ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាង៣០០នាក់ រួមជាមួយព្រះសង្ឃក្នុងវត្តជិត២០អង្គផង បានប្រមូលផ្តុំគ្នានៅក្នុងវត្តស្វាយធំ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ កាលពីព្រឹកថ្ងៃទី២៣ កញ្ញា ដើម្បីប្រឆាំងទៅនឹងមន្ត្រីសង្ឃ និងមន្ត្រីធម្មការស្រុក ដែលត្រៀមបណ្តេញព្រះគ្រូចៅអធិការចេញពីវត្តទៅតាមរបាយការណ៍ញុះញង់ និងឈ្នានីសពីតាអាចារ្យ២នាក់ ដែលមានសេចក្តីលោភលន់ចង់ក្រសោបគ្រប់គ្រងបច្ច័យក្នុងវត្តទាំងស្រុង ។ នេះបើតាមការអះអាងរបស់អ្នកភូមិដែលចេញមុខគាំទ្រព្រះចៅអធិការ វត្ត ហើយនេះជាការផ្ទុះអធិករណ៍មួយខណៈដែលរដូវកាន់បិណ្ឌសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ ។
ក្រុមពុទ្ធបរិស័ទ និងព្រះសង្ឃដែលនាំគ្នាតវ៉ានិយាយថា មន្ត្រីសង្ឃ និងមន្ត្រីធម្មការស្រុក-ខេត្ត ត្រៀមបណ្តេញចៅអធិការវត្តនាមជា ហ៊ឺ ព្រះជន្ម៧៣ឆ្នាំ ចេញពីវត្តស្វាយធំ ដោយសំអាងលើការចោទទាំងបំពានតាមមហិច្ឆតាលោភលន់របស់តាអាចារ្យ២នាក់ ។ ក្រុមអ្នកគាំទ្រចៅអធិការវត្តប្រាប់ថា អ្នកដែលមានគំនិតព្យាបាទព្រះសង្ឃក្នុងវត្តគឺអាចារ្យឈ្មោះស ថង អាយុ៧៣ឆ្នាំ ដែលស្ថិតក្រោមសម្ពាធញុះញង់ពីអាចារ្យក្រៅវត្តម្នាក់ឈ្មោះរឿង ឆាន ហៅម៉ិ អាយុជាង៥០ឆ្នាំ ។ អ្នកភូមិនិយាយថា អាចារ្យឈ្មោះម៉ិ រូបនេះ គ្មានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់ចែងក្នុងវត្តស្វាយធំទេ ប៉ុន្តែគាត់ជាមេផ្តើមគំនិតជាមួយអាចារ្យថង រកវិធីកម្ចាត់គ្រូចៅអធិការចេញពីវត្ត ដោយចាត់ទុកគ្រូចៅអធិការវត្តព្រះនាមជា ហ៊ឺ ជាឆ្អឹងទទឹងក ធ្វើឱ្យពួកគាត់ពិបាកក្នុងការគ្រប់គ្រង និងទាញយកផលប្រយោជន៍ពីក្នុងវត្ត ។ ដូច្នេះអាចារ្យ២នាក់នេះត្រូវតែប្រើគំនិតទុច្ចរិតរកកំហុសដាក់បន្ទុកលើគ្រូចៅអធិការ ដែលអ្នកស្រុកទូទៅ និងព្រះសង្ឃគ្រប់អង្គនៅក្នុងវត្តគោរពប្រណិប័តន៍រាល់ថ្ងៃ ។
កាលពីថ្ងៃទី២០ កញ្ញាកន្លងទៅ មន្ត្រីសង្ឃ និងមន្ត្រីធម្មការ រួមជាមួយតាអាចារ្យ អាជ្ញាធរមូលដ្ឋានផង បានកោះនិងនិមន្តគ្រូចៅអធិការវត្តស្វាយធំ ទៅប្រជុំដោះស្រាយអំពីភាពចម្រូងចម្រាសក្នុងវត្តនេះ ដោយធ្វើឡើងនៅក្នុង«វត្តខ្វែង»ដែលព្រះគ្រូអនុគណស្រុកសង្កែគង់នៅទីនោះ។ កិច្ចប្រជុំក្នុងរឿងសាសនានេះ តាមប្រភពពីមន្ត្រីសង្ឃនានាថា គឺធ្វើឡើងដោយយោងលើរបាយការណ៍ព្យាបាទចំនួន១ទំព័រកន្លះដែលមានខ្លឹមសារ៨ចំណុចរបស់អាចារ្យស ថង និងអាចារ្យឡេមឡឺមក្រៅវត្ត រឿង ឆាន ហៅម៉ិ ដែលអ្នកស្រុកចោទថាជា«មេគំនិតញុះញង់» ។ របាយការណ៍នេះត្រូវបានព្រះសង្ឃ និងអ្នកស្រុកដែលគាំទ្រគ្រូចៅអធិការវត្ត ថតចម្លងចែកដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានពិនិត្យ និងធ្វើការពិចារណាផងដែរ ។
ខ្លឹមសារទាំង៨ចំណុចដែលបានចោទគ្រូចៅអធិការវត្តវ័យ៧៣ឆ្នាំខាងលើនេះរួមមាន ១-ខ្វះការអប់រំដល់ភិក្ខុ សាមណេរក្នុងវត្ត ២-មិនដឹងពីកិច្ចការទូទៅដែលកើតហេតុនៅក្នុងវត្ត ៣-មិនអើពើចំពោះភិក្ខុ សាមណេរ អាចារ្យ ពេលមានធុរៈ ឬឈឺថ្កាត់ ៤-ព្រះអង្គគិតតែស្វែងរកលាភសក្ការៈកិច្ចការផ្ទាល់ខ្លួន ដូចជាស្រោចទឹក ទស្សន៍ទាយ ទិញដី និងទិញសម្ភារផ្សេងៗទៀតឱ្យសាច់ញាតិធ្វើអាជីវកម្ម ៥-ពាក់ព័ន្ធនឹងការទារភាស៊ីផ្សារដែលលក់ដូរតាមផ្លូវចូលវត្ត ៦-ព្រះអង្គមិនបញ្ឈប់ការរៃអង្គាសបច្ច័យនានា ៧-ពាក់ព័ន្ធនឹងព្រះអង្គមានបច្ច័យ១ម៉ឺនដុល្លារផ្ញើនៅធនាគារ និង៨-ព្រះអង្គមិនដែលចូលរួមពេលមន្ត្រីសង្ឃត្រូវការបច្ច័យជួយដល់ទុរគតជន អ្នកមានវិបត្តិ គ្រោះទឹកជំនន់ ឬប្រការផ្សេងៗ ។ល។
ជាមួយនឹងបទចោទប្រកាន់គ្មានមូលដ្ឋានទាំង៨ចំណុចខាងលើនេះ ព្រះតេជគុណ ជា ហ៊ឺ ចៅអធិការវត្តស្វាយធំមានថេរដីកាបំភ្លឺថា បទចោទនេះត្រូវបានមន្ត្រីសង្ឃអានភ្ជាប់នឹងសេចក្តីសម្រេចដកតំណែងពីព្រះអង្គ ។ ក្រោយពីមន្ត្រីសង្ឃអានបទចោទនេះ និងអានសេចក្តីសម្រេចដកតំណែងពីព្រះអង្គចប់ ក្រុមមន្ត្រីទាំងនោះក៏បាននាំគ្នាមកកាន់វត្តស្វាយធំដកយកត្រាពីព្រះអង្គភ្លាមៗដែរ ដោយមិនផ្តល់ឱកាសឱ្យព្រះអង្គបានឆ្លើយបំភ្លឺតបទៅនឹងការចោទប្រកាន់នោះឡើយ ។ ព្រះតេជគុណជា ហ៊ឺ បានបញ្ជាក់ថា អ្នកដែលធ្វើរបាយការណ៍ចោទប្រកាន់ព្រះអង្គនេះមានអាចារ្យ២នាក់គឺឈ្មោះថង និងឈ្មោះ ម៉ិ ។ព្រះអង្គបំភ្លឺថា ព្រះអង្គមិនដែលយកបច្ច័យដែលបានពីចំណូលពុទ្ធបរិស័ទសម្រាប់កសាងវត្តទៅទិញសម្ភារឱ្យសាច់ញាតិរបស់ព្រះអង្គដូចការចោទរបស់អាចារ្យថង និងអាចារ្យក្រៅវត្តឈ្មោះម៉ិ នោះទេ ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គពិតជាមានទិញមែន ដូចជាការទិញដីទំហំ៧ម៉ែត្រគុណ៤៤ម៉ែត្រមួយប្លង់ ឱ្យកូនចិញ្ចឹមអាយុ១២ឆ្នាំនោះជាដើម តែប្រាក់នោះបានមកពីកម្លាំងញើសឈាមរបស់ព្រះអង្គដូចជាការស្រោចទឹករំដោះគ្រោះ និងទស្សន៍ទាយ ។ ព្រះអង្គបញ្ជាក់ទៀតថា ការដកតំណែងព្រះអង្គពីចៅអធិការវត្តនេះ គឺធ្វើតាមរបាយការណ៍ឈ្នានីសរបស់អាចារ្យថង និងអាចារ្យម៉ិ ដែលមិនពេញចិត្តនឹងព្រះអង្គដែលតែងសួរនាំពីប្រាក់ចំណូល និងការចំណាយលើការកសាងវត្ត ។ ការពិត អាចារ្យ២នាក់នេះគ្មានសិទ្ធិក្នុងការគ្រប់គ្រងបច្ច័យក្នុងវត្តទេ តែដោយសេចក្តីលោភរបស់ពួកគេ ទើបហ៊ានប្រើគំនិតទុច្ចរិតគ្មានសីលក្នុងខ្លួនបំពានមកលើព្រះអង្គ ដើម្បីងាយស្រួលក្នុងការស្វែងរកផលប្រយោជន៍ក្នុងវត្ត ។
ឆ្លើយតបទៅនឹងការធ្វើរបាយការណ៍ចោទប្រកាន់ខាងលើ លោកតាអាចារ្យស ថង បានបដិសេធថា នោះមិនមែនរបាយការណ៍របស់គាត់ទេ បើទោះជាព្រះសង្ឃនានា និងអ្នកស្រុកស្គាល់ច្បាស់ថា របាយការណ៍នោះជាអក្សររបស់គាត់ក្តី ។ លោកតាស ថង បានប្រាប់ថា គាត់មិនបានដឹងអំពីរឿងនេះទេ តែអាចមានអ្នកផ្សេងតាមដានអំពីសកម្មភាពរបស់ព្រះតេជគុណជា ហ៊ឺ នាពេលកន្លងមក ។ លោកតាអាចារ្យរូបនេះបានឆ្លើយបែបចង់ដោះខ្លួនថា ការដកតំណែងព្រះអង្គពីចៅអធិការវត្តគឺជារឿងមន្ត្រីថ្នាក់លើ ដូច្នេះមិនពាក់ព័ន្ធជាមួយរូបគាត់ទេ ។
ក្នុងអធិករណ៍ដ៏រំជើបរំជួលនេះ ជាមួយនឹងសំឡេងស្រែកកងរំពងផ្ទាល់មាត់ និងតាមរយៈឧគ្ឃោសនស័ព្ទដែលមានការលើកបដាតវ៉ាព្រោងព្រាតផងពីសំណាក់អ្នកគាំទ្រចៅអធិការវត្តស្វាយធំ ស្នូររគាំងក៏បានបន្លឺឡើងព្រមៗគ្នាដែរ ដែលជាការវាយប្រកាសអាសន្នដោយភិក្ខុ និងសាមណេរជិត២០អង្គគង់នៅក្នុងវត្តនេះ ។ ព្រះសង្ឃទាំងនោះសុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយម ពីភាពស្អាតស្អំ និងភាពស្លូតបូតរបស់គ្រូចៅអធិការដែលត្រូវគេដកតំណែងនោះ ។ សាមណេរ និងភិក្ខុទាំងអស់មានថេរដីកាថា ចៅអធិការវត្តស្វាយធំបានប្រឹងប្រែងកសាងវត្តនេះ ដោយផ្នែកខ្លះព្រះអង្គត្រូវចំណាយបច្ច័យរបស់ព្រះអង្គទៀតមិនដូចការចោទរបស់អាចារ្យថង និងអាចារ្យម៉ិ នោះទេ ។ តាអាចារ្យ២នាក់នេះបានឃុបឃិតគ្នាប្រើល្បិចកលព្យាបាទចៅអធិការវត្តស្វាយធំ ដើម្បីកុំឱ្យមានអ្នករុកកួនសួរនាំពីប្រាក់ចំណូលក្នុងវត្តតែប៉ុណ្ណោះ ។ ការពិតមានតែអាចារ្យ២នាក់នេះទេដែលយកចៅអធិការវត្តជាសត្រូវ ។
នៅព្រឹកថ្ងៃដដែលនោះ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីសង្ឃ ឬមន្ត្រីធម្មការស្រុកសង្កែបានទេ ប៉ុន្តែតាមប្រភពព័ត៌មានថា មន្ត្រីសង្ឃនិងមន្ត្រីធម្មការខេត្តនឹងចុះទៅកាន់វត្តស្វាយធំនៅថ្ងៃទី២៤ កញ្ញាដើម្បីស្វែងរកការពិតអំពីអធិករណ៍ដ៏រំជើបរំជួលនេះ ។ អ្នកស្រុកនិងព្រះសង្ឃគង់ក្នុងវត្តស្វាយធំបានបញ្ជាក់ថា បើមានការដកគ្រូចៅអធិការវត្តស្វាយធំមែន អាចារ្យ២នាក់ឈ្មោះថង និងឈ្មោះម៉ិ នោះក៏ត្រូវដកចេញពីវត្តស្វាយធំដែរ ព្រោះអ្នកស្រុកចាត់ទុកថា ជាអាចារ្យ«មេរោគ» រីឯការតែងតាំងសង្គ្រាជថ្មី ក៏មិនត្រូវនាំមកពីវត្តផ្សេងដែរ គឺត្រូវតែងតាំងភិក្ខុនៅក្នុងវត្តនេះតែម្តង ។ បើមិនដូច្នេះទេ ពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាននឹងបន្តធ្វើការប្រឆាំងកាន់តែខ្លាំងរហូតដល់ខេត្ត ឬដល់ស្ថាប័នពាក់ព័ន្ធនៅឯរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ