ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី២៧ កញ្ញា ២០១២ លោកអភិបាលខេត្តអ៊ុំ ម៉ារ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គមហោស្រពប្រឡងចម្រៀងបុរាណ និងសម័យជ្រើសរើសបេក្ខជន បេក្ខនារីប្រចាំខេត្តចំនួន៤រូប ដើម្បីយកទៅប្រកួតនៅកោះពេជ្រ រាជធានីភ្នំពេញ នាខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ។
ពិធីនោះបានរៀបចំឡើងនៅក្នុងមហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលមានការចូលរួមពីសំណាក់មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ សរុបប្រមាណជាង២០០នាក់ ។ ពិធីបិទវគ្គមហោស្រពប្រឡងចម្រៀងប្រចាំខេត្តព្រះវិហារដែលធ្វើឡើងនាពេលនេះគឺជាលើកទី៣ហើយ ក្នុងមួយឆ្នាំម្តង ដើម្បីទៅប្រឡងចម្រៀងសាកលនៅកោះពេជ្រ រាជធានីភ្នំពេញ ។ពិធីប្រឡងចម្រៀងរបស់មហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ នាពេលនេះមានរយៈពេល៣ថ្ងៃដោយមានបេក្ខជន បេក្ខនារីចំនួន៣៩នាក់ ក្នុងនោះបានប្រឡងចាប់ចំណាត់ថ្នាក់លេខ១ ចំនួន៤រូប មានបេក្ខជន២រូប និងបេក្ខនារី២រូប ។
លោកនូវ សុគុណា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានឡើងអានរបាយការណ៍ស្តីពីសកម្មភាពនៃការប្រឡងចម្រៀងបុរាណ និងសម័យដែលជារៀងរាល់ឆ្នាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត តែងតែយកចិត្តទុកដាក់ និងរក្សាបាននូវវប្បធម៌ដ៏ប្រពៃនេះ ។ ការប្រឡងចម្រៀងជាសាកលរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ នាឆ្នាំ២០១២ នេះ មានបេក្ខជន និងបេក្ខនារីចំនួន៣៩នាក់ មកពីគ្រប់បណ្តាស្រុកទាំង៧ និង១ក្រុងរបស់ខេត្តព្រះវិហារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ