ខេត្តព្រៃវែង ៖ យុវជនម្នាក់ឈ្មោះយ៉ុង សិត អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ចោទពីបទប្រព្រឹត្តអំពើចោរកម្ម ។ ការឃាត់ខ្លួននេះធ្វើឡើេងកាលពីថ្ងៃទី២១ កញ្ញា នៅនឹងផ្ទះរបស់យុវជនជាប់ចោទ បន្ទាប់ពីសមត្ថកិច្ចរកឃើញវត្ថុតាងដែលយុវជនរូបនេះ បានលួចពីផ្ទះជនរងគ្រោះឈ្មោះពៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិទី៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង កាលពីយប់ថ្ងៃទី១៧ កញ្ញា កន្លងទៅ ។
លោកវរសេនីយ៍ត្រី ចាន់ ណារិទ្ធ អធិការនគរបាលក្រុងព្រៃវែងឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ កញ្ញា ជនរងគ្រោះឈ្មោះពៅ ស៊ីណា បានដាក់ពាក្យបណ្តឹងថា មានចោរចូលផ្ទះរបស់គាត់លួចយកអស់ កង់ចំនួន១គ្រឿង ម៉ាញ៉េ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង នាយប់ថ្ងៃទី១៧ ។ ដោយមានដាក់ពាក្យបណ្តឹងបែបនេះ លោកក៏បានចាត់កម្លាំងចុះស្រាវជ្រាវនៅក្នុងមូលដ្ឋានកើតហេតុចំនួន២ថ្ងៃ និងកំណត់មុខសញ្ញាបាន ហើយនៅព្រឹកថ្ងៃទី២១ កញ្ញា ទើបសមត្ថកិច្ចឈានទៅដល់ការចាប់ខ្លួនយុវជនជាប់សង្ស័យនៅនឹងផ្ទះតែម្តង ដោយដកហូតបានកង់១គ្រឿងដែលលួចបានពីផ្ទះជនរងគ្រោះ ។
ក្រោយពីត្រូវចាប់ខ្លួនបាន នៅចំពោះមុខសមត្ថកិច្ច យុវជនយ៉ុង សិត ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនរងគ្រោះប្រាកដមែន ដោយម៉ាញ៉េ និងទូរស័ព្ទដែលលួចបាននោះ ខ្លួនយកទៅលក់យកលុយចាយអស់ទៅហើយ ។ លោកអធិការបញ្ជាក់ថា ដោយយោងទៅលើវត្ថុតាងដែលរកឃើញ និងចម្លើយសារភាព សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២២ កញ្ញា ៕
ចែករំលែកព័តមាននេះ