រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានវិធានការក្តៅជាការព្រមានទៅលើអាជ្ញាធរខណ្ឌទាំង៩ ដោយចាប់ពីពេលនេះតទៅសាលារាជធានីភ្នំពេញ នឹងធ្វើស្ថិតិមួយច្បាស់លាស់ពិនិត្យ បើខណ្ឌណាមួយមានចោរប្លន់ច្រើនជាងគេ នឹងមានវិធានការដាក់ពិន័យ ។ លោកអភិបាលរាជធានីភ្នំពេញ ដាក់វិធានការបែបនេះក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលសាលាខណ្ឌដង្កោថ្មី នាព្រឹកថ្ងៃទី២៦ កញ្ញា ២០១២ ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ តំណាងអាជ្ញាធរគ្រប់ខណ្ឌ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកកែប ជុតិមា បានមានប្រសាសន៍ថា ពេលនេះអាជ្ញាធរគ្រប់ខណ្ឌ គឺសុទ្ធតែគណបក្សប្រជាជនកម្ពុជាមិនត្រូវឆ្លើយដាក់បក្សណានោះទេ ត្រូវតែទទួលខុសត្រូវ ។ ដូចយើងដឹងស្រាប់ហើយថា នៅរាជធានីភ្នំពេញ បច្ចុប្បន្ននេះគណបក្សប្រជាជន គឺជាបក្សកាន់អំណាចដែលប្រជាពលរដ្ឋមានការជឿជាក់ពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូច្នេះយើងជាអាជ្ញាធរមិនត្រូវធ្វើឱ្យប្រជាពលរដ្ឋណាម្នាក់មានការថ្នាំងថ្នាក់ ឬអស់សេចក្តីទុកចិត្តនោះទេ ហើយអ្វីដែលចាំបាច់ក្រៅពីការអភិវឌ្ឍទៀតនោះ គឺបញ្ហាសន្តិសុខនេះតែម្តង ដែលជាបញ្ហាសំខាន់បំផុត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ