រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៨ កញ្ញា កន្លងមកនេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី បានឃាត់ខ្លួនជន៣នាក់ពាក់ព័ន្ធនឹងការកាច់សោ.កម៉ូតូនិងទទួលផលចោរកម្ម ។ ជនទាំង៣នាក់នេះមាន១-ឈ្មោះរស់ សេរីវង្សវីរីយ៉ា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ២-ឈ្មោះព្រំ សុជាតិ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៥៣០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះឈូក ឡុង អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩០៩ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
ទាក់ទិននឹងការឃាត់ខ្លួនជនទាំង៣នាក់នេះ លោកវរសេនីយ៍ទោជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី បានឱ្យដឹងថា ជាការធ្វើឡើងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងបានប្រើប្រាស់កម្លាំងសម្ងាត់ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផង ។ ជាក់ស្តែងជនទាំង៣នាក់នេះ យើងបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ កញ្ញា វេលាម៉ោង៤រសៀលនៅផ្ទះដែលពួកគេជួលស្នាក់នៅខាងលើនេះ ។ លោកវរសេនីយ៍ទោជួន ណារិន្ទ បន្តថា បន្ទាប់ពីឃាត់ខ្លួនយើងដកហូតបានវត្ថុតាងរួមមាន ប្រដាប់កាច់សោម៉ូតូ(ដែកអក្សរT)ជាឧបករណ៍សម្រាប់ធ្វើសកម្មភាពផងដែរ ។
ក្រោយពីត្រូវឃាត់ខ្លួន ជនទាំង៣នាក់សារភាពថា នៅថ្ងៃទី ១២ កញ្ញា ពួកគេបានធ្វើសកម្មភាពលួចកាច់សោម៉ូតូមួយគ្រឿងម៉ាកអាយខនពណ៌លឿង នៅកន្លែងវាយកូនហ្គោលក្នុងសង្កាត់ទួលសង្កែ ។ ពេលលួចម៉ូតូនោះបានយកទៅលក់នៅខេត្តកំពង់ស្ពឺ រួចចែកលុយគ្នាស៊ីចាយអស់និងបានទៅធ្វើសកម្មភាពជាច្រើនលើកទៀត។ ក្រៅពីនេះ ឈ្មោះព្រំ សុជាតិ ធ្លាប់ទិញម៉ូតូដែលក្រុមរបស់ខ្លួនលួចបានយកមកលក់ឱ្យចំនួន២លើកដែរ និងធ្លាប់ចូលរួមគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋទៀតផង ។
លោកជួន ណារិន្ទ បន្តថា បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពនិងយោងលើចម្លើយសារភាពរបស់ជនសង្ស័យក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ