រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប៉ូលិសប៉ុស្ដិ៍ទួលសង្កែរួមជាមួយប្រជាពលរដ្ឋដេញចាប់បាន កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៩ កញ្ញា នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយពីបន្លំខ្លួនធ្វើជាទៅទិញថ្នាំពេទ្យហើយចូលក្នុងផ្ទះលេខ៣២Aផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ លួចទូរស័ព្ទតែត្រូវម្ចាស់គេទាន់ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះឈ្មោះ ជា គឹមវុធ អាយុ២៨ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅតាមផ្ទះសំណាក់ ។ បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចដកហូតបានទូរស័ព្ទប្រគល់ឱ្យម្ចាស់វិញ ឈ្មោះម៉ែន រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះកើហេតុខាងលើ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យមានបក្ខពួកចំនួន២នាក់បានជិះ ម៉ូតូម៉ាកឌ្រីមស៊េរី ២០០៨មួយគ្រឿងមកឈប់នៅមុខផ្ទះលក់ថ្នាំពេទ្យយីហោរ៉ូយ៉ាល់២ ហើយជនម្នាក់ដែលត្រូវចាប់ខ្លួនបានចូលទៅរកទិញថ្នាំពេទ្យរួចក៏លួចយកទូរស័ព្ទម៉ាកអាយហ្វូនមួយគ្រឿងដែលទុកនៅក្នុងផ្ទះ ។ សកម្មភាពនោះត្រូវម្ចាស់គេឃើញក៏ស្រែកថា ចោរៗ ឯជននោះបានរត់ឡើងជិះម៉ូតូបក្ខពួកហើយម្ចាស់ទូរស័ព្ទក៏ជិះម៉ូតូដេញ តាម ។
ដោយមានការអន្តរាគមន៍ពីប៉ូលិសប៉ុស្ដិ៍ទួលសង្កែផង ក្រុមជននេះបានផ្ដួលម៉ូតូចោលរត់គេចខ្លួនតែត្រូវចាប់បានម្នាក់នៅម្ដុំសំណង់១០០ល្វែងក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ រីឯម្នាក់ទៀតគេចខ្លួនបាត់ ។ ម៉ូតូជិះដែលធ្វើសកម្មភាពនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍ទួលសង្កែដើម្បីសាកសួរ ៕
ចែករំលែកព័តមាននេះ