រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញចាកចេញពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២២កញ្ញា ម្សិលមិញនោះរួចមក នៅព្រឹកថ្ងៃទី២៣ កញ្ញានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូអមដំណើរបានអញ្ជើញចូលរួមក្នុងព្រះរាជពិធីអភិសេកព្រះរាជបុត្រីស្តេចប្រ៊ុយណេ ដែលបានចាប់ផ្តើមធ្វើយ៉ាងអធិកអធមនៅព្រឹកថ្ងៃអាទិត្យនេះ ។
យោងតាមទូរទស្សន៍ប្រ៊ុយណេ ដែលធ្វើការផ្សាយផ្ទាល់ព្រះរាជពិធីអភិសេកព្រះរាជបុត្រីស្តេចប្រ៊ុយណេ បានបង្ហាញរូបភាពយ៉ាងអធិកអធមក្នុងព្រះបរមរាជវំាងនៃរាជធានីបាន់ដាស៊េរីបេហ្គាវ៉ាន ដោយមានស្តេចស៊ុលតង់ ប្រទេសប្រ៊ុយណេជាព្រះរាជាអធិបតី និងមានភ្ញៀវសំខាន់ៗជា សមាជិករាជវង្ស និងមេដឹកនាំបណ្តាប្រទេសអាស៊ានចូលរួមផងដែរ ។ ព្រះរាជធីតាហាចា ហាហ្វ៊ីសាស៊ូរូរូល បូលកៀ ព្រះជន្ម៣២ព្រះវស្សា នៃព្រះមហាក្សត្រហាស់សាណាល បូលកៀ នៃរាជាណាចក្រប្រ៊ុយណេ បានរៀបអភិសេកជាមួយលោកផេនគីរ៉ាន ហាជី មូហាម៉ាត់រូសាយនី អាយុ២៩ឆ្នាំ ជាមន្ត្រីរាជការ បានផ្តើមធ្វើតាមប្រពៃណីទំនៀមទំលាប់សាសនាអ៊ិស្លាម ។
បន្ទាប់ពីព្រះរាជពិធីតាមបែបសាសនាអ៊ិស្លាមបានបញ្ចប់ទូរទស្សន៍ប្រ៊ុយណេបានបង្ហាញរូបភាពស្តេចស៊ុលតង់ ហាស់សាណាល់ បូលកៀ និង ព្រះរាជិនីសាឡេហា បានដើរលើកំរាលព្រហ្មដៃស្តាំកាន់ដៃចៅប្រុសអាយុប្រមាណ៦ឆ្នាំ ដៃឆ្វេងកាន់ឈើច្រត់ក្នុងសម្លៀកបំពាក់ជាប្រពៃណីស្តេចប្រ៊ុយណេ និងនៅខាងឆ្វេងដៃទន្ទឹមគ្នានោះ គេឃើញវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណេះសំណាលសើចញញឹម បង្ហាញពីការអបអរសាទរ និងសិរីមង្គលដល់ព្រះរាជពិធីអភិសេកនេះ ។
ចំណែកដើរនៅខាងក្រោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គេក៏ឃើញមានវត្តមានលោកស្រីនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត់ត្រា និង មេដឹកនាំបណ្តាប្រទេសមួយចំនួនទៀត ។ យោងតាមសារព័ត៌មាននានាបានឲ្យដឹងថា ព្រះរាជធីតាហាហ្វ៊ីសាដែលរៀបអភិសេកនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងជំនួញ និងជាព្រះរាជធីតាអង្គទី៥របស់សម្តេចស៊ុលតង់ ហាស់សាណាល់ បូលកៀ និងព្រះរាជិនីសាឡេហា ។
បច្ចុប្បន្នព្រះរាជធីតាហាហ្វ៊ីសា កាន់ការងារជាមន្ត្រីនៅក្រសួងហិរញ្ញវត្ថុ។ចំណែកលោករូ សាយនី ជាស្វាមី ជាមន្ត្រីរាជការបម្រើការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ។ លោករូសាយនី និងព្រះរាជធីតាហាហ្វ៊ីសាបម្រើការងារក្រោមបង្គាប់បញ្ជារបស់ព្រះបិតាដែលជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ