រាជធានីភ្នំពេញ ៖ ផ្ទះសំណាក់មួយឈ្មោះសំណង់១២ដែលក្រុមជួញដូរគ្រឿងញៀនយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនត្រូវកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយប៉ូលិសខណ្ឌទួលគោក និងអាជ្ញាធរឆ្មក់ចូលឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ដកហូតបានគ្រឿងញៀនមួយចំនួននិងឧបករណ៍សម្រាប់កែច្នៃមួយចំនួនទៀត ។
ប្រតិបត្តិការចុះឆែកឆេរបង្ក្រាបគ្រឿងញៀននេះធ្វើឡើង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៩ កញ្ញា នៅក្នុងផ្ទះសំណាក់សំណង់១២ ស្ថិតនៅផ្ទះលេខ២៥ ផ្លូវលេខ២៦៥ ក្រុមទី២៧ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោកខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
តាមព័ត៌មានឱ្យដឹងថា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ូលិសអធិការដ្ឋានខណ្ឌទួលគោក ប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី៣ និងអាជ្ញាធរសង្កាត់បានឆែកឆេរបន្ទប់ផ្ទះសំណាក់ចំនួន៤ គឺបន្ទប់លេខ២០១,២០៣,២០៤និងបន្ទប់លេខ២០៦ ហើយឃាត់ជនសង្ស័យបានចំនួន៩នាក់ ដែលក្នុងនោះមានស្រីម្នាក់ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន១០កញ្ចប់ ម្សៅគ្រឿងញៀនពណ៌លឿង១កញ្ចប់តូច ព្រមទាំងឧបករណ៍សម្រាប់កែច្នៃគ្រឿងញៀនចំនួន៤គ្រឿង ដែកធុកចំនួន៣ និងជញ្ជីង១ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន១-ឈ្មោះយឺន វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះសុខ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះញឹក រ៉ានី ភេទប្រុស អាយុ៣២ឆ្នាំ ៤-ឈ្មោះអឹុង ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ៥-ឈ្មោះហុត ពឿន ភេទស្រី អាយុ២៥ឆ្នាំ ៦-ឈ្មោះពៅ រ៉ូហ្សា ភេទប្រុស អាយុ១៩ឆ្នាំ ៧-ឈ្មោះហាយ ឆៃប៉ ភេទប្រុស អាយុ២០ឆ្នាំ ៨-ឈ្មោះរស់ ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ និង៩-អ៊ុំ ប៊ុនថាន់ ភេទប្រុស អាយុ២១ឆ្នាំ ។
តាមព័ត៌មានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនចំនួន២នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទើបឈានទៅឆែកឆេរផ្ទះសំណាក់សំណង់១២នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ឃាត់បានជនសង្ស័យចំនួន៩នាក់ទៀត ព្រមទាំងគ្រឿងញៀន និងឧបករណ៍កែច្នៃ ។ ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យដើម្បីសាកសួរ ។ សរុបការឃាត់ខ្លួនមាន១១នាក់ ។ តាមព័ត៌មានឱ្យដឹងថា នៅយប់នោះកម្លាំងសមត្ថកិច្ចបន្តទៅឆែកឆេរនៅខណ្ឌសែនសុខបន្តទៀត ដែលជាលំនៅឋានរបស់ឈ្មោះយឺន វុទ្ធីដែលជាមេខ្លោង ។
មេខ្លោងឈ្មោះយឺន វុទ្ធី ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ តាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ចថា ជននេះក៏មានដីកាចាប់ខ្លួនដោយលោកចៅក្រមស៊ើបអង្កេតសេង នាង កាលពីថ្ងៃទី១៥ មីនា ២០១២ ពីបទជួញដូរគ្រឿងញៀន នៅសង្កាត់ទឹកថ្លា ។
ក្នុងការបន្តឆែកឆេរនេះប៉ូលិសបានឃាត់ខ្លួនមនុស្ស៣នាក់ថែមទៀត គឺ១-ឈ្មោះមិន ភារិន ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធមេខ្លោង និងត្រូវតុលាការចាប់ខ្លួនផងដែរ ។ ចំណែកឯ២នាក់ទៀតគឺជាម្តាយក្មេករបស់មេខ្លោង និងបុរសជាឪពុកមារបស់ប្រពន្ធមេខ្លោងម្នាក់ទៀត ។ ចំពោះគ្រឿងញៀននៅក្នុងផ្ទះល្វែងរបស់ជនសង្ស័យខាងលើសមត្ថកិច្ចមិនបានរកឃើញថ្មីថែមទៀតនោះទេ សរុបក្នុងការចាប់ខ្លួនជនពាក់ព័ន្ធនឹងគ្រឿងញៀនមានចំនួន១៤នាក់៕
ចែករំលែកព័តមាននេះ