ខេត្តកណ្តាល ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយយុវជនមូលដ្ឋាននៅឃុំ២ គឺឃុំបែកចាន និងឃុំក្រាំងម្កាក់ កាលថ្ងៃទី២៣ កញ្ញា លោករស់ វណ្ណា អនុប្រធានទី១គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្រាំងម្កាក់ និងបែកចាន ស្រុកអង្គស្នួល និងលោកឆាយ ត្រលន់ អនុប្រធាន ក្រុមការងារ បានជំរុញឲ្យយុវជនក្នុងមូលដ្ឋានឃុំទាំង២ បង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមសកម្មភាពសង្គមឲ្យបានច្រើនដូចជាការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់,ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារអប់រំ បំផុសចលនាយុវជនដូចគ្នាឲ្យប្រព្រឹត្តអំពើ ល្អ ចូលរួមការងារផ្តល់ប្រយោជន៍ដល់សង្គមគ្រួសារ ប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិ។
លោក រស់ វណ្ណា បញ្ជាក់ថា យុវជនជាកម្លាំងស្នូលដ៏រឹងមាំ និងជាចលករប្រកបដោយឥទ្ធិពលក្នុងសង្គមជាតិ ដូចនេះយុវជនត្រូវចេះធ្វើការអប់រំណែនាំគ្នាចូលរួមក្នុងសកម្មភាពសង្គមប្រកបដោយឥរិយាបថថ្លៃថ្នូរ ។ នៅក្នុងអំឡុងពេលប្រទេសជាតិកំពុងអភិវឌ្ឍន៍ គឺត្រូវការចាំបាច់ណាស់នូវកម្លាំងយុវជនដែលប្រកបដោយសមត្ថភាព និងចំណេះដឹង ហើយរាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកយុវជនជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ និងដឹកនាំប្រទេសជាតិនាពេលអនាគត ។ ដូចនេះសូមឲ្យយុវជននៅគ្រប់ភូមិក្នុងឃុំទាំង២ខាងលើ ពង្រឹងសមត្ថភាពទាំងកម្លាំងកាយ និងប្រាជ្ញា ចូលរួមសកម្មភាពការងារក្នុងសង្គមប្រកបដោយអត្ថប្រយោជន៍ឲ្យបានកាន់តែច្រើនថែមទៀតដូចជាការចូលរួមជាមួយអាជ្ញាធរឃុំ-ភូមិ បំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ពីកាតព្វកិច្ចនៃការចូលរួមចុះឈ្មោះបោះឆ្នោត និងការទៅបោះឆ្នោត,សហការចូលរួមកសាង អភិវឌ្ឍន៍រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយយុវជនឃុំទាំង២នេះដែរ លោករស់ វណ្ណា និងក្រុមការងារ បានឧបត្ថម្ភយុវជនដែលបានចូលរួមទាំងអស់សរុបថវិកាចំនួន៤សែនរៀល និងអាវម្នាក់មួយ ។ បន្ទាប់មកលោករស់ វណ្ណា និងក្រុមការងារ បានទៅពិនិត្យមើលដំណើរការសាងសង់អគារសិក្សា១ខ្នងមាន២ជាន់ស្មើនឹង១២បន្ទប់ ស្ថិតនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ឃុំក្រាំងម្កាក់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងមមាញឹកក្នុងការសាងសង់ ។ លោកបានជំរុញអ្នកម៉ៅការត្រូវយកចិត្តទុកដាក់សាងសង់ដោយធានាឱ្យបានទាំងគុណភាព និងវេលាកំណត់ ៕
ចែករំលែកព័តមាននេះ