ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​​ឆ្នាំ​នេះ​​ទាប​​ជាង​​ឆ្នាំ​​មុន​មន្ដ្រី​​ជំនា​ញ ៖ នៅ​​ភ្នំពេញ​​បើ​​ធៀប​​កាល​ពី​​ឆ្នាំ​​២០១១ ទឹក​ទន្លេ​​នៅ​​ទាប​​ជាង​​២​​ម៉ែ​ត្រ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជ​ធានី​​បាន​ឲ្យ​កោះ​សន្តិភាព​ដឹង​តាម​រយៈ​ទូ​រ​ស័ព្ទកាល​ពី​ថ្ងៃទី២៤ កញ្ញា ថា នៅរាជ​ធានី​ភ្នំពេញ​កម្ពស់​​ទឹក​ទន្លេ​មេគង្គ​ហាក់ឡើងយឺត និងទាប​ជាង​ឆ្នាំកន្លង​ទៅជាង២ម៉ែត្រ ។ លោក​កត់​សម្គាល់​​ថា ឆ្នាំកន្លងទៅ គឺនៅ​ថ្ងៃទី២៤ កញ្ញា ឆ្នាំ​២០១១ កម្ពស់​​ទឹកទន្លេនៅស្ថានីយ​ចតុមុខ​កម្ពស់​ទឹក​មាន​១០,៤៣​ម៉ែត្រ ចំណែក​​​នៅ​ថ្ងៃទី​​២៤ ​កញ្ញា​ ​ឆ្នាំ​២០១២​នេះ ទឹក​ទន្លេ​មាន​កំពស់​

រាជ​ធានី​ភ្នំពេញ​ ៖ លោកម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជ​ធានី​​បាន​ឲ្យ​កោះ​សន្តិភាព​ដឹង​តាម​រយៈ​ទូ​រ​ស័ព្ទកាល​ពី​ថ្ងៃទី២៤ កញ្ញា ថា នៅរាជ​ធានី​ភ្នំពេញ​កម្ពស់​​ទឹក​ទន្លេ​មេគង្គ​ហាក់ឡើងយឺត និងទាប​ជាង​ឆ្នាំកន្លង​ទៅជាង២ម៉ែត្រ ។ លោក​កត់​សម្គាល់​​ថា ឆ្នាំកន្លងទៅ គឺនៅ​ថ្ងៃទី២៤ កញ្ញា ឆ្នាំ​២០១១ កម្ពស់​​ទឹកទន្លេនៅស្ថានីយ​ចតុមុខ​កម្ពស់​ទឹក​មាន​១០,៤៣​ម៉ែត្រ  ចំណែក​​​នៅ​ថ្ងៃទី​​២៤ ​កញ្ញា​ ​ឆ្នាំ​២០១២​នេះ ទឹក​ទន្លេ​មាន​កំពស់​៨,៤៣​ម៉ែត្រ មានន័យថា កម្ពស់​​​ទឹក​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំ​ទៅ២​ម៉ែត្រ ​។ ក៏​ប៉ុន្តែ ទោះជាយ៉ាងណាកម្ពស់​ទឹក​ទន្លេបាន​បន្ត​ឡើង​ជា​រៀង​រាល់ថ្ងៃ ក្នុងមួយ​ថ្ងៃ​ទឹក​ឡើង២សង្ទីម៉ែត្រ ។ ចំណែក​ឯទឹកដែល​ត្រូវ​ស្រក​ទៅ​​វិញ​ក្នុង​អំឡុង​ចុង​ខែ១០ និងដើមខែ១១ គឺចាប់​ផ្តើម​ស្រក​ជា​បន្តបន្ទាប់ ។ ថ្វី​​បើ​យ៉ាង​​​នេះ​ក្តី​ បញ្ហា​ទឹក​ជំនន់​ទន្លេ​​មេ​គង្គ​​​គេមិនអាច​ទស្សន៍​​ទាយ​​ វាស់ស្ទង់ និង​កំណត់ឲ្យបានជាក់លាក់នោះទេ ហើយ​ក៏​​​មិន​ត្រូវ​​​​មើល​​ស្រាល​​​ដែរ​ ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធន​ធាន​ទឹក និងឧតុនិយមបានឲ្យដឹងទៀតថា សម្រាប់​រាជ​ធានីភ្នំពេញ កម្រិត​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន គឺ​មានកម្ពស់​១០,៥០ម៉ែត្រ ។ ទោះ​ជា​កម្រិត​ទឹកនៅទាបក្តី តែអាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​គ្រប់លំដាប់ថ្នាក់នៅតែមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​វិធាន​ការ​ទុក​ជាមុនក្នុងនោះមាន មន្ទីរ​ធន​ធាន​ទឹក និងឧតុនិយម ក៏បានត្រៀមលក្ខណៈ ដូចជា បាវ ការុ​ង ដីខ្សាច់ គ្រឿងចក្រជាដើម ។

ហើយជាពិសេសទៅទៀតនោះ ពេលនេះមន្ទីរ ធនធាន​ទឹក និងឧតុនិយម​ ដោយ​មាន​ការ​ណែ​នាំ​យ៉ាង​យកចិត្ត​ទុក​ដាក់ ពីលោក​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធានទឹក និងលោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ ​បានចាត់មន្ត្រីយាមកាមប្រចាំ​ការ​ជា​ប្រចាំនៅតាមទ្វារទឹកចំនួន១៣កន្លែង ដែល​ជា​ច្រក​ទ្វារទឹកចេញចូលពីទន្លេ ព្រែក បឹង និង ស្ទឹង ប្រឡាយ លូជាដើម នៅក្នុងខណ្ឌមានជ័យ ខណ្ឌ​ដង្កោ ខណ្ឌ​សែនសុខ និងប្ញ​ស្សីកែវ ឬតំបន់​ជុំវិញ​រាជ​ធានី ដើម្បីត្រៀមបិទ និងបើក ។

លោកម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា ចំពោះ​ជំនន់ទឹកទន្លេ​មេគង្គ​យើងហាក់មិនមានការ​បារម្ភ​នោះ​ទេ ព្រោះយើងមានរបាំងថ្ម ដែល​ជា​ឃឿន​ការ​ពារ​ទឹកជំ​នន់តាមមាត់ច្រាំងទន្លេបាន គឺរាល់​ឆ្នាំមិនដែលលិចដល់នោះទេ ។ ប៉ុន្តែអ្វី​ដែល​ជា​ក្តី​បារម្ភនោះ គឺជំ​នន់ទឹកភ្លៀង ដែលហូរមកពីទិស​ខាង​លិច​ជាតំបន់ភ្នំទៅវិញ ដែល​បង្ក​ការ​លិច​លង់ បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

​​ប្រធាន​​​អង្គ​​ភាព​លូ​ទឹក​​​​នៃ​មន្ទីរ​​​សាធារ​ណការ​​​​​ និង​ដឹក​​ជញ្ជូន​​​​រាជ​ធានី​​​ លោក​ដួង​ ​ចន្ទសារ៉ាត បាន​ឱ្យ​ដឹង​ថា ​មក​ដល់​ពេល​​នេះ​​​​អង្គ​ភាព​​​​បាន​បិទ​លូ​ទឹក​​ និង​ប្រព័ន្ធ​​​​លូ​​៣​កន្លែង​​​នៅ ចតុ​មុខ​​​​អតី​ត​​​ព្រះ​គន្លង​ និង​គីឡូ​​​ម៉ែត្រ​​​លេខ​​៦​ ។ លោក​​​បាន​កត់​សម្គាល់​​​ថា រយៈពេល​​​ដូច​គ្នា​​​កាល​ពី​​ឆ្នាំ​ទៅ​​​គ្រប់​ស្ថានីយ និង​​ប្រព័ន្ធ​​​​លូ​នៅ​ជាប់​មាត់​​​ទន្លេ​​ ​ដែល​​មាន​​​​​ជាង​​១០​កន្លែង​​​​​ត្រូវ​បាន​បិទ​ទាំង​ស្រុង ។​

ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង​មកនេះ បញ្ហាជំនន់​ទឹក​ទន្លេ​មិន​មាន​ការ​យាយី និងគំរាមកំហែង​ដល់​រាជ​ធានី​ភ្នំពេញឲ្យ​ធំដុំនោះទេ ។ ប៉ុន្តែសម្រាប់ជំនន់ទឹកភ្លៀងវិញ តែង​​មានការគំរាមកំហែង ជាពិសេ​ស​ប្រជា​ពល​រដ្ឋ​ដែលរស់នៅតាមជួរសណ្តរស្ទឹងព្រែកត្នោត តែងទទួលការ​គំរាម​កំហែង​ស្ទើររាល់ឆ្នាំ ​ហើយ​អជ្ញាធរក៏តែងមានការខ្វាយខ្វល់ក្នុងវិធាន​ការ​ទប់​ស្កាត់ជារៀងរាល់ឆ្នាំ ។ ពិសេសការទប់​ទំបន់​ស្ទឹង​ព្រែកត្នោត និងទំនប់​នានានៅតំបន់នោះ ។

​​យោង​​​តាម​ព្រឹត្តិ​​​បត្រ​​ព័ត៌​មាន​​ និង​ព្យាករ​​ណ៍​កម្ពស់​​ទឹក​ទន្លេ​​មេគង្គ​​របស់​នាយក​​​ដ្ឋាន​​​ជល​សាស្ត្រ និង​ការ​​ងារ​​ទន្លេ​​​ នៃ​ក្រសួង​​​​​​​​​​ធន​ធាន​​​​​ទឹក និង​​​​ឧតុ​និយម​​​​​ថ្ងៃ​​​ទី​​២៤ កញ្ញា​​​ បាន​​ឱ្យ​ដឹង​​ថា កម្ពស់​​ទឹក​ទន្លេ​មេគង្គ​​​​ដែល​បា​ន​ព្យាករ​​​​ណ៍​សម្រាប់​​​​​​​​ថ្ងៃ​​ទី​២៥ កញ្ញា ដល់​​​​​​ថ្ងៃ​ទី​​២៧ កញ្ញា​​ នៅ​ខេត្ត​​​​ស្ទឹង​​ត្រែង​​​​ថ្ងៃ​​​ទី​២៥​​ កញ្ញា​​​ ៧,៣៥​ម៉ែត្រ​​​ ​ថ្ងៃទី​​២៦ កញ្ញា ៧,៤៥​​ម៉ែត្រ​​ និង​​​ថ្ងៃ​ទី​​២៧ កញ្ញា​ ៧,៤០​ម៉ែត្រ​​ (ស្រក​វិញ​)​ ​។ ខេត្ត​​​ក្រចេះ​​​​​ ថ្ងៃ​ទី​​​២៥ កញ្ញា​​​ ១៧​ម៉ែត្រ​​​ ​ថ្ងៃ​ទី​​២៦ កញ្ញា​ ​១៧,៤៥​ម៉ែត្រ​​ និង​ថ្ងៃ​ទី​​២៧ កញ្ញា ​១៧,៥៧​ម៉ែត្រ​​​ ​​។ នៅ​ខេត្ត​​​​កំពង់​​​ចាម​ ថ្ងៃ​ទី​​​២៥ កញ្ញា​ ១១,៩៦​ម៉ែត្រ​​ ​ថ្ងៃ​ទី​​២៦ កញ្ញា​ ​១២,១៤ម៉ែត្រ​​ ។ នៅ​​​ទន្លេ​បាសាក់​​​​​ និង​ចតុ​មុខ​​ ថ្ងៃ​ទី​​២៥ កញ្ញា​ ​៨,៤៦​​​ម៉ែត្រ​​​ ថ្ងៃ​ទី​​២៦ កញ្ញា ​៨,៤៨​ម៉ែត្រ​​​ និង​ថ្ងៃទី​​​២៧​​ កញ្ញា​​ ៨,៥៥​ម៉ែត្រ​​ ។ នៅ​ទន្លេ​​មេគង្គ​​​អ្នក​លឿង​​ ថ្ងៃទី​​២៥ កញ្ញា​​​ ៦,០៣​ម៉ែត្រ​​​​ ​ថ្ងៃ​ទី​​​​២៦ កញ្ញា​ ​៦,០៤​ម៉ែត្រ​​ និង​ថ្ងៃទី​​២៧ កញ្ញា​​ ៦,០៧​ម៉ែត្រ​​​ ​​​។ នៅ​ទន្លេ​​បាសាក់​កោះ​ខែ​ល​​​​​ ថ្ងៃ​ទី​​២៥ ​កញ្ញា​​​​ ៦,៨៨​​ម៉ែត្រ​​​​ ​ថ្ងៃ​ទី​​២៦ ​កញ្ញា​​​ ៦,៨៩​ម៉ែត្រ​​ ​និង​ថ្ងៃទី​​២៧ កញ្ញា​​​ ៦,៩១​ម៉ែត្រ​​​ ​។ នៅ​ទន្លេសាប​​​​ព្រែក​ក្តាម​ ថ្ងៃ​ទី​​២៥ កញ្ញា ​៧,៦១ម៉ែត្រ​​ ​ថ្ងៃទី​​២៦ កញ្ញា​​ ៧,៦៤​ម៉ែត្រ​ ​និង​ថ្ងៃ​ទី​​​២៧ កញ្ញា​ ​៧,៦៩​ម៉ែត្រ​​​ ​។

​​ស្ថាន​ភាព​​​​ទន្លេ​គឺ​​​មាន​សភាព​​​​ឡើង​​ចុះ​​​​បន្តិច​​​បន្តួច​​​ តែ​ចំ​ពោះ​​​​មុខ​នោះ​​​​​ទន្លេ​បាសាក់​​​ និង​ទន្លេ​​​សាប​នៅ​​​​បន្ត​ឡើង​​​​​រយៈ​ពេល​​​៤​ទៅ​​៥​​​ថ្ងៃ​ទៀត​​ ។​ កម្ពស់​​​​​​ទឹក​​​​នៅ​​នឹង​​ទន្លេ​សាប​​ស្ថានីយ​ក្រគរ​ កំពង់​លួង​​មា​ន​កម្ពស់​​​ ៧,០៣​ម៉េត្រ​​ ​​គឺ​ខ្ពស់​​ជាង​​​​ថ្ងៃ​ទី​​២៤ កញ្ញា ០,០២​ម៉ែត្រ​ ។

​ថ្វី​បើ​​​ភ្លៀង​​នៅ​តែ​បន្ត​​​ធ្លាក់​​​ស្ទើរ​​គ្រប់​ទិស​ទី​​ទូ​ទាំង​ប្រទេស​ ប៉ុ​ន្តែ​​កម្ពុជា​ទំនង​ជា​​បាន​រួច​ផុត​​ពី​​គ្រោះ​​ទឹក​ជំនន់​​ដ៏​​ធ្ងន់​ធ្ងរ​ ។ នេះ​​បើ​យោង​តាម​​របាយ​ការណ៍​​របស់​​គណៈ​​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​​​ ​​។ លោក​ទេស​រដ្ឋ​​​មន្ត្រី​​​ញឹម ​វណ្ណ​ដា បាន​​ប្រាប់​​ឱ្យ​ដឹង​ថា ​ស្ថាន​ភាព​​អាកាស​​ធាតុ​ហាក់​ដូច​​ជា​មាន​​អំណោយ​​ផល​ល្អ​ទៅ​​វិញ​​ទេស​ម្រាប់​​កសិករ​ ។​​​

​​លោក​​ទេស​រដ្ឋ​មន្ត្រី​​​ញឹម វណ្ណដា បាន​​ប្រាប់​វិទ្យុ​​បារាំង​​​​អន្តរ​ជាតិ​​ផ្សាយ​ថ្ងៃ​​ទី​​២៣ កញ្ញា ​ថា ស្ថា​ន​ភាព​​ទឹក​ជំនន់​​ជា​ទូ​ទៅ​​នៅ​តាម​បណ្តា​ខេត្ត​​​ភាគ​ខាង​​ជើង​​ និង​ពាយ័ព្យ​​ប្រទេស ​​គឺ​ខេត្ត​ព្រះ​​វិហារ ​​និង​ខេត្ត​​បន្ទាយ​មាន​ជ័យ​​​បាន​ស្រក​ចុះ​​វិញ​ហើយ ​។ លោក​អះ​អាង​​ថា​ បើ​ទោះ​​បី​ជា​​​នៅ​ពេល​ខាង​មុខ​​នេះ​​​​មាន​ការ​ប្រែ​ប្រួល​​អាកា​ស​​ធាតុ​​ខ្លះ​ទៀត​​ក្តី ក៏​​​ទឹក​ជំនន់​​ទន្លេ​មេគង្គ​​​ និង​​ជំនន់​ទឹក​ភ្លៀង​​នឹង​មិន​កើត​​មាន​ធំ​ដុំ​​ដូច​ការ​ព្រួយ​បារម្ភ​​នោះ​ទេ ។ ​ផ្ទុយ​ទៅ​វិញ​ អាកា​ស​​ធាតុ​​បែរ​​ជា​អំណោយ​ផល​ល្អ​​ដល់​ដំណាំ​​​កសិ​កម្ម​​ទៅ​វិញ ​ដោយសារ​​តែ​ទឹក​ជំនន់​​ពេល​នេះ​​បាន​នាំ​​មក​នូវ​ដី​ល្បាប់​ដ៏​​​មាន​ជី​​ជាតិ​​សម្រាប់​​ប្រជា​​កសិ​ករ​ ។​

​យ៉ាង​​ណា​​ក៏​ដោយ ​​​បើ​យោង​​តាម​របាយ​ការណ៍​​របស់​លោក​ញឹម វណ្ណ​ដា ​​​គិត​ត្រឹម​​ថ្ងៃ​អាទិត្យ​ ទី​​​២៣ ​កញ្ញា មាន​​ពល​រដ្ឋ​​៣​នាក់​​បាន​ស្លាប់​​ដោយ​សារទឹក​ជំនន់​ និង​មាន​​ពល​រដ្ឋ​​ប្រមាណ​​ជាង​​៥.០០០​គ្រួសារ​​ទទួល​រង​គ្រោះ​ ប៉ុន្តែ​​ពួក​គាត់​​បាន​​វិល​ត្រឡប់​​ទៅ​ភូមិ​​​ឋា​ន​វិញជា​បណ្តើៗ​ហើយ បន្ទាប់​​​​​ពី​ទទួល​​បាន​​អំណោយ​សង្គ្រោះ​ ។ ​លោក​ទេស​រដ្ឋ​​មន្ត្រី​​ដែល​កំពុង​​​បន្ត​តាម​ដាន​​ស្ថាន​​ភាព​ទឹក​​ជំនន់​​ក្នុង​ខេត្ត​ព្រៃ​វែង ​​ត្រូវ​​បាន​ដក​ស្រង់​​ប្រ​សាសន៍​​ថា ​គណៈ​​​កម្មា​ធិការជាតិ​​​​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ ​​​កាក​បាទ​ក្រហម​​ ក៏​ដូច​ជា​​អាជ្ញា​ធរ​​​នានា​​កំពុង​​តែ​បន្ត​​ចែក​​អំណោយ​​ដល់​អ្នក​​ដែល​មិន​ទាន់​​បាន​ទទួល​​​​ ដើម្បី​​ឱ្យ​បាន​​​គ្រប់ៗ​​គ្នា​​ដោយ​មិន​​​លើក​លែង​ឡើយ ។

​​មាន​ការ​រំពឹង​​ទុកថា​ ឆ្នាំ​នេះ​​នឹង​មាន​​​​ជំនន់​​ធំ​សម្រាប់​​ប្រទេស​កម្ពុជា​ ​ដោយ​យោង​តាម​​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ​​ និង​តាម​​ការ​ចំណាំ​​«ឆ្នាំ​រោង​​ទឹក​ធំ​» ​។ ​ការ​រំពឹង​​ទុក​បែប​នេះ​​បាន​ធ្វើ​ឱ្យ​​អាជ្ញា​ធរ​​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​​ និង​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ ។ ក្រសួង​​ធន​ធាន​ទឹក ​និង​ឧតុ​និយម ​​បាន​ប្រកាស​​ជូន​ដំណឹង​​ជា​បន្ត​បន្ទាប់​​អំពី​ស្ថាន​ភាព​​អាកាស​ធាតុ​ រី​ឯ​កម្លាំ​ង​​ប្រដាប់​អាវុធ​​ក៏​បាន​​ធ្វើ​​សម​​យុទ្ធ​​ជា​ស្រេច​ ដើម្បី​​ត្រៀម​ជួយ​សង្គ្រោះ​​​​​​ពេល​មាន​ទឹក​ជំនន់​​ធំ ។​
​យ៉ាង​​ណា​ក៏​ដោយ​ ​លោក​​ទេស​រដ្ឋ​​មន្ត្រី​​ញឹម វណ្ណ​ដា ​បាន​អំពាវ​នាវ​​ដល់​ប្រជា​ពល​រដ្ឋ​​ អាជ្ញា​ធរ​ និង​​​​ក្រសួង​ជំនាញ ​​ឱ្យ​ចាត់​វិធាន​​ការ​ទប់​​ទឹក​​ទុក​សម្រាប់​​ប្រើ​ប្រាស់​​ដោយ​មិន​​ត្រូវ​​បណ្តោយ​​ឱ្យ​ទឹក​ហូរ​​​ទៅ​វិញ​អស់​​​​ទេ ​ពី​ព្រោះ​​រដូវ​វស្សា​​ជិត​​កន្លង​ផុត​​ទៅ​ហើយ ​។ លោក​​ព្រមាន​​ថា បើ​គេ​មិន​​នាំ​គ្នា​​ទប់​ទឹក​ទេ​ កសិករ​​នឹង​ខ្វះ​​ទឹក​នៅ​​រដូវ​ប្រាំង​​ខាង​មុខ​​នេះ ៕​​​