ខេត្តពោធិ៍សាត់ ៖ បងប្អូនកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ចំនួន៤៩គ្រួសារក្រោយទៀត បានទទួលអំណោយជាសម្ភារប្រើប្រាស់របស់រាជរដ្ឋាភិបាលតាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កាលពីថ្ងៃទី២១ កញ្ញា ។
លោកចេង ឡៃ ប្រធានមន្ទីរបានជម្រាបជូនថា ក្នុងរយៈពេល២ឆ្នាំនេះ មន្ទីរបានអភិវឌ្ឍគម្រោងសម្បទានដីសង្គមកិច្ចសម្រាប់កងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ និងគ្រួសារនៅភូមិប្រហាល ឃុំតាលោ ដោយបានសង់ផ្ទះឈើផុតពីដី ជញ្ជាំងក្តារ ក្រាលក្តារ ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ចំនួន១៤០ខ្នង មានទាំងបង្គន់ផង បានរួចរាល់១០០%ហើយ និងនៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតកំពុងអនុវត្ត។ ជាក់ស្តែង ផ្ទះផ្ទាល់ដី រោងបាយ និងបង្គន់អនាម័យ ធ្វើអំពីបេតុងចំនួន៦០ខ្នង អនុវត្តបាន៦០% ក្រៅពីនេះបានបោះបង្គោលព្រំដីឡូត៍ និងដីកសិកម្មជាង៥០០ដើម ជីកស្រះ៥កន្លែង អណ្តូង៥កន្លែង ដាក់លូរំដោះទឹក១០កន្លែង បានរួចរាល់ជាស្ថាពរ ។
លោកខូយ សុខា អភិបាលខេត្ត មានប្រសាន៍ថា ដោយសារបងប្អូនជាកងកម្លាំងប្រដាប់អាវុធមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋនោះ ប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់បានផ្តល់ដី និងធ្វើផ្ទះជូនឱ្យរស់នៅគ្រប់ៗគ្នានៅទូទាំងប្រទេស ។ ជាក់ស្តែងនៅខេត្តពោធិ៍សាត់នេះ កងកម្លាំងប្រដាប់អាវុធចូលនិវត្ត៍ដែលមកពីខេត្តនានាចំនួន១៧៦គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ច ហើយមានតែ១៥៥គ្រួសារទេ ដែលបានចាប់ឆ្នោត ក្នុងនោះ១២៣គ្រួសារទទួលយកផ្ទះឈើ និង៣២គ្រួសារទទួលបានផ្ទះថ្ម និងដីកសិកម្មចំនួន១ហិកតាកន្លះដូចៗគ្នា ។ ការមករស់នៅប្រមូលផ្តុំគ្នានេះ ងាយស្រួលគ្រប់គ្រងដឹកនាំ និងធ្វើការអភិវឌ្ឍ ម្យ៉ាងវិញទៀតងាយស្រួលកូនចៅរៀនសូត្រ ព្រោះនៅទីនេះមានសាលារៀន មណ្ឌលសុខភាព មានផ្លូវ និងទឹកគ្រប់គ្រាន់ ។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផល និងមិនអនុញ្ញាតឱ្យបរបាញ់សត្វព្រៃ កាប់ឆ្ការ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិទេ ។ លោកសូមឱ្យបងប្អូនធ្វើការដាំដុះ ចិញ្ចឹមសត្វ ហើយចំពោះអ្នកមិនបានមករស់នៅស្នើឱ្យមន្ទីររក្សាផ្ទះ និងដីទុកឱ្យអ្នកគ្មានដីនៅពេលខាងមុខ ព្រោះថាមានប្រជាជនច្រើនណាស់ដែលខ្វះដីរស់នៅ ។
បងប្អូនអតីតកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ទាំង៤៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានធុងចម្រោះទឹកស្អាត អាគុយ៤០អំពែរ អំពូលភ្លើង កន្ទេល ភួយ កាំបិត ចប់កាប់ ចបជីក រនាស់ រណារ ប៉ែល តង់ ធុងទឹកស្រោចដំណាំ ឆ្នាំង កំសៀវ ។ ដោយឡែក ចាន និងស្លាបព្រាជាអំណោយរបស់រាជរដ្ឋាភិបាលក៏ត្រូវបានមន្ទីរចែកជូន៤០គ្រួសាររួចមកហើយដែរ ៕
ចែករំលែកព័តមាននេះ