រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតទៅលើចំណុចដែលត្រូវយកចិត្តទុកដាក់ ដើម្បីធានាថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរក្នុងរង្វង់១០លាននាក់ នៅក្នុងឆ្នាំ២០២០ និងដើម្បីឱ្យមានការរីកចម្រើនខាងផ្នែកទេសចរណ៍ តើត្រូវផ្អែកលើកត្តាអ្វីខ្លះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២០ កញ្ញា ២០១២ នៅវិមានសន្តិភាពក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ និងប្រកាសផ្សព្វផ្សាយជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍២០១២-២០២០ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ និងយូរអង្វែងសម្រាប់ការអភិវឌ្ឍទេសចរណ៍កម្ពុជា ដោយផ្តោតលើកត្តាសក្តានុពលនៃធនធានវប្បធម៌ និងធម្មជាតិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា មានកត្តាធំៗពីរគួបផ្សំគ្នា ១-គឺកត្តាផ្ទៃក្នុង និង១ទៀតកត្តាអន្តរជាតិដែលមានភាពអំណោយផល ។ទាក់ទិននឹងកត្តាអន្តរជាតិដែលមានភាពអំណោយផល សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា យើងមិនអាចនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិបាននៅពេលដែលយើងខ្វះទំនាក់ទំនងការទូតជាមួយនឹងប្រទេសដទៃ គឺទាល់តែមានកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយនឹងប្រទេសដទៃទាំងអស់ ទើបវាយកើតមានលំហូរទេសចរ ។ ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនេះ គឺយើងគ្មានការរើសអើងថា មកពីស្បែកខ្មៅ ស្បែកស ឬស្បែកលឿងនោះទេ គឺឱ្យតែភ្ញៀវទេសចរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ