រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន(AIPA)លើកទី៣៣នៅទីក្រុងលំប៊ុកនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនទៀត។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូរបស់ប្រទេសអាស៊ានទាំង១០បានថ្លែងការណ៍ពីគោលជំហររបស់ខ្លួន ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៣ បានប្រារព្ធធ្វើចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ កញ្ញា ។ ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី២២ កញ្ញា បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហាសន្និបាតលើកទី៣៣នេះ លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន បានមានប្រសាសន៍ថា គណៈកម្មការប្រតិបត្តិដឹកនាំដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន លោកជាម យៀប ប្រធានក្រុមជាតិ AIPA និងលោកប៉ែន បញ្ញា សមាជិកគណៈកម្មការប្រតិបត្តិ។ ក្នុងកិច្ចប្រជុំនេះប្រទេសដែលជាសមាសជិកAIPA ក៏ដូចជាប្រទេសជាអ្នកសង្កេតការណ៍បានសម្តែងការកោតសរសើរនិងលើកយកចំណុចសំខាន់របស់កម្ពុជា ដែលសម្រេចបាន រួមមានសមិទ្ធផលធំៗជាច្រើននៅពេលកម្ពុជាជាប្រធានAIPA ក្នុងការអនុវត្តគោលដៅផ្សេងៗនៅថ្ងៃខាងមុខក៏ដូចពេលកន្លងមក ។
លោកឈាង វុន បន្តថា ប្រជុំមហាសន្និបាតAIPAលើកទី៣៣ កម្ពុជាបានចូលរួម និងសម្រេចបានដូចជា គណៈកម្មាធិការស្រ្តី គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច និងគណៈកម្មាធិការរៀបចំ។ គណៈកម្មាធិការស្ត្រី បានចាប់ផ្តើមមុនដំបូងនិងបានចេញសេចក្តីសម្រេចចំនួនបីគឺ ទី១- ស្តីពីការគាំទ្ររដ្ឋជាសមាជិកអាស៊ានក្នុងពង្រឹងការសហការ និងអនុវត្តនូវផែនទីបង្ហាញផ្លូវគោលដៅ អភិវឌ្ឍន៍សហស្សវត្សក្នុងការកាត់បន្ថយនូវគម្លាតអភិវឌ្ឍន៍ក្នុងចំណោមរដ្ឋជាសមាជិក ទី២-ស្តីពីតួនាទីសមាជិកសភាស្ត្រីក្នុងការជំរុញនូវនយោបាយនិយមស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការអប់រំ និងទី៣-ស្តីពីការជំរុញនូវការកសាងសមត្ថភាព ដោយធ្វើការបណ្តុះបណ្តាលជំនាញដល់ស្រ្តី ។
លោកឈាង វុន បន្តទៀតថា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយវិញមានទី១-ស្តីពីការលើកទឹកចិត្តរដ្ឋជាសមាជិកអាស៊ានក្នុងការជំរុញការយល់ដឹងជាសាធារណៈឲ្យបានសកម្ម និងផ្សព្វផ្សាយអំពីការចូលរួមរបស់ប្រជាពលរដ្ឋឲ្យមានភាពខ្លាំងក្លា រួមទាំងសង្គមស៊ីវិលក្នុងការកសាងសហគមន៍អាស៊ាន ។ ទី២-ស្តីពីការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងទី៣-របាយការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី២០។ លោកបញ្ជាក់ថា ចំណែកឯសេចក្តីសម្រេចរបស់គណៈកម្មាធិការសេដ្ឋកិច្ចមានទី១-ជំរុញឲ្យមានការប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រឆាំងនឹងការជួញដូរប្រាក់ខុសច្បាប់។ ទី២-ការបង្កើតសេដ្ឋកិច្ចបៃតងក្នុងបរិបទការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទី៣-ការអនុម័តផែនការយុទ្ធសាស្ត្រសម្រាប់លុបបំបាត់ភាពក្រីក្រ និងក្របខណ្ឌវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងទី៤ -ការធានាឲ្យបានប្រសើរនូវបច្ចេកវិទ្យាទីផ្សារ និងហិរញ្ញប្បទានជំនាញ រួមមានកម្មវិធីមូលនិធិអន្តរជាតិ តាមរយៈថ្នាក់ជាតិសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ។
គណៈកម្មាធិការសង្គមកិច្ចបានចេញសេចក្តី សម្រេចរួមមាន៖ ទី១-បង្កើនការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមពីសាធារណជនក្នុងកម្មវិធីពាក់ព័ន្ធនឹងការកាត់បន្ថយគ្រោះមហន្តរាយ និងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការជំរុញសហគមន៍ឲ្យមានភាពខ្លាំងក្លាទៅនឹងគ្រោះមហន្តរាយ ។ ទី២-ការលើកកម្ពស់់ការអភិវឌ្ឍនិងការផ្ទេរសារធាតុកាបោនឲ្យនៅក្នុងកម្រិតទាប ព្រមទាំងការស្រាវជ្រាវអំពីបច្ចេកវិជ្ជាបរិស្ថាន ។
លោកបានបញ្ជាក់ទៀតថា ចំពោះគណៈកម្មាធិការរៀបចំវិញមានសេចក្តីសម្រេចមួយចំនួនដូចជា ធ្វើរបាយការណ៍សារពើភណ្ឌ ប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានAIPA របាយការណ៍ហិរញ្ញវត្ថុប្រចំាឆ្នាំ បង្កើតក្រុមការងារបច្ចេកទេស បង្កើតកិច្ចសហប្រតិបត្តិការរវាងAIPA និងមូលនិធិអាស៊ានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសភា PAN African កាលបរិច្ឆេទ និងទីកន្លែងសម្រាប់រៀបចំមហាសន្និបាតAIPA លើកទី៣៤ ក្រុមពិភាក្សាជាមួយប្រទេសអ្នកសង្កេតការណ៍របស់AIPA។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រធានAIPA លើកទី៣២ និងប្រទេសឥណ្ឌូណេស៊ី ជាប្រធានAIPA លើកទី៣៣ ហើយបន្តពីប្រទេសឥណ្ឌូណេស៊ី គឺប្រទេសប៊្រុយណេ ជាប្រធានAIPA លើកទី៣៤ ដែលកំណត់តាមអក្ខរក្រម ៕
ចែករំលែកព័តមាននេះ