រាជធានីភ្នំពេញ ៖ ដើម្បីតបស្នងដល់អតិថិជនជាប្រជាកសិករខ្មែរដែលនិយមគាំទ្រក្នុងការទិញផលិតផលគ្រឿងចក្រកសិកម្មម៉ាកគូបូតាយកទៅប្រើប្រាស់ដូចជា ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនច្រូតស្រូវ ត្រាក់ទ័រ និងអេស្កាវ៉ាទ័រផងនោះ ក្រុមហ៊ុនស្យាមគូបូតា ខបភើរ៉េសិនចំកាត់ បានរៀបចំរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្តល់ជូនដល់អតិថិជនវិញតាមរយៈការផ្តល់សន្លឹកឆ្នោតជូនអតិថិជនទាំងឡាយណាដែលបានទិញផលិតផលគូបូតាដើម្បីផ្សងសំណាងនៅក្នុងឱកាសចាប់ឆ្នោតដែលប្រព្រឹត្តធ្វើឡើងចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ ។
អ្នកតំណាងខាងក្រុមហ៊ុន បាននិយាយថា អតិថិជនដែលបានទិញផលិតផលគូបូតាមានដូចជា ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនច្រូតស្រូវ ត្រាក់ទ័រ ឬអេស្កាវ៉ាទ័រ ដែលជាផលិតផលបច្ចេកវិទ្យារបស់ប្រទេសជប៉ុននោះ ក្រុមហ៊ុននឹងប្រគល់ជូនសន្លឹកឆ្នោតមួយសន្លឹកដើម្បីបំពេញលក្ខខណ្ឌសម្រាប់ចូលរួមផ្សងសំណាងចាប់ឆ្នោតក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។ រង្វាន់ទាំងនោះមានម៉ូតូហុងដាឌ្រីមសេ១២៥ និងទូរទស្សន៍អិលស៊ីឌី ៣២អីុញ ចំនួន១៤០រង្វាន់ មានតម្លៃសរុបចំនួន៥០០លានរៀល ។ នៅថ្ងៃទី១៥ ធ្នូ ខាងមុខនេះនឹងផុតថ្ងៃកំណត់នៃការទទួលយកសន្លឹកឆ្នោតនេះហើយ ហើយនៅថ្ងៃទី២៧ កញ្ញា នឹងមានការចាប់ឆ្នោតយករង្វាន់ធំនៅខេត្តតាកែវ ។
អ្នកតំណាងក្រុមហ៊ុនបានបញ្ជាក់ថា ពិធីចាប់ឆ្នោតក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅតាមបណ្តាខេត្តនានាបានប្រព្រឹត្តធ្វើឡើងជាបន្តបន្ទាប់រួចមកហើយ ។ ជាក់ស្តែងដូចជា កាលពីថ្ងៃទី១៨ កញ្ញា កន្លងមកនោះ មានការចាប់ឆ្នោតក្នុងកម្មវិធីប្រគំតន្ត្រីនៅខេត្តបាត់ដំបង ដែលពេលនោះមានអតិថិជនជាកសិករមកពីបណ្តាខេត្តនានាចូលរួមដូចជា បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំងប៉ៃលិន និងឧត្តរមានជ័យ ។ ថ្ងៃទី២០ កញ្ញា ចាប់ឆ្នោតក្នុងកម្មវិធីប្រគំតន្ត្រីនៅខេត្តសៀមរាប មានអតិថិជនជាកសិករចូលរួមមកពីខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ និងព្រះវិហារ ។ ថ្ងៃទី២២ កញ្ញា ចាប់ឆ្នោតក្នុងកម្មវិធីប្រគំតន្ត្រីនៅខេត្តកំពង់ចាម មានអតិថិជនគូបូតា ជាកសិករចូលរួមមកពីខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង និងស្វាយរៀង ។
ពិធីចាប់ឆ្នោតក្នុងកម្មវិធីប្រគំតន្ត្រីទីមួយមានប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់បានចូលរួមទស្សនាកម្សាន្តសប្បាយ និងមានការប្រគល់រង្វាន់ជាម៉ូតូចំនួន៨គ្រឿង និងទូរទស្សន៍ចំនួន១៥គ្រឿងទៀត សរុបទាំង៣កន្លែងគឺមានម៉ូតូចំនួន២៤គ្រឿង និងទូរទស្សន៍ចំនួន៤៥គ្រឿង ត្រូវបានប្រគល់ជូនដល់ដៃកសិករដែលជាអតិថិជននិយមគាំទ្រទិញផលិតផលគូបូតាយកទៅប្រើប្រាស់ ។ ចំពោះអតិថិជនដែលមិនទាន់មានសំណាងបានឈ្នះរង្វាន់ពីក្រុមហ៊ុន ពួកគេនឹងមានសំណាងនៅពេលក្រោយទៀតនៅក្នុងពិធីចាប់ឆ្នោតក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរនៅស្ថានីយទូរទស្សន៍ CTN នាដំណាច់ឆ្នាំខាងមុខនេះ ៕
ចែករំលែកព័តមាននេះ