រាជធានីភ្នំពេញ ៖ លោកឈួន ឆាម អគ្គលេខាធិការរងក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលថ្លែងថា កន្លងមកដ៏ដូចជាបច្ចុប្បន្ននេះដែរ ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ អនុវត្តការងារតាមគំនិតច្នៃប្រឌិតរៀងៗខ្លួន ដោយពុំមានស្តង់ដា ឬការឯកភាពជាតិនោះទេ ។ ដូច្នេះហើយទើបបច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការឱ្យទទួលយកប្រព័ន្ធការងារមួយដែលមានស្តង់ដាថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការនៅថ្ងៃអនាគត ហើយលោកង៉ោ ហុងលី អគ្គលេខាធិការក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលបានដឹកនាំមន្ត្រីក្រោមឱវាទទទួលជួបគណៈប្រតិភូក្រសួងរដ្ឋបាលនៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ កញ្ញា ដើម្បីពិភាក្សាលើបញ្ហាបណ្តុះបណ្តាលមន្ត្រីរាជការកម្ពុជា ។
លោកឈួន ឆាម បានបន្តថា កិច្ចពិភាក្សានេះបានផ្តោតទៅលើគម្រោងសិក្សាបឋមលើការបណ្តុះបណ្តាលនៅតាមក្រសួងចំនួន១២ ដោយបានអនុវត្តតាំងពីខែសីហា កន្លងមក បូកនឹងអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលមួយផងដែរ ដើម្បីប្រមើលមើលអំពីតម្រូវការរបស់ក្រសួង ស្ថាប័ន នីមួយៗថាតើមានតម្រូវការអ្វីខ្លះ ហើយតម្រូវការអ្វីខ្លះ ដែលមានលក្ខណៈដូចគ្នា ។
នៅក្នុងកិច្ចពិភាក្សានេះដែរ លោកង៉ោ ហុងលី បានជម្រាបជូនគណៈប្រតិភូថា កំណែទម្រង់របស់រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្តោតលើមុខព្រួញ៣ធំៗ គឺទី១- សេវាសាធារណៈដែលត្រូវគិតគូរដល់ការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ។ ទី២- ច្រកចេញតែមួយ និងទី៣- យន្តការទីភ្នាក់ងារប្រតិបត្តិការពិសេស ។ ឥឡូវនេះកំណែទម្រង់កំពុងតែត្រៀមលក្ខណៈដាក់ចូលឆ្លងគណៈរដ្ឋមន្ត្រីនូវស្តង់ដាសេវាសាធារណៈដែលមាន៥ចំណុច គឺទី១- ការចូលយកសេវា ទី២- ការឆ្លើយតបថា តើសេវានោះឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឬទេ ទី៣- ប្រសិទ្ធភាព ប្រសិទ្ធផលថាតើសេវានេះមានប្រសិទ្ធភាព ប្រសិទ្ធផលឬទេ ទី៤- អភិបាលកិច្ចល្អ និងទី៥- ការបង្កើតឱ្យមានយន្តការផ្តល់ព័ត៌មានត្រឡប់ពីអ្នកដែលទទួលសេវាសាធារណៈនោះវិញ៕
ចែករំលែកព័តមាននេះ