦នាក់ក្នុងនោះជនជាតិថៃ៥នាក់ និងជនជាតិវៀតណាមម្នាក់ ដកហូតគ្រឿងញៀនប្រភេទកូកាអីុន និងមេតំហ្វេតាមីនជិត៤០គីឡូក្រាម ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ បានថ្លែងក្នុងអង្គប្រជុំប្រចាំខែនៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងសប្តាហ៍មុនថា មកដល់ពេលនេះការជួញដូរគ្រឿងញៀននៅតែជាបញ្ហាក្តៅនៅកម្ពុជា ព្រោះពួកឧក្រិដ្ឋជននៅតែប៉ុនប៉ងយកប្រទេសកម្ពុជាធ្វើជាកន្លែងផលិត និងកែច្នៃគ្រឿងញៀន ។ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ នគរបាលបង្រ្កាបការជួញដូរគ្រឿងញៀនបាន១០៧ករណី ចាប់ខ្លួន៩០៣នាក់ ក្នុងនោះមានស្រ្តី១៧៣នាក់ រឹបអូសសារធាតុញៀនគ្រប់ប្រភេទ៣០.១៤០ពាន់គ្រាប់ទម្ងន់៥.៨៦០,៨០ក្រាម និងសារធាតុគ្រឿងញៀនចំនួន៣៩០លីត្រ ។ ចំនួននេះគឺប្រហាក់ប្រហែលនឹងការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនក្នុងរយៈពេលដូចគ្នានាឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ