ខេត្តសៀមរាប ៖ ដោយទទួលការគាំទ្រពីអង្គការជាដៃគូ វិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានរៀបចំសិក្ខាសាលាមួយស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនាម័យ នៅសាលប្រជុំនៃសណ្ឋាគារអង្គរប៉ារ៉ាឌី ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៥ កញ្ញា កន្លងទៅនេះ ។
សិក្ខាសាលានេះប្រព្រឹត្តធ្វើក្រោមអធិបតីភាពលោកអ៊ុច បូរ៉ា ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាតំណាងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត ព្រមទាំងលោក លោកស្រីជាតំណាងក្រុមហ៊ុន រោងចក្រ សិប្បកម្មផលិតម្ហូបអាហារ រោងម៉ាស៊ីនកិនស្រូវ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប មកពីតាមខេត្តចំនួន៣គឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។
មានប្រសាសន៍នាឱកាសបើកសិក្ខាសាលានេះ លោកអ៊ុច បូរ៉ា បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងដើម្បីផ្តល់ជូនសមាជិក សមាជិកានៃអង្គសិក្ខាសាលានូវព័ត៌មាន និងចំណេះដឹងសំខាន់ៗអំពីវិធីសាស្ត្រ ឬរបៀបនៃការរៀបចំខ្សែសង្វាក់ផលិតកម្ម ទីតាំងផលិតកម្ម ការដឹកជញ្ជូន និងការរក្សាផលិតផលម្ហូបអាហារឱ្យមានអនាម័យ និងមានសុវត្ថិភាព ។ ជាមួយគ្នានេះ ស្វែងយល់អំពីរបៀបនៃការវិភាគភ្នាក់ងារបង្កគ្រោះថ្នាក់ និងការកំណត់អំពីចំណុចគ្រោះថ្នាក់ដែលត្រូវត្រួតពិនិត្យនៅតាមសង្វាក់ផលិតកម្មចាប់តាំងពីកសិដ្ឋានរហូតដល់កន្លែងបរិភោគ ។
លោកប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា ថ្លែងទៀតថា អ្វីៗទាំងអស់នេះគឺជាមូលដ្ឋានបច្ចេកទេសចាំបាច់មួយដែលជាទូទៅយើងហៅថា ស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារសម្រាប់ជួយជំរុញ និងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពនៃផលិផលម្ហូបអាហារ ជួយការពារសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងជួយសម្រូលដល់ការនាំចេញផលិតផលកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ។ ដើម្បីឈានដល់គោលដៅខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍សាកលភាវូបនីយកម្មសេដ្ឋកិច្ច ដោយបានចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) សំដៅពង្រីកទីផ្សារជូនផលិតករកម្ពុជា តាមរយៈការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។
លោកបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តធានាឱ្យបានជារួមនូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព និងមានភាពអនុគ្រោះសម្រាប់កំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្តគោលនយោបាយហិរញ្ញវត្ថុគាំទ្រកំណើនគោលនយោបាយរូបិយវត្ថុទន់ភ្លន់ និងជំរុញការអនុវត្តយ៉ាងសកម្មបំផុតនូវកម្មវិធីកែទម្រង់ដែលមានលក្ខណៈជាប្រព័ន្ធសំដៅកែលម្អបរិស្ថានវិនិយោគទាំងប្រភពក្នុង និងក្រៅប្រទេស ។
ចំពោះមុខ ប្រទេសយើងជាសមាជិកអាស៊ាន យើងមិនអាចរារាំងផលិតផលនាំចូលប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យបានទេ ហើយយើងក៏មិនអាចយកផលិតផលដែលពុំមានគុណភាព សុវត្ថិភាព និងអនាម័យទៅប្រកួតប្រជែងបានដែរ ។ ការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ គឺទាមទារឱ្យផលិតផលរបស់យើងត្រូវមានគុណភាព សុវត្ថិភាព និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ឬតម្រូវការរបស់ប្រទេសនាំចូលទាំងនោះ ដោយឆ្លុះបញ្ចាំងទៅនឹងអ្វីដែលបានកំណត់នៅក្នុងស្តង់ដា។ ការយល់ដឹងយ៉ាងត្រឹមត្រូវអំពីគុណភាព សុវត្ថិភាព និងអនាម័យ គឺជាគន្លឹះមួយយ៉ាងសំខាន់ដែលអាចនាំឱ្យអាជីវកម្មឈានទៅរកភាពជោគជ័យនៅក្នុងទីផ្សារជាតិ-អន្តរជាតិយ៉ាងពិតប្រាកដ ៕
ចែករំលែកព័តមាននេះ