រាជធានីភ្នំពេញ ៖ ក្រោយពីបានការអញ្ជើញចូលរួមក្នុងមហាសន្និបាតអាស៊ានអាយប៉ាលើកទី៣៣ នៅទីក្រុងឡាំប៊ុក នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសវិញ ហើយកាលពីថ្ងៃទី២០ កញ្ញា ២០១២ វេលាម៉ោង៥ល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលខុសពីការគ្រងទុករបស់សម្តេចថា ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី២២ កញ្ញា ខាងមុខនេះ ។
នៅក្នុងសន្និសីទកាសែតលោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មបានមានប្រសាសន៍ថា ការចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៣ ក្នុងទីក្រុងឡាំប៊ុក ប្រទេសឥណ្ឌូណេស៊ី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកយកខ្លឹមសារដែលជាសសរស្តម្ភចំនួន៣សម្រាប់ជំរុញឱ្យប្រទេសដែលជាសមាជិកអាស៊ានសហប្រតិបត្តិការឱ្យកាន់តែមានភាពល្អឡើងទាំងក្នុងតំបន់ ក៏ដូចជាលើសកលលោក ព្រមទាំងអាស៊ីប៉ាស៊ីហ្វិក ។
លោកបន្តថា សសរស្តម្ភទាំង៣ចំណុចដែលសម្តេចមហាពញាចក្រី លើកឡើងមានទី១-ផ្នែកនយោបាយ សេរីភាព សន្តិសុខ ដែលកម្ពុជាបានចូលរួមក្នុងតំបន់។ ២-ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាបានចូលរួមចំណែកក្នុងការបង្កើត សេដ្ឋកិច្ច សម្រាប់អាស៊ានឱ្យក្លាយជាសមាគមអាស៊ានតែមួយនៅឆ្នាំ២០១៥ ខាងមុខ និងទី៣-សម្តេចបានលើកយកគោលការណ៍ផ្នែកសង្គមកិច្ចដែលកម្ពុជាបានចូលរួមក្នុងសមាគមអាស៊ាន ដើម្បីជំរុញឱ្យមានធនធានមនុស្ស មានសុខុមាលភាពបរិបូណ៌ មានចំណេះដឹងច្រើន ជាពិសេសដើម្បីពង្រីកផ្នែកសង្គមកិច្ច និងអប់រំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ