ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៦ កញ្ញា ២០១២ សាលាដំបូងខេត្តបានប្រកាសសាលក្រមផ្តន្ទាទោសអតីតចៅក្រមហួត ហ៊ាង និងក្រឡាបញ្ជីលោក លឹម កុម្ភៈ ឱ្យជាប់ពន្ធនាគារម្នាក់២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងសមគំនិតប្រព្រឹត្តអំពើពុករលួយ ។
ការប្រកាសសាលក្រមនេះបានធ្វើឡើងជាសាធារណៈចំពោះមុខជនជាប់ចោទអតីតចៅក្រមសាលាដំបូងខេត្ត លោកហួត ហ៊ាង ចំណែកក្រឡាបញ្ជីលោកលឹម កុម្ភៈ ដែលបានរត់គេចខ្លួនបាត់ គឺប្រកាសកាត់ទោសកំបាំងមុខ បន្ទាប់ពីធ្វើការជំនុំជម្រះកាលពីព្រឹកថ្ងៃទី២១ កញ្ញា ២០១២ កន្លងមក ដោយមានចៅក្រមលោកលឹម សុគន្ថា ជាប្រធានក្រុមជំនុំជម្រះ និងចៅក្រមលោកធ្ធាំ ប៊ុណា និងលោកឆែ វឌ្ឍនៈ ។ លោកលឹម សុគន្ថា បានប្រកាសសាលក្រមផ្តន្ទាទោសអតីតចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោកហួត ហ៊ាង អាយុ៤២ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ប៉ុន្តែត្រូវព្យួរទោសមួយឆ្នាំគិតត្រឹមពីថ្ងៃចាប់ខ្លួន គឺថ្ងៃទី២១ មករា ២០១២ ។ ចំណែកអតីតក្រឡាបញ្ជីលោកលឹម កុម្ភៈ ដែលរត់គេចខ្លួនបាត់ក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំដែរ គឺគិតត្រឹមពីថ្ងៃចាប់ខ្លួនបាន ។
តាមច្បាប់ជនជាប់ចោទដែលប្រព្រឹត្តអំពើពុករលួយត្រូវមានទោសជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ ប៉ុន្តែដោយយោងទៅលើមាត្រាមួយចំនួនតាមការសាកសួរ និងស៊ើបអង្កេតដែលជនជាប់ចោទបានឆ្លើយសារភាពពីទោសកំហុស និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយក៏ដូចជា ជាមួយតុលាការ ហើយពីមុនមកមិនដែលមានរឿងអាស្រូវពាក់ព័ន្ធនឹងទង្វើខុសច្បាប់ ក៏ដូចជាធ្លាប់បម្រើការងារជាមន្ត្រីរាជការច្រើនឆ្នាំមកហើយនោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ