ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៥និង១២នាទីព្រឹកថ្ងៃទី១៩ កញ្ញា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានចាប់ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តអំពើនាំមនុស្សចេញដោយមិនស្របច្បាប់ចំនួន៤នាក់ និងទប់ស្កាត់ពលករចំនួន៥នាក់ នៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោ សិទ្ធ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើនាំមនុស្សចេញមិនស្របច្បាប់ ហើយត្រូវបានឃាត់ខ្លួន គឺ១-ឈ្មោះ ង៉ិល រ៉ែន ភេទប្រុស ២-ឈ្មោះ យ៉ិន សាម៉េត ភេទប្រុស ៣-ឈ្មោះសេង ធា ភេទប្រុស និង៤-ឈ្មោះ ម៉ៅ គឹមយូត ភេទស្រី ។ ជនទាំង៤នាក់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់នៅថ្ងៃទី២១កញ្ញា និងម្នាក់ទៀតកំពុងស្វែងរកចាប់ខ្លួនឈ្មោះ ចិន ណាន ភេទប្រុស ជនទាំង៥នាក់នេះរស់នៅក្រុងប៉ោយប៉ែត ។ ចំណែកជនរងគ្រោះចំនួន៥នាក់ មានទីលំនៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញអប់រំរួចឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ។
លោកវរសេនីយ៍ទោ សិទ្ធ ឡោះ បានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេល៩ខែដើមឆ្នាំ២០១២ នេះ សកម្មភាពបទល្មើស មានចំនួន១៥ករណី លើ៤៥ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ គឺមានការថយចុះចំនួន៣០ករណី ។ រីឯជនប្រព្រឹត្តល្មើស បង្រ្កាបបានចំនួន២០នាក់ (ស្រី៣នាក់) មានជនរងគ្រោះចំនួន៣៩នាក់ (ស្រី២១នាក់) ក្នុងនោះជាអនីតិជន១៣នាក់។
លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងចំណាមបទល្មើសទាំង១៥ករណី មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ១ករណីចាប់ឃាត់ខ្លួនជនប្រព្រឹត្តម្នាក់ ករណីនាំមនុស្សមិនស្របច្បាប់់ឆ្លងដែន៦ករណី ចាប់ជនប្រព្រឹត្ត៧នាក់(ស្រីម្នាក់) ករណីប្រទូស្តកេរ្តិ៍ខ្មាស៥ករណីជនប្រព្រឹត្ត៧នាក់ ជាអនីតិជន៣នាក់ ករណីនាំយកអនីតិជនចេញមិនស្របច្បាប់១ករណី ជនប្រព្រឹត្ត១នាក់ស្រី(រត់គេចខ្លួន) ករណីសញ្ចារកម្ម និងទិញពេស្យាចារ១ករណី ជនប្រព្រឹត្ត៣នាក់ (ស្រីម្នាក់) ។ ក្នុងករណីខាងលើ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ