ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា ក្លិបបិសាចក្រហម Man Utd បានបង្ហាញលទ្ធផលប្រាក់ចំណូល និងចំណេញប្រចាំរដូវកាល២០១១-២០១២ ដោយធ្លាក់ចុះ៣៣ភាគរយមានចំនួនប្រហែល៣២០លានផោន បើធៀបនឹងឆ្នាំមុនដោយសារក្លិបធ្លាក់ចេញពីជុំប្រកួតយូហ្វាឆេមពានលីក ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់តួលេខចុងក្រោយចាត់ទុកថា បណ្តាលមកពីការលក់ភាគហ៊ុនប្រហែល១០ភាគរយរបស់ត្រកូលគ្លេស័រ ជាម្ចាស់ក្លិបដោយលក់ក្នុងទីផ្សារហ៊ុនញូវយ៉ក (NYSE) ជាលើកដំបូងកាលពីខែសីហា កន្លងមកក្នុងមួយហ៊ុនពី១៦ទៅ២០ដុល្លារ ប៉ុន្តែលក់បានត្រឹម១៤ដុល្លារប៉ុណ្ណោះ និងបច្ចុប្បន្ននៅសល់តែ១២ដុល្លារក្នុង១ហ៊ុន ។
ស្របពេលជាមួយគ្នានេះក៏មានការរំពឹងទុកថា មូលហេតុដែលប្រាក់ចំណូលរបស់ក្លិបធ្លាក់ចុះអាចបណ្តាលមកពីការជ្រុះចេញពីជុំប្រកួតយូហ្វាឆេមពានលីកតាំងពីជុំចែកពូល ធ្វើឱ្យក្លិបបាត់ចំណូលដល់ទៅ១៤លានផោន ធៀបនឹងឆ្នាំ២០១០-២០១១ ដែលបានឆ្លងចូលដល់ជុំផ្តាច់ព្រ័ត្រ និងជាឆ្នាំដែលមានចំណូលច្រើនបំផុត ។
សម្រាប់ចំណូលដែលទទួលបានពីការឃោសនារបស់ក្លិបមានការកើនឡើង១៣,៧ភាគរយ បន្ទាប់ពីក្លិបយល់ព្រមចុះហត្ថលេខាក្នុងតម្លៃ៤០លានផោនជាមួយក្រុមហ៊ុន DHL ក្រុមហ៊ុនដឹកជញ្ជូននៅលើពិភពលោក ក្នុងនាមជាអ្នកឧបត្ថម្ភលើអាវហ្វឹកហាត់របស់ក្លិប ។
លោកអេត វូដវើត អនុប្រធានក្លិបបានថ្លែងថា «យើងមានចិត្តត្រេកអរដែលបានប្រកាសពីលទ្ធផលមុខជំនួញជាលើកដំបូងចាប់តាំងពីយើងបានចុះបញ្ជីជាមួយទីផ្សារហ៊ុន NYSE នៃឆ្នាំសារពើពន្ធ ២០១២ ដោយចាត់ទុកថាជាឆ្នាំដ៏ល្អក្នុងផ្នែកឃោសនារបស់ក្លិប Man Utd ។ លើសពីនេះយើងក៏បានទទួលភាពរឹងមាំកាន់តែខ្លាំងក្រោយពីបានចុះហត្ថលេខាជាមួយកីឡាករល្បីៗនៅលើពិភពលោកដូចជា កីឡាកររ៉ូប៊ីន វ៉ាន់ពើស៊ី និងឈីជី ខាកាវ៉ា កាលពីរដូវកាលកន្លងមក» ៕
ចែករំលែកព័តមាននេះ