ខេត្តកំពង់ចាម ៖ ស្រ្តីម្នាក់ឈ្មោះផេង ចាន់នី ហៅស្រី អាយុ៥២ឆ្នាំ បានត្រូវម្ដាយចុងវ័យក្មេងអាយុប្រហែល៣០ឆ្នាំ ជាប្រពន្ធរបស់ឪពុកដែលជាអាណិកជននៅកាណាដា អាយុ៨១ឆ្នាំ ចាប់បោចសក់ធាក់ចំដើមទ្រូង និងវាយលើរាងកាយយ៉ាងចាស់ដៃ រហូតដល់របួសធ្ងន់នាំចូលមន្ទីរពេទ្យ ។ អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨ ព្រឹកថ្ងៃទី២៥ កញ្ញា នៅ ភូមិ១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ហើយស្រ្តីជាម្ដាយចុងមិនត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនទេ ។
នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ស្ដ្រីរងគ្រោះឈ្មោះស្រី រៀបរាប់ថា ឪពុកបង្កើតរបស់គាត់ឈ្មោះផេង អាន ជាអាណិកជនខ្មែរនៅប្រទេសកាណាដា បានយកប្រពន្ធក្មេងជាអ្នកបម្រើការងារនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានកូន២នាក់ក្នុងនោះ កូនស្រីបងអាយុ២ឆ្នាំ និងកូនប្រុសពៅអាយុ៨ខែ ។ ឪពុករបស់គាត់បានធ្វើដំណើរពីប្រទេសកាណាដាមកលេងស្រុកកំណើត ថែមទាំងនាំប្រពន្ធចុងវ័យក្មេងរបស់គាត់មកលេងដែរនៅភូមិ១៤ ឃុំកោះសូទិន ស្រុកសូទិនបានរយៈពេល៥ខែមកហើយ ។
នៅព្រឹកថ្ងៃទី២៥ កញ្ញា រូបគាត់កំពុងអង្គុយនៅលើផ្ទះស្រាប់តែម្ដាយចុងឈ្មោះ សុខ នីនិយាយដៀមដាមរាលដាលដល់ពូជសុទ្ធតែពាក្យអសុរោះ ទើបមានការឈ្លោះប្រកែកជាពាក្យសម្ដីទៅវិញទៅមក ហើយម្ដាយចុងរូបនេះក៏ស្ទុះមកចាប់ទាញដៃនិងធាក់គាត់១ជើងចំដើមទ្រូង ។ ពេលនោះទោះបីជារូបគាត់ប្រឹងរើបម្រះនិងតបតក៏មិនឈ្នះដែរ ខណៈឃើញដូច្នេះកូនស្រីរបស់គាត់ឈ្មោះ ហ៊ន ចាន់ណា អាយុ១៨ឆ្នាំ ចូលមកជួយក៏ត្រូវម្ដាយចុងរូបនេះចាប់បោចសក់បោកផ្ទប់ទៅនឹងរនាបផ្ទះងើបមិនរួច ។ ការផ្ទុះហិង្សានេះឪពុកគាត់មិនមកជួយឃាត់ទេគឺ បានត្រឹមតែឈរមើល ។ បន្ទាប់មករូបគាត់ ត្រូវបានឪពុកក្មេកនាំមកសង្គ្រោះនៅមណ្ឌលសុខភាព តែដោយសារស្ថានភាពរបួសធ្ងន់ពេកក៏បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទៀត។
ស្ដ្រីរងគ្រោះរៀបរាប់ទៀតថា ផ្ទះឈើ៣ខ្នងដែលគាត់រស់នៅសព្វថ្ងៃនេះគឺឪពុកផេង អាន ជាអ្នកទិញឱ្យនៅបានរយៈពេល៧ឆ្នាំមកហើយ ។ រាល់ពេលឪពុកមកពីប្រទេសកាណាដាម្ដងៗ តែងតែមកសម្រាកនៅផ្ទះនេះ៦ខែ ទើបវិលត្រឡប់ទៅវិញ ។ចំពោះទង្វើរបស់ម្ដាយចុងគឺរូបគាត់ចង់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ហើយនិងឱ្យឪពុកចេញទៅកាណាដាវិញ ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិនឱ្យដឹងដែរថា អំពើហិង្សាខាងលើនេះកើតឡើងដោយសារតែរឿងដណ្ដើមកេរគ្នា ។ នៅព្រឹកថ្ងៃទី២៦ កញ្ញា លោកតាអាណិកជននៅកាណាដា នោះបានសម្របសម្រួលរវាងកូនស្រីអាយុ៥២ឆ្នាំនិងប្រពន្ធក្មេងរបស់គាត់អាយុជាង៣០ឆ្នាំ ឱ្យត្រូវរ៉ូវគ្នា ព្រមរស់នៅក្រោមដំបូលផ្ទះតែមួយវិញ ៕
ចែករំលែកព័តមាននេះ