ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលសមត្ថកិច្ចអះអាងថា ញៀនថ្នាំផងនោះ បានត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ កញ្ញា នៅផ្ទះជួលមួយកន្លែងក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីជននេះប្រើកាំបិតចំនួន២ភ្ជង់គំរាមសម្លាប់អតីតសង្សារ ព្រោះតែនាងមិនចែកប្រាក់ខ្លះឱ្យខ្លួនដែលជាកម្រៃលក់កូនតូចអាយុ២ខួប ជាចំណងដៃរួមគ្នាពេលរួមរស់ក្នុងនាមជាសង្សារអស់រយៈពេល៥ឆ្នាំ កន្លងមក ។
មន្ត្រីសមត្ថកិច្ចប្រាប់ថា ជននេះឈ្មោះប៉ែន ភត្រា អាយុ២៥ឆ្នាំ ជាបុគ្គលិកបម្រើតាមហាង ។ រីឯនារីរងគ្រោះជាអតីតសង្សារឈ្មោះពៅ សុភា អាយុ២៣ឆ្នាំ ធ្វើការក្នុងហាងខារ៉ាអូខេមួយក្នុងក្រុងបាត់ដំបង តែពួកគេជាអ្នករស់នៅភ្នំពេញដូចគ្នា ។ បុរសនេះត្រូវឃាត់ខ្លួនបន្ទាប់ពីបានវាយដំ និងប្រើកាំបិតប័ុងតោភ្ជង់ក រួចប្រើកូនកាំបិតស្នៀតភ្ជង់ពោះរកសម្លាប់នាងជាអតីតសង្សារ តែសំណាងល្អបានអ្នកនៅក្បែរនោះជួយរំដោះនាងចេញ ។ តាមការសាកសួរថា បុរសញៀនថ្នាំនេះខឹងអតីតសង្សាររបស់ខ្លួនយកកូនទៅលក់ឱ្យគេបាន៣០០ដុល្លារ ហើយមិនព្រមចែកប្រាក់មកខ្លួនខ្លះ ដែលកូនតូចអាយុ២ខួបនោះជាចំណងដៃរួមគ្នាកាលរួមរស់ជាមួយគ្នារយៈពេល៥ឆ្នាំក្នុងនាមជា «ប្តីប្រពន្ធហេងស៊យ»។
តាមការបំភ្លឺរបស់នារីរងគ្រោះឈ្មោះពៅ សុភា ថា នាង និងបុរសឈ្មោះភត្រា បានស្រឡាញ់ និងរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធអស់រយៈពេល៥ឆ្នាំមកហើយ តែក្នុងនាមជាសង្សារទេ ដោយបង្កើតបានកូនប្រុសម្នាក់មកដល់បច្ចុប្បន្នមានអាយុ២ខួប ។ ក្នុងការរស់នៅតែងមានរឿងរកាំ រកូសមិនឈប់ឈរដោយសារតែគាត់លួចមានស្រីថ្មីទៀត ។ រយៈពេល៤ខែមុននេះ ភត្រា បានចុះចោលនាងទៅសម្ងំសុខជាមួយនាងខារ៉ាអូខេម្នាក់ទៀតទុកឱ្យនាង និងកូនតូចរស់នៅយ៉ាងវេទនាបំផុត ជាមួយមុខរបរជាស្ត្រីបម្រើហាងខារ៉ាអូខេដែរ ។ នាងបញ្ជាក់ថា ដោយនាងគ្មានសមត្ថភាពចិញ្ចឹមកូនតូចនោះ ហើយមានគេសុំនាងក៏ឱ្យកូនប្រុសទៅមនុស្សម្នាក់យកទៅចិញ្ចឹមនៅឯខេត្តសៀមរាប ដោយគេឱ្យប្រាក់មកនាងចំនួន៣០០ដុល្លារ។
នាងសុភាបន្ថែមថា ពេលដឹងថា នាងយកកូនទៅឱ្យគេជាថ្នូរនឹងប្រាក់៣០០ដុល្លារ ស្រាប់តែនៅថ្ងៃទី២៣ កញ្ញា ឈ្មោះភត្រា បានមកសួរនាំនាងដល់បន្ទប់ជួល និងបានទាមទារប្រាក់នោះមួយចំនួន តែនាងមិនឱ្យក៏បានវាយបោកក្បាលនាងផ្ទប់ជញ្ជាំង រួចនាំនាងទៅកាន់ផ្ទះដែលប្តីហេងស៊យស្នាក់នៅជាមួយស្រីថ្មី ។ ពេលនាំនាងទៅដល់ បុរសញៀនថ្នាំរូបនេះបានវាយនាងទៀត រួចយកកាំបិតប័ុងតោភ្ជង់ក និងយកកូនកាំបិតស្នៀតភ្ជង់ពោះគំរាមសម្លាប់នាងទៀត តែគ្រានោះមានបុរសម្នាក់នៅក្បែរនោះចូលទៅជួយរំដោះនាងចេញពីបន្ទប់ ហើយនាងក៏បានរត់ទៅសម្ងំនៅក្បែរសារមន្ទីរខេត្ត ។ លុះមួយសន្ទុះក្រោយមកសមត្ថកិច្ចក៏មកដល់ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានចុះអន្តរាគមន៍ និងចូលឆែកឆេរវត្ថុតាងក្នុងបន្ទប់ជួល ព្រមទាំងឃាត់ខ្លួនជនសង្ស័យភ្លាមៗដែរ ។ ជនឈ្មោះប៉ែន ភត្រា និយាយថា ខ្លួន និងនាងសុភា មិនទាន់ជាប្តីប្រពន្ធស្របច្បាប់ទេ គ្រាន់តែជាសង្សារនៅឡើយ តែរស់នៅជាមួយគ្នារយៈពេល៥ឆ្នាំមានកូនប្រុសម្នាក់អាយុ២ខួប ។ ខ្លួនវាយដំនាងព្រោះតែខឹងនាងយកកូនប្រុសទៅលក់ឱ្យគេ ដែលកូននោះជាចំណងដៃបង្កើតរួមគ្នា ហើយបានបដិសេធថា មិនបានប្រើកាំបិតភ្ជង់គំរាមសម្លាប់នាងទេ ។ ជនឈ្មោះប៉ែន ភត្រា បញ្ជាក់ដែរថា ពេលនេះខ្លួនមានសង្សារថ្មី ដែលនឹងអាចរៀបការនៅពេលខាងមុខ ។
លោកអនុសេនីយ៍ឯក គឹម ពន្លក ដែលដឹកនាំកិច្ចប្រតិបត្តិការនេះបញ្ជាក់ដែរថា កម្លាំងរបស់លោកបានរកឃើញកាំបិតបុ័ងតោ និងកូនកាំបិតស្នៀតលាក់ទុកក្រោមពួក និងបានរកឃើញកញ្ចប់ថ្នាំញៀនដែលគេសង្ស័យថា ជននេះចាក់ចោលក្នុងបន្ទប់ទឹកមុនសមត្ថកិច្ចទៅដល់ ព្រមទាំងប្រទះឃើញសម្ភារសេពថ្នាំញៀនមួយចំនួនទៀតក្នុងបន្ទប់ដេក ។ ជននេះបានបង្ហាញពីចរិតដ៏ឃោរឃៅវាយដំ និងគំរាមសម្លាប់នាង និងប៉ុនប៉ងតបតជាមួយសមត្ថកិច្ចទៀតផង ។ ហេតុនេះទើបលោកស្នងការបញ្ជាឱ្យនាំខ្លួនមកកាន់ស្នងការរដ្ឋានខេត្តទាំងយប់ដើម្បីចាត់ការតាមច្បាប់ ។
ទោះជាយ៉ាងណា លោកមៀន ឡាយ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ភាគីខាងនារីរងគ្រោះបានសុំសម្រួលបញ្ចប់រឿងដោយមិនយកទោសពៃរ៍លើលោកប្តីហេងស៊យនេះទេ ហើយបុរសញៀនថ្នាំនេះយល់ព្រមបង់សំណងឱ្យនាងវិញចំនួន១០០ដុល្លារ ។ ប៉ុន្តែមតិនានាបានទស្សន៍ទាយទុកមុនថា ការសម្រួលនេះមិនអាចបញ្ចប់បានរហូតទេ រវាងនារីរងគ្រោះ និងបុរសញៀនថ្នាំនេះ ព្រោះជននេះអាចនឹងតាមព្យាបាទនាងនៅថ្ងៃក្រោយទៀត ដោយសារតែជាមនុស្សញៀនថ្នាំ និងមានចរិតឃោរឃៅណាស់ ៕
ចែករំលែកព័តមាននេះ