ខេត្តបាត់ដំបង ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាគ្រូពេទ្យប្រចាំមូលដ្ឋាន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីមានពាក្យបណ្ដឹងចោទថា គាត់បានប្រើជំនាញមិនច្បាស់លាស់ចាក់ថ្នាំឱ្យស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ស្លាប់ កាលពីល្ងាចថ្ងៃទី១៥ កញ្ញា នៅភូមិចម្ការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ។
លោកឈិត សេង នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកសំពៅលូនឱ្យដឹងថា ជនត្រូវ ចោទឈ្មោះទូច ពិចិត្រ អាយុ៥១ឆ្នាំ ។ គាត់គ្មានជំនាញឬមានឯកសារណាដែលបញ្ជាក់ថា គាត់ជាគ្រូពេទ្យទេ គ្រាន់តែជាអ្នកលក់ដូរ និងចេះផ្សំថ្នាំពេទ្យតិចតូចសម្រាប់លក់តែប៉ុណ្ណោះ ។ លោកឈិត សេងបន្តថា បុរសរូបនេះត្រូវសមត្ថកិច្ចរបស់លោកឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៧ កញ្ញា ក្រោយពីមានការប្ដឹងចោទថា គាត់បានប្រើប្រាស់ជំនាញមិនច្បាស់លាស់ចាក់ថ្នាំបញ្ចុះកម្ដៅឱ្យស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ឈ្មោះចាន់ ធី អាយុ៤៧ឆ្នាំ បំណងព្យាបាល តែភ្លាត់ស្នៀតបណ្ដាលឱ្យស្លឈាមស្លាប់ភ្លាមៗនៅនឹងផ្ទះគ្រូពេទ្យនេះតែម្ដង ។
តាមការដកស្រង់សម្ដីពីសាច់ញាតិជនរងគ្រោះថា មុនពេលនាំស្រ្តីរងគ្រោះទៅសុំជំនួយពីគ្រូពេទ្យប្រចាំមូលដ្ឋានខាងលើ គឺអ្នកជំងឺគ្រាន់តែមានអាការៈរួយកនិងវិលមុខតិចៗប៉ុណ្ណោះ ។ ស្រ្តីរងគ្រោះអាចនិយាយលេងបានគ្មានអ្វីធ្ងន់ធ្ងរទេមុនពេលនាំទៅដល់ផ្ទះគ្រូពេទ្យ ចិត្រលុះក្រោយពីគ្រូពេទ្យចិត្រ ចាក់ថ្នាំហើយស្រាប់តែស្លឈាមប្រកាច់ស្លាប់ភ្លាមៗតែម្ដង ។រីឯលោកទូច ពិចិត្រ ដែលរងការចោទប្រកាន់វិញបានបំភ្លឺប្រាប់សមត្ថកិច្ចថា ពេលអ្នកជំងឺមកដល់ផ្ទះសុំឱ្យគាត់ជួយសង្គ្រោះ ភ្លាមនោះ គាត់ក៏បានវាស់កម្ដៅឱ្យជាមុនហើយពិនិត្យទៅឃើញស្រ្តីរូបនេះមានកម្ដៅឡើងដល់៣៩,២អង្សាសេ ។
ស្រ្តីរងគ្រោះពេលនោះហាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមែនទែន ។ គ្រូពេទ្យចិត្រ និយាយថា ដោយឃើញអ្នកជំងឺស្ថិតក្នុងស្ថានភាពបែបនេះសាច់ញាតិក៏បានសុំឱ្យគាត់ជួយសង្គ្រោះបន្ទាន់សិន ។ គ្រានោះគាត់ក៏បានយកថ្នាំចាក់១អំពូល(មិនប្រាប់ឈ្មោះ)ចំណុះ២ccដោយបូមចេញ១ccចាក់ឱ្យស្រ្ដីនោះដើម្បីបញ្ចុះកម្ដៅ ។ គ្រូពេទ្យនេះបញ្ជាក់ថា ក្រោយពីចាក់ថ្នាំភ្លាមស្ត្រីរូបនេះហាក់បានធូរបន្តិច និងនិយាយលេងបាន លុះ២០នាទីក្រោយមកស្រាប់តែអ្នកជំងឺរូបនេះមានការប្រែប្រួលមកស្ថានភាពធ្ងន់ធ្ងរវិញ ហើយក្រុមគ្រួសារក៏បានសុំឱ្យគាត់ជួួយសង្គ្រោះបន្ទាន់ជាថ្មីទៀត ។
គាត់ក៏បានយកថ្នាំដដែលដែលសល់ក្នុងអំពូល១ccចាក់ឱ្យស្រ្តីរងគ្រោះបន្ថែម តែគ្រាន់តែដកម្ជុលផុតបន្តិចស្រាប់តែ អ្នកជំងឺរូបនេះ ស្លឈាមស្ទះស្លាប់ភ្លាមនៅក្នុងផ្ទះតែម្ដង។ លោកទូច ពិចិត្រ បានសារភាពថា គាត់គ្មានជំនាញវិជ្ជាពេទ្យទេ គ្រាន់តែចេះផ្សំថ្នាំលក់តិចតូចតាមគេឯង គ្រាន់ជួយសង្គ្រោះអ្នកភូមិបណ្ដោះអាសន្នក្នុងមូលដ្ឋានប៉ុណ្ណោះ ពេលមានការពឹងពាក់ម្ដងម្កាល តែដឹងអីលើកនេះភ្លាត់ស្នៀតនាំឱ្យស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ស្លាប់ ។ គាត់អះអាងថា រូបគាត់មានបំណងជួយសង្គ្រោះស្រ្តីរូបនោះ គឺគ្មានបំណងធ្វើឱ្យស្រ្តីរូបនោះស្លាប់ទ នេះជាអចេតនាតែប៉ុណ្ណោះ ។
ជុំវិញការស្លាប់របស់ស្រ្តីមានផ្ទៃពោះខាងលើនេះ លោកវេជ្ជបណ្ឌិតមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់ថា តាមការរៀបរាប់ពីស្ថានភាពស្រ្តីរងគ្រោះខាងលើគឺអ្នកជំងឺរូបនេះអាចមានជំងឺឡើងឈាមធ្ងន់ធ្ងរ ហើយឡើងកម្ដៅទៀត ។
ជំងឺបែបនេះទាមទារឱ្យមានការព្យាបាលយ៉ាងប្រុងប្រយ័ត្នពីសំណាក់គ្រូពេទ្យជំនាញ ដូច្នេះការស្លាប់របស់ស្រ្តីខាងលើគឺដោយសារអ្នកសង្គ្រោះគ្មានជំនាញ ទាំងការប្រើប្រាស់ថ្នាំ ទាំងការពិនិត្យរោគសញ្ញារបស់អ្នកជំងឺមុនពេលប្រើប្រាស់ថ្នាំព្យាបាល ។ទោះបីជាយ៉ាងណា លោកឈិត សេង នាយផ្នែកនគរបាលព្រហ្មទណ្ឌបានប្រាប់ថា បុរសឈ្មោះ ទូច ពិចិត្រ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី១៩ កញ្ញា ដើម្បីប្រគល់ឱ្យតំណាងអយ្យការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ