សារព័ត៌មានបរទេស ផ្សាយថាលោករ៉ូណាល់ ផូសអ្នកទោសអាយុ៥៣ឆ្នាំ ដែលរង់ចាំការប្រហារជីវិតក្នុងរដ្ឋអូហាយយ៉ូសហរដ្ឋអាមេរិក បានបង្កភាពភ្ញាក់ផ្អើលមួយដោយស្នើសុំពន្យារពេលប្រហារជីវិតរបស់ខ្លួនដោយផ្ដល់ហេតុផលថា រូបគេ«ធាត់លើសកំណត់»ខ្លាចបាក់គ្រែប្រហារជីវិត ។
តាមរបាយការណ៍ពីទីក្រុងកូឡាំបាស់ រដ្ឋអូហាយ៉ូ ដោយយោងលើមេធាវីម្នាក់បានបញ្ជាក់ថា អ្នកទោស រ៉ូណាល់ ផូស ដែលបង្កបទឧក្រិដ្ឋដោយប្រើកាំភ្លើងបាញ់បុគ្គលិកសណ្ឋាគារម្នាក់នៅភាគខាងជើងនៃរដ្ឋនោះ បណ្ដាលឱ្យស្លាប់កាលពីឆ្នាំ១៩៨៣ ឬប្រហែល ៣០ឆ្នាំមុន បានដាក់សំណុំរឿងទៅក្រឡាបញ្ជីក្នុងតំបន់កាលពីថ្ងៃទី១៤ កញ្ញា កន្លងមកដើម្បីសុំពន្យារពេលប្រហារជីវិតដោយចាក់ថ្នាំតាមកាលកំណត់ថ្ងៃទី១៦ មេសា ឆ្នាំ ២០១៣ ។
លោកផូសដែលមានទម្ងន់ជាង២១៨គីឡូក្រាមបានផ្ដល់ហេតុផលថា ទម្ងន់របស់គេអាចត្រូវប្រឈមមុខនឹងការឈឺចាប់ក្នុងរាងកាយ និងផ្លូវចិត្តយូរជាងមនុស្សធម្មតា ។ លើសពីនេះក៏មានអំណះអំណាងថា គ្រែដែលប្រើសម្រាប់ប្រហារជីវិតអាចបាក់ដោយសារទប់ទម្ងន់ខ្លួនរបស់គេមិនបាន ។នៅក្នុងរបាយការណ៍បញ្ជាក់ថា អ្នកទោសរ៉ូណាល់ ផូស ធ្លាប់ព្យាយាមសម្រកទម្ងន់ដោយហាត់ប្រាណ ប៉ុន្តែមិនទទួលជោគជ័យ ដោយសារមានបញ្ហាឈឺក្បាលជង្គង់ និងខ្នងរាំុរ៉ៃជាឧបសគ្គក្នុងការហាត់ប្រាណ ខណៈពេលគ្រូពេទ្យប្រចាំពន្ធនាគារក៏មិនឱ្យគេដើរដែរ ព្រោះមានការប្រឈមមុខខ្ពស់ក្នុងការដួលបណ្ដាលឱ្យរបួសធ្ងន់ ។
ក្រៅពីនេះនៅមានរបាយការណ៍បញ្ជាក់ថា អ្នកទោសក្នុងរឿងក្ដីឃាតកម្មនេះ ធ្លាប់ព្យាយាមសម្រកទម្ងន់ដោយការធាក់កង់ហាត់ប្រាណក្នុងពន្ធនាគារម្ដងរួចមកហើយ ប៉ុន្តែត្រូវបញ្ឈប់ ក្រោយពីទោចក្រយាននេះបាក់ជា២កំណាត់ព្រោះទប់ទល់មិនរួច ។
កាលពីឆ្នាំ១៩៩៤តុលាការក្នុងរដ្ឋវ៉ាស៊ីនតោនភាគខាងលិចឆៀងខាងជើងសហរដ្ឋអាមេរិក ធ្លាប់សម្រេចចិត្តឱ្យអ្នកទោសមីតសេល រូប ត្រូវទទួលទោសប្រហារជីវិតដោយព្យួរក ប៉ុន្តែប្ដូរទៅទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតជំនួស ដោយសារមានបញ្ហាគឺក្បាលរបស់គេអាចត្រូវដាច់ចេញពីដងខ្លួនក្នុងពេលចងព្យួរព្រោះដងខ្លួនមានទម្ងន់ដល់ទៅ១៨២គីឡូក្រាម ។អ្នកទោសនោះបានស្លាប់ក្នុងពន្ធនាគារកាលពីឆ្នាំ ២០០៦ ។តាមច្បាប់របស់រដ្ឋអូហាយយ៉ូ ការប្រហារជីវិតអ្នកទោសនឹងប្រតិបត្តិដោយការចាក់សារធាតុប៉ង់តូបាប៊ីតាល(Pantobarbital) ចំនួន១ឈុតតាមដៃរបស់អ្នកទោស ៕
ចែករំលែកព័តមាននេះ