ខេត្តបាត់ដំបង ៖ ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពពិភពលោក អង្គការសលត៍(Salt)បានបង្កើតកម្មវិធីជួបជុំក្រុមក្មេងអនាថា ដើររើសអេតចាយ និងក្មេងដើរសុំទានក្នុងក្រុងបាត់ដំបង មកពីតាមសហគមន៍នានាចំនួន១២២នាក់ ឱ្យមកទទួលការអប់រំណែនាំ ចៀសវាងការប្រើអំពើហិង្សា ថ្នាំញៀន និងបញ្ហាផ្សេងៗដែលប៉ះពាល់ដល់សង្គម ដូចជាភាពរើសអើងនឹងគ្នា ហើយបែរមកពង្រឹងទំនាក់ទំនងមិត្តភាពរវាងគ្នា នឹងគ្នា តាមកម្មវិធីបាល់ទាត់រួមគ្នា ។
អង្គការសលត៍រៀបចំកម្មវិធីនេះឡើងក្រោម ការឧបត្ថម្ភពីកម្មវិធី Dream Asiaរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដោយបានប្រារព្ធធ្វើនៅចំណតយន្តហោះវាលបែកចាន ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២១ កញ្ញា ក្រោមការចុះផ្ទាល់ពីលោក Samuel Schengruber ប្រធានអង្គការសលត៍នៅកម្ពុជាប្រចាំខេត្តបាត់ដំបង ។ ក្រោយពីបានប្រកួតជាមិត្តភាពតាមក្រុមរួចមក កុមារអនាថាទាំង១២២នាក់ បានទទួលបាយម្នាក់មួយកញ្ចប់ សៀវភៅ២ក្បាល ប៊ិច១ដើម និងសម្លៀកបំពាក់សិស្សម្នាក់១សម្រាប់ ។
ជាមួយនេះ ទទួលបានការអប់រំណែនាំពីលោក Samuel Schengruber ឱ្យយល់ដឹងពីទិវាសន្តិភាពពិភពលោក និងត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សា ថ្នាំញៀន នាំគ្នាអនុវត្តកីឡាបាល់ទាត់រួមគ្នា ដើម្បីទៅចូលរួមការប្រកួតផ្សេងៗនៅថ្ងៃខាងមុខ ។
លោក Samuel Schengruber បានថ្លែងថា គម្រោងរបស់លោកនៅក្នុងប្រទេសកម្ពុជាលើការពង្រឹងកីឡាសម្រាប់កុមារ និងវ័យជំទង់នេះ មានរយៈពេល៦ឆ្នាំមកហើយ សំខាន់ផ្តោតទៅលើក្មេងអនាថា និងកូនប្រជាពលរដ្ឋដែលក្រីក្រគ្មានលទ្ធភាពបានចូលរៀនសូត្រ ហើយជួយបញ្ចៀសពួកគេឱ្យគេចចេញផុតពីថ្នាំញៀន យល់ពីច្បាប់ស្តីពីអំពើហិង្សាក្នុងសង្គម និងអូសទាញឱ្យមកទទួលបានការសិក្សាជាទូទៅដូចក្មេងដទៃទៀតដែរ ។
លោកបន្តទៀតថា ក្នុងរយៈពេល៨ខែកន្លងមកនេះ ក្មេងដែលមិនបានចូលរៀនលោកអាចសម្រួលបានប្រមាណ៨០% ឱ្យបានចូលរៀននៅក្នុងសាលាដូចគេឯង ហើយ ជួយឧបត្ថម្ភបន្តទាំងមធ្យោយបាយ សម្លៀកបំពាក់ និងសម្ភារសិក្សាផ្សេងៗទៀត ដែលពួកគេត្រូវការ ។ ចំណែកនៅសល់ប្រមាណ២០% ដែលមិនទាន់ទទួលបាននោះ គឺមកពីបញ្ហាក្រីក្រក្នុងគ្រួសារ បង្ខំឱ្យពួកគេដើរសុំទាននិងរើសអេតចាយលក់បានកម្រៃទៅជួយគ្រួសារនៅឯផ្ទះ ហើយលោកកំពុងតែពិនិត្យជាបណ្តើរៗដើម្បីជួយសម្រួលឱ្យបានចូលរៀនទាំងអស់គ្នា ។
លោកបន្ថែមទៀតថា ក្នុងពេលសិក្សាក្មេងៗទាំងអស់រៀនពេលព្រឹក ឯថ្ងៃឡើងដើររើសអេតចាយ និងសុំទាន តែក្នុងពេលវិស្សមកាលពួកគេត្រូវដើររើសអេតចាយរហូត។ លោកបានប្រមូលក្នុងមួយសប្តាហ៍២ ឬ៣ដងឱ្យក្មេងៗទាំងនោះ មករៀនភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងហ្វឹកហាត់កីឡា ដើម្បីបញ្ចៀសពួកគេឱ្យផុតពីបញ្ហាផ្សេងៗកុំឱ្យកើតមានដល់ពួកគេ គឺផ្តោតទៅលើក្មេងដែលមានអាយុ១២ឆ្នាំចុះក្រោម ហើយកំពុងតែបន្តប្រមូលបន្ថែមទៀតនៅកន្លែងណាដែលមាននៅសេសសល់ឱ្យទទួលបានការអប់រំដូចៗគ្នា ៕
ចែករំលែកព័តមាននេះ