រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីត្រូវមិត្តភក្តិជនជាតិកូរ៉េដូចគ្នាយកកូនកាំបិតចិតបន្លែចាក់មួយកាំបិតចំពោះ ខណៈមានទំនាស់គ្នាពេលត្រឡប់មកពីផឹកស៊ីកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កញ្ញា ២០១២ ស្ថិតក្នុងបុរីសុភមង្គល ចំណុចផ្ទះលេខ៣C ភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ជនដៃដល់ឈ្មោះហាំ ចាងជូ ភេទប្រុស អាយុ៥៧ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះអូ ហាតេក អាយុ៥៥ឆ្នាំ អ្នកទាំង២នាក់ជាជនជាតិកូរ៉េ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ។ ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះ និងមិត្តភក្តិ៦នាក់ ស្រី៣នាក់ ប្រុស៣នាក់ ដោយមានជនល្មើសម្នាក់ផង បាននាំគ្នាទៅផឹកស៊ីរាំលេងនៅក្លិបកម្សាន្តមួយ លុះចេញមកវិញក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ តែនារីម្នាក់ក្នុងចំណោមនោះមិនបានទៅជាមួយទេ ដោយទៅតែ៥នាក់ប៉ុណ្ណោះ ជិះរ៉ឺម៉កម៉ូតូ ។ ពេលធ្វើដំណើរតាមផ្លូវ ស្រាប់តែបុរសជនដៃដល់បានឱ្យមិត្តស្រីរបស់ខ្លួនចុះពីលើរ៉ឺម៉កម៉ូតូ ឃើញបែបនេះបុរសរងគ្រោះក៏បានប្រាប់ថា យប់ជ្រៅទៅហើយ ហេតុអីមិនយកនាងទៅដេកផ្ទះជាមួយ ហើយក៏កើតជាជម្លោះវាយតប់គ្នានៅលើរ៉ឺម៉កម៉ូតូ លុះមកដល់ផ្ទះជនដៃដល់ក៏ចូលទៅយកកូនកាំបិតចាក់បុរសរងគ្រោះតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ