រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់លោក លី សាវេត អភិបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ កញ្ញា ២០១២ ស្តីពីការលុបបំបាត់ការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈធ្វើអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ កញ្ញា ២០១២ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងប៉ូលិសចរាចរខណ្ឌដឹកនាំដោយលោក ជា ខេមា អភិបាលរងខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះបានស្ទូចយករថយន្ត៣គ្រឿងចេញពីយានដ្ឋានមួយដែលចតនៅលើផ្លូវសាធារណៈឥតមានសណ្តាប់ធ្នាប់មករក្សាទុកនៅសាលាខណ្ឌ ព្រោះតែរឹងរូសមិនស្តាប់តាមការណែនាំរបស់ អាជ្ញាធរជាច្រើនលើកមកហើយ ។
លោក ជា ខេមា បានឱ្យដឹងថា សេចក្តីជូនដំណឹងចំនួន៤ដង ដោយមានការណែនាំថែមទៀតកុំឱ្យប្រជាពលរដ្ឋយកផ្លូវសាធារណៈ និងលុបបំបាត់ការយកចិញ្ចើមផ្លូវធ្វើជាអាជីវកម្ម សាលាខណ្ឌសែនសុខបានចាត់ឱ្យមន្ត្រីអាជ្ញាធរចុះណែនាំ និងយកលិខិតជូនដំណឹងប្រគល់ទៅឱ្យប្រជាពលរដ្ឋកុំឱ្យយកផ្លូវសាធារណៈធ្វើបែបនេះ ប៉ុន្តែមានប្រជាពលរដ្ឋខ្លះបានគោរពតាមសេចក្តីជូនដំណឹង និងការណែនាំរបស់មន្ត្រីអាជ្ញាធរ ដោយមិនយកផ្លូវសាធារណៈធ្វើអាជីវកម្មនោះទេ ។ លោកបន្តថា ប៉ុន្តែមានប្រជាពលរដ្ឋខ្លះនៅរឹងរូសមិនស្តាប់តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ជាពិសេសយានដ្ឋានមួយឈ្មោះ សេង ហុង ដែលមន្ត្រីអាជ្ញាធរបានណែនាំជាច្រើនដង បែរជានៅតែគឃ្លើនចតរថយន្តគ្មានសណ្តាប់ធ្នាប់ ដែលភ្ញៀវយកមកជួសជុល ទើបអាជ្ញាធរប្រើធម៌ក្តៅយករថយន្តស្ទូចទៅរក្សាទុកនៅសាលាខណ្ឌសែនសុខទុកជាការព្រមាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ