រាជធានីភ្នំពេញ ៖ សន្តិសុខម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ កញ្ញា ខណៈពេលតខ្សែភ្លើងឆក់ត្រីក្នុងស្រះទឹកក្បែរផ្ទះ តែបែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ ។ ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅភូមិទួលគោក ក្រុម១២ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ជនរងគ្រោះឈ្មោះនៅ ភន ភេទប្រុស អាយុ២៣ឆ្នាំ ជាសន្តិសុខឯកជនយាមរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់េលខ៦ ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតខេត្តព្រៃវែង ។
តាមសម្តីស្ត្រីឈ្មោះសាន គង្គា អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធសពឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានទៅធ្វើការរោងចក្រ ស្រាប់តែមានគេទូរស័ព្ទប្រាប់ថាប្តីត្រូវខ្សែភ្លើងឆក់ស្លាប់។ ឈ្មោះសុខ សាវឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកនៅក្បែរគ្នាបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតក្នុងភូមិបានតភ្លើងចេញពីបន្ទប់ជួល ដើម្បីឆក់ត្រីក្នុងស្រះមុខបន្ទប់ជួល ។ នៅពេលឆក់ ជនរងគ្រោះឈរក្នុងទឹក ហើយអូសខ្សែភ្លើងចុះឡើងៗដោយដៃប៉ះចំមុខដំណ ក៏ត្រូវចរន្តអគ្គិសនីឆក់ដួលប្រកាច់ក្នុងទឹកតែម្តង ។
បុរសឈ្មោះសុខ សាវឿន បន្តទៀតថា ភ្លាមនោះក្មេងប្រុសបានស្រែកឱ្យគេជួយត្រូវអ្នកមើលការខុសត្រូវផ្ទះជួលបានទៅផ្តាច់ចរន្តភ្លើង ហើយរូបគាត់ និងអ្នកភូមិម្នាក់ទៀតបាននាំគ្នាទៅជួយសង្គ្រោះ ដោយលើកយកមកដាក់លើគ្រែមុខផ្ទះធ្វើចលនា តែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ