AFP ផ្សាយឱ្យដឹងថា ក្រុមហ៊ុនអណ្តូងរ៉ែដ៏ធំរីយ៉ូ ទីនតូ (Rio Tinto) បានតាំងពិព័រណ៍ពេជ្រដែលមានពណ៌ដ៏កម្រនៅលើពិភពលោកនៅហុងកុងកាលពីថ្ងៃទី១៦ កញ្ញា ក្នុងគោលបំណងទាក់ទាញអតិថិជនចិនដីគោក ។Rio Tintoតាំងបង្ហាញពេជ្រពណ៌ផ្កាឈូក ក្រហម និងខៀវ សរុបមានចំនួន៧៥គ្រាប់ ។ កាលពីខែកុម្ភៈ ក្រុមហ៊ុននោះជីកប្រទះឃើញពេជ្រពណ៌ផ្កាឈូកទំហំ១២,៧៦ការ៉ាត់ នៅអូស្ត្រាលីជាគ្រឿងអលង្ការទំហំធំបំផុតដែល។ ពេជ្រពណ៌ផ្កាឈូកជាពេជ្រដ៏កម្រ និងមានតម្លៃខ្ពស់ជាងពេជ្រទូទៅដល់ទៅ៥០ដង ។
ក្រុមហ៊ុនRio Tintoបញ្ជាក់ថា ពេជ្រផ្កាឈូកដែលតាំងបង្ហាញនេះនឹងបើកលក់នៅក្នុងអំឡុងដំណាច់ឆ្នាំ២០១២អាចមានតម្លៃខ្ពស់ក្នុងមួយការ៉ាត់ដល់ទៅ១លានដុល្លារអាមេរិក ។លោកចូសហ្វ៊ីនថនសុន អ្នកចាត់ការទូទៅផ្នែកពេជ្រផ្កាឈូកពីអណ្តូងរែ៉ពេជ្រArgyle សាខារបស់Rio Tinto បានផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី២០ កញ្ញា ថាអតិថិជនក្នុងប្រទេសចិនបានផ្តល់ចំណាប់អារម្មណ៍លើពេជ្រដ៏កម្រនេះយ៉ាងពិសេស និងក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ទីផ្សារគ្រឿងអលង្ការនៅប្រទេសចិន និងឥណ្ឌាកើនឡើងយ៉ាងឆាប់រហ័ស ។
លោកចនសុន ថ្លែងថា«យើងយល់ច្បាស់ថា ចិនកំពុងក្លាយជាទីផ្សារសំខាន់ និងមានការប៉ាន់ប្រមាណថា ទីផ្សារពេជ្រនៅចិននឹងនាំមុខសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៥ »។Rio Tinto ជាក្រុមហ៊ុនផលិតពេជ្រពណ៌ផ្កាឈូកជាង៩០ភាគរយ ក្នុងការដាក់លក់នៅលើទីផ្សារពិភពលោកដោយពេជ្រទាំងអស់ជាពេជ្រដែលជីកប្រទះឃើញនៅអណ្តូងរ៉ែពេជ្រប្រទេសArgyle អូស្ត្រាលី ៕
ចែករំលែកព័តមាននេះ