រាជធានីភ្នំពេញ ៖ ជនក្លែងខ្លួនជាបព្វជិត៤នាក់ រួមនឹងបុរសពីរនាក់ទៀតដែលជាអ្នកបើករថយន្តត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ក្រាំងធ្នង់ និងប៉ូលិសខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ខ្លួន ខណៈពេលដែលពួកគេជិះរថយន្តចំនួន២គ្រឿងមានដឹកស្បង់ចីវរ និងបាត្រក្នុងឃ្លុបរថយន្តខាងក្រោយដើររកទីតាំងស្ងាត់ដើម្បីស្លៀកស្បង់គ្រងចីវរនោះចេញដើរបិណ្ឌបាត្រ ប៉ុន្តែដោយសារប៉ូលិសមានការសង្ស័យ និងធ្វើការស្រាវជ្រាវជាយូរមកហើយទើបពេលនេះឈានដល់ការចាប់ខ្លួនតែម្តង ។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២០ កញ្ញា ២០១២ នៅតាមផ្លូវលេខ២០១១ ស្ថិតក្នុងភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមជនសង្ស័យខាងលើមាន ១-ឈ្មោះជីម ណាត អាយុ២៧ឆ្នាំ ២-ឈ្មោះសន ណាក់ អាយុ៣៦ឆ្នាំ ៣-ឈ្មោះទូច ណែត អាយុ២៥ឆ្នាំ ៤-ឈ្មោះបឿន ធី អាយុ២៣ឆ្នាំ ៥-ឈ្មោះសន សុណៃ អាយុ៣៣ឆ្នាំ និង៦-ឈ្មោះសន សំអូន អាយុ៣២ឆ្នាំ ជនទាំង៦នាក់នោះមានស្រុកកំណើតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ជាមួយគ្នា ហើយសព្វថ្ងៃស្នាក់នៅក្នុងភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពេលចាប់ខ្លួនប៉ូលិសដកហូតបានសម្ភារមួយចំនួនរួមមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពីរគ្រឿង ព្រមទាំងបាត្រចំនួន៩ ស្បង់ចីវរចំនួន៥កំប្លេរ និងឆត្រចំនួន១១ផងដែរ ។
លោកប៊ន សំអាត អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ការជឿជាក់នោះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋទាំងអស់មិនបានដឹងថា ជនទាំងនោះគឺជាបុព្វជិតក្លែងក្លាយនោះទេ ហើយមិនត្រឹមតែយកចង្ហាន់ ឬថវិកាទៅប្រគេន និងដាក់បាត្រប៉ុណ្ណោះទេ គឺថែមទាំងក្រាបថ្វាយបង្គំឱនក្បាលដល់ដីទៀតផង តាមពិតជនទាំងនេះ គឺជាជនក្លែងខ្លួនជាបុព្វជិតដែលជាអ្នកប្រព្រឹត្តល្មើសទៅនឹងច្បាប់ទៅវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ