រាជធានីភ្នំពេញ ៖ ក្រុមចោរគាស់ផ្ទះនិងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញចំនួន៣នាក់ ត្រូវនគរបាលសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញា ព្រមទាំងដកហូតម៉ូតូជនរងគ្រោះ១គ្រឿងបានមកវិញផងដែរ ។
ជនដែលសមត្ថកិច្ចឃាត់ខ្លួននេះមាន១-ឈ្មោះវ៉ា សាលី ហៅគក់ អាយុ១៨ឆ្នាំ ជាអតីតសន្តិសុខឯកជន ២-ឈ្មោះគង់ សុភា ហៅចយ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាកម្មករសំណង់ (ឈ្មោះនេះធ្លាប់ជាប់ពន្ធនាគារ៨ខែ ពីបទចោរកម្មទើបនឹងចេញ) និង៣-ឈ្មោះកែវ សៀ អាយុ២៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ ។
ចំពោះការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះ ត្រូវបានលោកអនុសេនីយ៍ទោប៉ាត សំណាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹតឲ្យដឹងថា យោងតាមចម្លើយរបស់ជនសង្ស័យឈ្មោះគង់ សុភា ហៅចយ នៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៣ កញ្ញា គេបានចាកចេញពីផ្ទះជួលនៅសង្កាត់បឹងទំពុនណាត់ជួបឈ្មោះកែវ សៀ និងឈ្មោះវ៉ា សាលី នៅមុខផ្ទះសំណាក់សុខា តាមបណ្តោយផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ពេលជួបហើយក៏នាំគ្នាផឹកស្រាថ្នាំអស់១ដបអស់ជាង១០.០០០រៀល រួចកើតគំនិតបបួលគ្នាដើរលួចដើម្បីយកប្រាក់ផឹកទៀត ។
លោកប៉ាត សំណាត បានឲ្យដឹងតាមចម្លើយជនសង្ស័យទៀតថា ដំបូងពួកគេដើរពីម្តុំផ្សារអូឡាំពិក ទៅដល់មុខអតីតរោងភាពយន្តគិរីរម្យ រកមើលផ្ទះប្រជាពលរដ្ឋណា ដែលចូលដេកប្រហែសអាចចូលធ្វើសកម្មភាពលួចបាន តែគ្មានឱកាសសោះ។ ពួកគេបានបន្តដំណើរទៅមុខទៀតដោយប្តេជ្ញាថា នឹងឡើងឬគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋណាមួយឲ្យខាងតែបាន បើមិនដូច្នោះទេគ្មានលុយទិញស្រាផឹកទៀតឡើយ។
ពេលធ្វើដំណើរតាមផ្លូវលេខ២៣២ ចូលទឹកដីសង្កាត់បឹងព្រលឹត ឃើញផ្ទះលេខ៥A ដាក់ម៉ូតូ២គ្រឿងមុខផ្ទះតែចាក់សោរបង ឯម្ចាស់សម្រាន្តលង់លក់ខាងក្នុង ពេលនោះឈ្មោះវ៉ា សាលី ហៅគក់ ដែលធ្លាប់ធ្វើជាសន្តិសុខមានជំនាញជាងគេ បានយកដែកទួរណឺវីសឆ្កឹះសោទ្វារចូលលួចយកម៉ូតូ២គ្រឿង គឺគុបជ្រុងនិងវីវ៉ា ប៉ុន្តែនៅពេលនោះយកបាន១តែគ្រឿងទេម៉ាកវីវ៉ា ឯ១គ្រឿងទៀតជាប់សោ.កយកអត់បាន។ ពេលលួចម៉ូតូនោះបានហើយ ពួកគេយកទៅលាក់នៅខាងក្រោយការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដែលមានទីតាំងបណ្តោះអាសន្នថ្មីជាប់ផ្នែកលូទឹកកាច់ជ្រុងមុខវត្តមហាមន្រ្តី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានម្នាក់នៅចាំម៉ូតូ ហើយ២នាក់ចេញដើរទៅរកម៉ូយលក់ ។
លោកនាយប៉ុស្តិ៍នគរបាលបឹងព្រលឹតបានឲ្យដឹងទៀតថា ខណៈពេលនោះមានប្រជាពលរដ្ឋមករាយការណ៍ថាឃើញមនុស្សម្នាក់គួរឱ្យសង្ស័យ និងម៉ូតូ១គ្រឿងនៅខាងក្រោយការិយាល័យនគរបាលចរាចរជើងគោក លោកក៏ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចេញទៅជាបន្ទាន់ ព្រោះសង្ស័យជាចោរ លុះពេលទៅដល់ឃាត់ខ្លួនគឺពិតជាចោរមែនទើបនាំទៅកាន់ស្នាក់ការប៉ុស្តិ៍ ។ ពេលនោះឈ្មោះវ៉ា សាលី បានសារភាពថា គេនៅមានបក្សពួក២នាក់ទៀត ដែលកំពុងទៅរកម៉ូយលក់ម៉ូតូលួចបាននេះ ។ ក្រោយពីបានចម្លើយនេះភ្លាម លោកក៏នាំជនសង្ស័យទៅតាមចាប់គូកនបាន២នាក់ទៀតនៅវេលាទៀបភ្លឺថ្ងៃដដែល។ ក្រោយពីចាប់បានទាំង៣នាក់ហើយ ទើបសួររកទីតាំងដែលពួកគេធ្វើសកម្មភាពនោះ ដើម្បីស្រាវជ្រាវរកម្ចាស់ឲ្យមកទទួលយកម៉ូតូវិញ និងបង្ហាញពីផ្លូវច្បាប់ឲ្យដាក់ពាក្យបណ្តឹងសម្រាប់ដាក់បន្ទុកលើជនត្រូវចោទ ។
ការពិតទៅម្ចាស់ម៉ូតូអត់បានដឹងថា សមត្ថកិច្ចចាប់បានចោរគាស់ផ្ទះឡើយ ហើយបើកុំតែចោរសារភាពក៏ពិបាកស្វែងរកម្ចាស់ដែរ។ បន្ទាប់ពីបានធ្វើកិច្ចការងារចប់សព្វគ្រប់ នគរបាលប៉ុស្តិ៍បឹងព្រលឹតបានប្រគល់ជនសង្ស័យទាំង៣នាក់ឲ្យទៅផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ