ខេត្ត្បន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកម៉ាឡៃ លោកសៅ ប៊ុន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ កញ្ញា ថា នគរបាលស្រុកម៉ាឡៃ បានសហការជាមួយនគរបាលការិយាល័យអត្តសញ្ញាណប័ណ្ណរបស់ស្នងការដ្ឋាននគរបាលខេត្តជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកម៉ាឡៃ ។
លោកសៅ ប៊ុន បន្តថា ការអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីទូទាំងស្រុកម៉ាឡៃចាប់ពីថ្ងៃទី១១ កក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី២១ កញ្ញា ឆ្នាំ២០១២ មានប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋមិនទាន់បានធ្វើសរុបបានចំនួន៣.២៦៤នាក់ ។ លោកបញ្ជាក់ថា ការចុះផ្តល់អត្តសញ្ញាណប័ណ្ណនេះ គឺធ្វើឱ្យចប់រួចរាល់តាមចំនួនស្ថិតិប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីហើយនោះនៅត្រឹមដំណាច់ខែកញ្ញានេះ ហើយកម្លាំងជំនាញនឹងផ្តល់ជូនប្រជាពលរដ្ឋដែលគាត់មានអត្តសញ្ញាណប័ណ្ណហួសសុពលភាពបន្តទៀត ។
ចំពោះទឹកជំនន់ដែលហូរគំហុកមកពីប្រទេសថៃ នាពេលកន្លងមកហើយប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដោយត្រូវលិចលង់នៅតាមបណ្តាភូមិ-ឃុំមួយចំនួនក្នុងស្រុកនោះ លោកអធិការបញ្ជាក់ថា មិនបានធ្វើឱ្យរាំងស្ទះដល់ក្រុមការងារចុះផ្តល់អត្តសញ្ញាណប័ណ្ណទេ ពោលគឺប្រជាពលរដ្ឋគាត់មកធ្វើតាមធម្មតា ។ នេះគឺអាស្រ័យដោយពួកគាត់បានយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណ ៕
ចែករំលែកព័តមាននេះ