ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​​​ទទួល​​ជំនួយ​​មនុស្ស​​ធម៌​​​១៨,៥​​លានដុល្លា​រ​​ពី​សហ​រដ្ឋ​​អាមេរិក​តាមរយៈ​ USAID

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យោងតាម​សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា​ដែលចេញផ្សាយជាសាធារណៈ​កាលពីថ្ងៃទី​២០ កញ្ញា ឆ្នាំ២០១២បានឲ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃទី២១ កញ្ញា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី តំណាងរាជ​រដ្ឋាភិបាល​កម្ពុជា និង​តំណាងរដ្ឋាភិ​បាល​សហរដ្ឋអាមេរិកនឹងចុះហត្ថ​លេខាទទួលជំនួយមនុស្សធម៌សម្រាប់​ឆ្នាំ២០១២ពីរដ្ឋាភិបាលសហ​រដ្ឋអា​

រាជ​ធានីភ្នំពេញ ៖ យោងតាម​សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា​ដែលចេញផ្សាយជាសាធារណៈ​កាលពីថ្ងៃទី​២០ កញ្ញា ឆ្នាំ២០១២បានឲ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃទី២១ កញ្ញា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី តំណាងរាជ​រដ្ឋាភិបាល​កម្ពុជា និង​តំណាងរដ្ឋាភិ​បាល​សហរដ្ឋអាមេរិកនឹងចុះហត្ថ​លេខាទទួលជំនួយមនុស្សធម៌សម្រាប់​ឆ្នាំ២០១២ពីរដ្ឋាភិបាលសហ​រដ្ឋអា​មេរិក តាមរយៈ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ ហៅកាត់ជាភាសា​អង់គ្លេសថា USAID នូវទឹកប្រាក់​ចំនួន១៨,៥​លានដុល្លារ ដើម្បីគាំទ្រដល់វិស័យ​អាទិភាពរួមគ្នា​របស់រដ្ឋាភិបាលអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា លើផ្នែកកំណើនសេដ្ឋកិច្ច កសិកម្ម សន្ដិសុខស្បៀង ការបំរែប​ំរួល​អាកាសធាតុសកល និងការកាត់បន្ថយផលប៉ះពាល់របស់វា ។

សេចក្ដី​ប្រកាសព័ត៌មានបានបន្ថែមថា កិច្ចព្រម​ព្រៀងទ្វេភាគីនេះ បានផ្ដល់ការគាំទ្រ​​ដល់កម្មវិធី​របស់ USAID លើគម្រោង​ជួយដោះ​ស្រាយភាពងាយរងគ្រោះនៅតាមជនបទ និងស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ី HARVEST រួមទាំងគម្រោងផ្សេងៗទៀត ដែល​នឹងគាំទ្រ​ដល់យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលើកកម្ពស់ផលិតកម្មកសិកម្មពង្រឹងសមត្ថភាពគ្រប់គ្រង​​ក្រោយ​ការ​ប្រមូលផល បង្កើនលទ្ធភាពប្រើប្រាស់ស្បៀង និងជួយដល់កសិករកម្ពុជាក្នុងការសម្របទៅនឹងបំរែបំរួល​អាកាសធាតុ ។

គម្រោង​ទាំងនោះ ក៏នឹងជួយពង្រឹងសមត្ថភាពរបស់​សង្គមស៊ីវិល វិស័យឯកជន និង​រាជរដ្ឋាភិបាល ដើម្បីដោះស្រាយការ​ប្រឈមស្តី​ពីសន្ដិសុខស្បៀង និងការបំរែបំរួលអាកាសធាតុនៅកម្ពុជា ។ ការផ្តល់ថវិកាសម្រាប់សកម្មភាពទាំងនេះ បានមកពីកម្មវិធីស្តីពីគំនិត​ផ្ដួចផ្តើម​ដើម្បីចិញ្ចឹមអ្នកជំនាន់ក្រោយ Feed the Future និងការប្រែប្រួលអាកាសធាតុសកលលោក ។​ គំនិតផ្តួចផ្តើមសម្រាប់ការ​ប្រែប្រួលអាកាសធាតុសកលធ្វើការ​ដើម្បីការពារព្រៃឈើអភិរក្សជីវៈចម្រុះ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកពា្ចក់ ។

ទាំងនេះ​ជាសកម្មភាព​ដ៏សំខាន់ ដើម្បីការពារបរិស្ថាន​​​របស់កម្ពុជា និងលើកកម្ពស់ជីវភាព​រស់នៅ ក៏ដូចជាចំណូល​របស់ប្រជាពល​រដ្ឋនៅ​តាមជនបទផងដែរ ។ សេចក្ដី​ប្រកាសព័ត៌របស់​ស្ថានទូតអាមេរិក​​ប្រចាំកម្ពុជាដដែល​ក៏បានបញ្ជាក់ឲ្យ​ដឹងដែរថា សហរដ្ឋ​អាមេ​រិក​​ក៏គាំទ្រផងដែរនូវកម្មវិធីជាច្រើន​ផ្សេងៗទៀត សំដៅបម្រើផលប្រយោជន៍​ដល់ប្រជាជន កម្ពុជាទាំងអស់​ដូច​ជាកម្មវិធី​សុខភាព ការអប់រំ​សិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ចល្អ និងការប្រឆាំង​ការជួញដូរមនុស្សជាដើម ។ USAID សង្ឃឹមថានឹងផ្ដល់​ថវិកាសរុបចំនួន៦៥លានដុ​ល្លារ​សហរដ្ឋអាមេរិក ជាជំនួយ​ឧបត្ថម្ភដល់​ប្រទេស​កម្ពុជា ក្នុងឆ្នាំ​២០១២នេះ។

នៅក្នុងសេចក្ដីប្រកាស​ព័ត៌មានបាន​ឲ្យដឹងថា លោកជេហ្វ ដេហ្គល ភារធារីស្ថាន​ទូតសហរដ្ឋ​អាមេរិកប្រចាំ​នៅកម្ពុជា នឹងអញ្ជើញ​ចូល​រួម​នៅក្នុងពិធីចុះហត្ថលេខានេះ ក្នុងនាមជាសាក្សី ។ លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី និងលោក Flynn Fuller នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ នឹងចុះហត្ថលេខា ក្នុងនាម​រដ្ឋាភិ​បាល​របស់ខ្លួន៕