ខេត្តកណ្តាល ៖ ដោយមើលឃើញនូវការលំបាកក្នុងការសិក្សារបស់កុមារា កុមារី ដែលកំពុងរស់នៅក្នុងភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២៤ កញ្ញា លោកម៉ក់ ពេជ្ជរិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអគ្គនាយកកាំកុងត្រូលបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងសាលាបឋមសិក្សាមួយខ្នងមាន៦បន្ទប់ដើម្បីជាប្រយោជន៍សាធារណៈ និងកាត់បន្ថយការលំបាករបស់កុមារា កុមារីជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកម៉ក់ ពេជ្ជរិទ្ធ មានប្រសាសន៍ថា សាលារៀនមួយខ្នងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់គិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ លោកអគ្គនាយកបានលើកឡើងថា បើគិតតាមភូមិសាស្ត្រភូមិកោះតេជោនេះគឺមានការលំបាកណាស់ ព្រោះវាជាកោះមួយស្ថិតនៅកណ្តាលទន្លេមេគង្គ ដែលប្រជាពលរដ្ឋជួបការលំបាកទាំងក្នុងការធ្វើដំណើរ និងរាល់ការទំនាក់ទំនងនានា ។
ដូច្នេះហើយបានជាសម្តេច និងលោកជំទាវយកចិត្តទុកដាក់គិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានផ្តល់ជាអំណោយបន្តបន្ទាប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះ ។ លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាជួយកសាងនូវសមិទ្ធផលទាំងឡាយក្នុងភូមិកោះតេជោនេះ ធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋជួបការលំបាក ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ដរាបណានៅមានសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត និងគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស នោះអ្វីជាការលំបាករបស់ប្រជាពលរដ្ឋនឹងត្រូវកាត់បន្ថយ ហើយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ប្រជាពលរដ្ឋភូមិកោះតេជោ ឃុំគគីរធំ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងលោកជំទាវ ដែលផ្តល់ជាអំណោយដ៏ថ្លៃថ្លានូវសាលារៀនមួយខ្នងក្នុងពេលដែលប្រជាពលរដ្ឋជួបការលំបាក ។
ប្រជាពលរដ្ឋទាំងអស់បានប្រសិទ្ធពរ និងជូនពរសម្តេចតេជោ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និងសុំឱ្យជួបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ទន្ទឹមនេះ ប្រជាពលរដ្ឋទូទាំងភូមិកោះតេជោទាំងអស់បានប្តេជ្ញាថានឹងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត៕
ចែករំលែកព័តមាននេះ