រាជធានីភ្នំពេញ ៖ កូនភ្លោះបីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងផ្តល់ព្រហ្មវិហារធម៌ជួយឧបត្ថម្ភថវិកាជាទូទៅ ទោះបីជាទារក ឬទារិកានោះកើតនៅកន្លែងណាក៏ដោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងត្រូវបានក្រុមគ្រូពេទ្យក៏ដូចជាប្រជាពលរដ្ឋទូទៅចាត់ទុកកូនភ្លោះបី គឺជាកូនរបស់សម្តេច ហើយតាមការកត់សម្គាល់ភាគច្រើនកើតក្នុងគ្រួសារក្រីក្រ ។
ផ្តើមចេញពីការកត់សម្គាល់ខាងលើនេះ នៅព្រឹកថ្ងៃទី២០ កញ្ញា អ្នកយកព័ត៌មានកោះសន្តិភាពបានទទួលព័ត៌មានពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រាប់ថា មានកូនភ្លោះបី សុទ្ធសឹងជាទារកបានកើតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ កញ្ញា ។ ម្តាយទារកទាំងបីនេះ ឈ្មោះលឹម ម៉ៅ អាយុ៣៥ឆ្នាំ ឪពុកឈ្មោះមុំ ឡាយ អាយុ៥២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមគ្រូពេទ្យប្រាប់ទៀតថា ស្ត្រីជាម្តាយទារកភ្លោះបីខាងលើសម្រាលកូនតាមបែបធម្មជាតិ គឺអត់ធ្វើការវះកាត់អ្វីឡើយ ។ លោកមុំ ឡាយ ឪពុកទារកទាំងបីនោះ និយាយថា ប្រពន្ធគាត់ឆ្លងទន្លេលើកនេះ គឺជាលើកទី៤ហើយ ៕
ចែករំលែកព័តមាននេះ