រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងដែលត្រូវជនមិនស្គាល់មុខបើកយកទៅប្លុងចោល ហើយត្រូវបានប៉ូលិសប៉ុស្តិ៍សង្កាត់ចោមចៅ ស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នោះមិនបានជួលជាងធ្វើសោទៅចាក់បើកមើលភ្លាមៗនោះទេ លុះក្រោយមកមានការចុះផ្សាយតាមប្រព័ន្ធវេបសាយកោះសន្តិភាពពីដំណឹងរើសបានរថយន្តនោះរួចមកបានធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិម្ចាស់រថយន្តនោះនាំគ្នាទៅមើល ។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះគឺក្រោយពេលចាក់សោបើកមើលឃ្លុបក្រោយរថយន្ត ស្រាប់តែប្រទះឃើញសពម្ចាស់រថយន្តត្រូវឃាតករបាញ់សម្លាប់ច្រកចូលក្នុងការុងរុំថង់ប្លាស្ទិកយ៉ាងណែនដែលធ្វើឱ្យក្រុមគ្រួសារមានការតក់ស្លុតរន្ធត់យ៉ាងខ្លាំង ។
សពម្ចាស់រថយន្តនោះត្រូវបានគេប្រទះឃើញ និងមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី២១ កញ្ញា ២០១២ នៅមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះត្រូវឃាតករបាញ់សម្លាប់ ព្រោះរឿងគំនុំរកស៊ីគួកជេដីដោយសម្លាប់ពីកន្លែងណាមួយរួចដឹកតាមរថយន្តរបស់ខ្លួនយកទៅប្លុងចោលនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅនោះ បន្ទាប់មកឃាតករបានគេចខ្លួនបាត់ស្រមោល ។ ទោះបីជាបែបណា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដុតដៃដុតជើងបំផុត ដើម្បីរកមុខសញ្ញាក្រុមជនដៃដល់ ។
បុរសជាម្ចាស់រថយន្តដែលត្រូវឃាតករបាញ់សម្លាប់នោះឈ្មោះហង្ស សុភក្ត្រា អាយុ៤៥ឆ្នាំ មុខរបរគួកជេដី និងអ្នកខ្លះថា ជាអង្គរក្សអ្នកខ្លះទៀតថា គាត់កំពុងបំពេញបែបបទមិនទាន់បានចូលជាអង្គរក្សពេញសិទ្ធិនៅឡើយទេ ។ បុរសរងគ្រោះមានទីលំនៅផ្ទះលេខ០០៣ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ត្រូវឃាតករបាញ់ចំនួន២គ្រាប់គឺ១គ្រាប់ចំពីក្រោយខ្នងក្រោមបោះដៃផុតធ្លាយទៅមុខលើដោះខាងស្តាំ និង១គ្រាប់ទៀតចំស្មងជើងខាងឆ្វេងធ្លាយពីម្ខាងទៅម្ខាង រួចឃាតករបានច្រកសពចូលក្នុងការុង និងរុំថង់ប្លាស្ទិកដាក់ចូលក្នុងឃ្លុបរថយន្តតែម្តង ។ រថយន្តដែលឃាតករដឹកសពយកទៅប្លុងចោលនោះម៉ាកកាមរីបាឡែនស៊េរីឆ្នាំ២០០២ ពណ៌ស្ករ ។
គ្រួសារជនរងគ្រោះបានប្រាប់ឱ្យសមត្ថកិច្ចដឹងថា លោកហង្ស សុភក្ត្រា មានមុខរបរជាអ្នកគួកជេដី និងបានចាកចេញពីផ្ទះកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី២០ កញ្ញា ២០១២ ដោយប្រាប់ថា មានគេឱ្យជូនទៅមើលដីនៅខេត្តកំពង់ស្ពឺ ដោយជិះរថយន្តម៉ាកកាមរីបាឡែន នោះតែម្នាក់ឯងទៅបាត់ ហើយមកឃើញសពតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ