ខេត្តកំពង់ឆ្នាំង ៖ ករណីប្លន់កាណូតដឹកត្រីដែលទាក់ទិននឹងជនជាតិវៀតណាម កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កញ្ញានៅភូមិឫស្សីដង្កួច ឃុំជលសា ស្រុកជលគិរី កន្លងទៅនេះ ត្រូវបានមន្រ្តីប៉ូលិសដែលខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសខាងបាននិយាយថា មុនពេលឈានដល់មានករណីប្លន់កាណូតដឹកត្រីនេះគឺផ្ដើមចេញពីរឿងគំនុំសុទ្ធសាធ ។
លោកជឹម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលថ្លែងថា ក្រោយពីមានករណីប្លន់កាណូតដឹកត្រីហើយរហូតដល់ជនសង្ស័យបាញ់ច្រឡំគ្នាឯង បណ្ដាលឱ្យស្លាប់ម្នាក់ និងព្យាយាមបើកកាណូតដឹកត្រីនោះដឹកសាក ។សពជនសង្ស័យនោះទៅទុកចោលដល់ស្រុកពញាឮ ខេត្តកណ្ដាលនោះ លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្តបាន ចេញបញ្ជាឱ្យរូបគាត់លោកស្រាវជ្រាវ និងទៅពិនិត្យសាកសពជនសង្ស័យដល់ស្រុកពញាឮ ។ បន្ទាប់ពីបានពិនិត្យ និងស្រាវជ្រាវបានដឹងថា រវាងជនរងគ្រោះ និងជនសង្ស័យ គឺជាមនុស្សស្គាល់គ្នានិងជាមានទំនាស់គ្នាពីរឿងដណ្ដើមកន្លែងគ្នាដាក់លបចាប់ត្រីរយៈកាលកន្លងមក ។ លោកបានបន្តថា ឈ្មោះញឿង ជនជាតិវៀតណាមបានមកមានប្រពន្ធសញ្ជាតិខ្មែរម្នាក់ឈ្មោះប្រាក់ គង់ នៅភូមិពាមឆ្កោក ស្រុកជលគិរី ហើយប្រកបរបរដាក់លប ប៉ុន្តែមួយរយៈចុងក្រោយនេះដោយសារតែឈ្មោះនេះចេញបាត់ពីភូមិមិនសូវនៅផ្ទះ ទើបឈ្មោះង្វៀន យ៉ាំងយុង អាយុ៣៣ឆ្នាំ ដែលមានមុខរបរទិញត្រីលក់នោះ ដណ្ដើមកន្លែងដាក់លបនោះដាក់វិញម្ដង ហើយក៏មានទំនាស់ជាមួយគ្នា តាំងពីពេលនោះមក ។
លោកជឹម ប៊ុនធឿនបានរំលឹកនៅថ្ងៃកើតហេតុនោះ ថា ខណៈដែលឈ្មោះ ង្វៀន យ៉ាំងយុង បើកកាណូតដឹកត្រីទៅលក់ដូវសព្វដង ជាមួយប្អូនប្រុសឈ្មោះង្វៀន យ៉ាំងម៉ក អាយុ១៩ឆ្នាំ នោះឈ្មោះ ញឿង និងឈ្មោះយុងម្នាក់បានបើកកាណូតចាំផ្លូវជាស្រេចនៅចំណុចព្រែកបំបែកចេញពីទន្លេចំណុចព្រៃសេះ ពេលកាណូតដឹកត្រីទៅដល់ឈ្មោះ យុង បានចាក់ឈ្មោះង្វៀន យ៉ាងយុង (ឈ្មោះ ដូចគ្នា) មួយច្បូកមុខ៤ពីក្រោយបណ្ដាលឱ្យមានរបួស ភ្លាមនោះក្រោយពីចាក់ត្រូវម្ចាស់កាណូតដឹកត្រីហើយជនសង្ស័យ បានបញ្ឆេះកាណូតប្រុងដេញតាមកាណូតដឹកត្រូនោះតែម្ចាស់កាណូតដឹកត្រីចិត្តសឿង ហើយមិននឹកស្មានថា គូទំនាស់មានកាំភ្លើងនោះទេ ក៏ បាន ស្រែកតបវិញថា «អ្ហែងមិនបាច់តាមអញទេ អញបើកត្រឡប់មកវិញឥឡូវហើយ!» ភ្លាមនោះម្ចាស់កាណូតដឹកត្រីបានបើកកាណូតបត់ត្រឡប់មកក្រោយមែន ហើយបានបើកកាណូតបំបុកកាណូតជនសង្ស័យតែម្ដង ប៉ុន្តេពេលបុកនោះឈ្មោះញឿង បានបាញ់មួយគ្រាប់ ប៉ុន្តែមិនត្រូវនរណាទេ ហើយគ្រាន់តែឮកាំភ្លើងបាញ់១គ្រាប់ ម្ចាស់កាណូតដឹកត្រីបានហក់ចុះទឹកទាំង២នាក់បងប្អូនដោយឡែក កាណូតជនសង្ស័យពេលកាណូតដឹកត្រីនោះបុកនោះបានលិចទឹកហើយឈ្មោះ យុង បានធ្លាក់ទឹកដែរ ប៉ុន្តែខណៈដែលកាណូតជនសង្ស័យមិនទាន់លិចទឹកទាំងស្រុងនោះឈ្មោះញឿងបានឃើញយុងដែលជាបក្ខពួករបស់ខ្លូនបានហែលប្រវាឡើងកាណូតដឹកត្រីចំកន្លែងដែលឈ្មោះង្វៀន យ៉ាំងយុង ម្ចាស់កាណូតដឹកត្រីអង្គុយបើកកាណូតនោះឈ្មោះ ញឿង ច្រឡំស្មានថាម្ចាស់កាណូតដឹកត្រីក៏បាញ់មួយគ្រាប់បណ្ដាលឱ្យរងរបួស ។ ក្រោយមកឈ្មោះ ញឿងបានដឹងថា បាញ់ច្រឡំគ្នាឯងហើយដោយតាមកាណូតខ្លួនឯងលិចចូលទឹកទៀត ក៏បើកកាណូតដឹកត្រីនោះបំណងយកអ្នករបួសទៅព្យាបាលតែដោយតាមផ្លូវជនសង្ស័យដែលរបួសនោះស្លាប់តាមផ្លូវក៏ដឹកទៅឱ្យក្រុមគ្រួសារអ្នករបួសនោះនៅព្រែកតាទែន ហើយគេចខ្លួនតែម្ដង ។ ចំណែកម្ចាស់កាណូតដឹកត្រីវិញ ក្រោយពីដឹងថា គូបក្ខដិបក្ខមានកាំភ្លើងបានហែលទឹកគេចពីកន្លែងកើតហេតុ ទៅឱ្យគេជួយតែម្ដង ។
នាយកការិយាល័យបានបន្តថា បើតាមរាយកាណ៍ពីម្ចាស់កាណូតដឹកត្រី បាននិយាយថា ក្រៅ ពីបាត់បង់ត្រី៤០០គីឡូក្រាមកាណូត១គ្រឿង និងសម្ភារមួយចំនួន នៅមានបាត់បង់ប្រាក់១លានរៀលទៀតដែលពេលនេះលោកក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ