ខេត្តពោធិ៍សាត់៖ ក្លិបយុវជនភូមិយើង នា ព្រឹកថ្ងៃទី២៣ កញ្ញា បានបើកយុទ្ធនាការហែក្បួនផ្សព្វផ្សាយពីការថែរក្សាបរិស្ថានតាមបណ្ដោយមាត់ស្ទឹង ដោយមានការចូលរួមពីក្រុមយុវជនជាច្រើននាក់ ។ ក្នុងយុទ្ធនាការនេះ ក្រុមយុវជនបានដើររើសសំរាមតាមមាត់ស្ទឹងចាប់ពីសាលាសង្កាត់លលកស រហូតដល់គល់ស្ពានថ្មផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដោយមានលើកបដាពាក្យស្លោកនិងបំពងសំឡេងតាមឧគ្ឃោសនស័ព្ទដែលមានខ្លឹមសារពាក់ព័ន្ធនឹងការថែរក្សាបរិស្ថានផងដែរ ។
លោកសួង សារ៉ាត់ ប្រធានក្លិបយុវជនភូមិយើងបានបញ្ជាក់ប្រាប់ថា ដោយមានការឧបត្ថម្ភពីអង្គការក្រុមប្រឹក្សាយុវជន ( YCC )ទើបនៅថ្ងៃទី២៣ កញ្ញា នេះក្លិបយុវជនភូមិយើងដង្ហែក្បួនយុទ្ធនាការនេះឡើងដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់នៃការចោលសំរាមតាមផ្លូវសាធារណៈ តាមមាត់ស្ទឹង និងឱ្យពួកគាត់ចូលរួមថែរក្សាសម្អាតបរិស្ថានជួយធ្វើឱ្យប្រជាពលរដ្ឋ យុវជន និងកុមារមានសុខភាពល្អ មានខ្យល់អាកាសបរិសុទ្ធ និងធ្វើឱ្យភូមិ ឃុំ សង្កាត់មានសោភ័ណភាពល្អផងដែរ ។ មិនថា មនុស្ស ឬសត្វទេ ឱ្យតែមានជីវិតពិតជាត្រូវការទឹក ដី ភ្លើង ខ្យល់ ជានិច្ច ព្រោះធាតុទាំង៤ នេះបើអត់ធាតុណាមួយជីវិតពិតជាស្លាប់ ។
លោកសួង សារ៉ាត់បន្តថា ពលរដ្ឋគ្រប់រូបគួរពិចារណាថា ការរស់នៅហូបចុកប្រើប្រាស់រាល់ថ្ងៃតែងតែបន្សល់នូវកាកសំណល់សំរាមជាថង់ប្លាស្ទិក ក្រដាស សំបកដប សំបកកំប៉ុង សំបកផ្លែឈើ ជ័រ និងវត្ថុរាវជាតិពុល ស្អុយឆ្អេះឆ្អាបជាដើម ។ ដូច្នេះសូមទុកដាក់នៅតាមធុងសំរាមឱ្យបានត្រឹមត្រូវ កុំចោលពាសវាលពាសកាលតាមទីសាធារណៈ ឬតាមមាត់ស្ទឹងដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពទីប្រជុំជន ។ កាលណាបរិស្ថានមិនស្អាត អាចបង្កឱ្យមានភាពអាប់អួក្នុងការរស់នៅដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នាសម្អាតបរិស្ថានឱ្យបានស្អាត ដើម្បីឱ្យខ្លួនយើង គ្រួសារយើង សង្គមយើងប្រទេសជាតិយើង និងពិភពលោកផងដែរ ។ ម្យ៉ាងវិញទៀតបើបរិស្ថានស្អាត សហគមន៍ស្អាតនាំឱ្យមានសុខភាពល្អមិនបង្កឱ្យមានមូសខ្លា កុមារគ្មានជំងឺគ្រុនឈាម ។
មហាជនបានកោតសរសើរក្លិបយុវជនភូមិយើង ដែលបានធ្វើសកម្មភាពដើររើសសំរាមតាមមាត់ស្ទឹង ជាការពញ្ញាក់ស្មារតីដល់មន្ទីរជំនាញនិងអាជ្ញាធរដែលហាក់បីដូចជាពុំសូវចាប់អារម្មណ៍ ហើយសួនច្បារនៅខេត្តពោធិ៍សាត់នេះបច្ចុប្បន្នពុំមានកន្លែងណាទាក់ទាញអារម្មណ៍ភ្ញៀវឱ្យចង់អង្គុយលេងនោះទេលើកលែងតែលើកោះសំពៅមាសប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ