រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ រួមជាមួយសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១២ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសារ រស់នៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ពិធីនេះបានរៀបចំឡើងនៅវត្តញាណរង្សី ស្ថិតក្នុងសង្កាត់ទួលសង្កែ ដោយមានការនិមន្ត និងអញ្ជើញចូលរួមចែកដោយផ្ទាល់ពីសំណាក់ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការវត្តញាណរង្សី និងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ព្រមទាំងព្រះសង្ឃ និងសមាជិកសមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវជាច្រើនរូបទៀត ។
អំណោយដែលនាំយកទៅចែកជូនឱកាសនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងវត្ថុប្រើប្រាស់សរុបចំនួន២៥មុខ ព្រមទាំងថវិកា៥ម៉ឺនរៀល ។ អំណោយទាំងនេះជារបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ។ ដោយឡែក សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បានជួយឧបត្ថម្ភក្នុងមួយគ្រួសារៗថវិកា៥ម៉ឺនរៀល អង្ករ២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
លោកជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា កន្លងមកអនុសាខាកាកបាទក្រហមខណ្ឌប្ញស្សីកែវ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ ហើយណែនាំដល់មន្ត្រីកាកបាទក្រហមសង្កាត់ឱ្យចុះស្រាវជ្រាវរកប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគអេដស៍ ដើម្បីនាំយកអំណោយមកចែកជូនជាបន្តបន្ទាប់ដោយមានការចូលរួមជាមួយព្រះតេគុណសុវណ្ណជោតិ ខឹមសម្បត្តិ ។
លោក ជា ពិសី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រោះថ្នាក់ផ្សេងៗ ហើយតែងណែនាំដល់មន្ត្រីកាកបាទក្រហមថ្នាក់មូលដ្ឋានចុះដល់លំនៅឋានសាកសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។
ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា មានថេរដីកាឱ្យដឹងថា អំណោយដែលបាននាំយកមកចែកជូនដល់ញាតិញោមនេះជារបស់ព្រះអង្គ ហើយនាំមកចែកជូនដល់គ្រួសារមានជីវភាពខ្វះខាត និងគ្រួសារផ្ទុកមេរោគអេដស៍ ជាការចូលរួមផ្នែកមនុស្សធម៌ ។ព្រះតេជគុណមានថេរដីកាទៀតថា អ្វីទាំងអស់ដែលមាននៅថ្ងៃនេះដោយសារសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិពីរបបប៉ុលពត និងបង្កើតឱ្យមានព្រះពុទ្ធសាសនា ហើយមានអ្វីៗទាំងអស់នៅពេលនេះ ។
ទីណាមានការលំបាក ជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ។ អំណោយទាំងនេះទោះបីតិចក្តី ច្រើនក្តី ជាការចូលរួមជួយចែករំលែក និងសម្រួលការលំបាករបស់ញាតិញោម និងម្យ៉ាងទៀតបញ្ជាក់ពីការយកចិត្តទុកដាក់របស់កាកបាទក្រហម និងថ្នាក់ដឹកនាំផងដែរ៕
ចែករំលែកព័តមាននេះ