ខេត្តព្រៃវែង ៖ ទីប្រជុំជនអ្នកលឿងគឺជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត អ្នកដំណើរគ្រប់ស្រទាប់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកពីប្រទេសវៀតណាមក៏ដូចជាខេត្តស្វាយរៀង ហើយចង់ទៅលេងនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានានៅក្នុងប្រទេស គឺសុទ្ធតែឆ្លងកាត់ទីប្រជុំជននេះ ។ ដើម្បីស្តារមុខមាត់ និងកិត្តិយសខេត្ត ទីប្រជុំជនអ្នកលឿងនេះចាំបាច់ត្រូវតែរៀបចំសណ្តាប់ធ្នាប់ និងកែប្រែសោភ័ណភាពឱ្យស្រស់បំព្រងឡើងវិញដែលមុននេះមិនមានការអភិវឌ្ឍអ្វីបន្តិចសោះ ។
នេះគឺជាគោលបំណងធំនៃសកម្មភាពចុះត្រួតពិនិត្យនៅទីប្រជុំជនអ្នកលឿង របស់គណៈកម្មការមួយក្រុមដឹកនាំដោយលោកអ៊ុំ ប៊ុនឡេង អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ។ បន្ទាប់ពីត្រួតពិនិត្យស្ថានភាពទូទៅរួចមក គណៈកម្មការមួយក្រុមនេះបានធ្វើការប្រជុំពិភាក្សាកំណត់រកទីតាំងដែលត្រូវកែសម្រួលជាច្រើនចំណុច ក្នុងនោះតូបលក់នំប័ុងនៅម្តុំរង្វង់មូលត្រូវខិតថយក្រោយចេញពីផ្លូវចំនួន៣ម៉ែត្រ តូបលក់ដូរតាមបណ្តោយផ្លូវមុខផ្សារអ្នកលឿងទាំងសងខាងផ្លូវ ត្រូវខិតថយក្រោយពី៣ទៅ៤ម៉ែត្រដែរ ។
ជាមួយនេះ ជួសជុលរបាំងថ្មពុះចែកទ្រូងផ្លូវឱ្យស្អាតល្អឡើងវិញ និងដាក់ស្លាកសញ្ញាចរាចរណ៍ទាំងសងខាង និងជួសជុលកែលម្អរូបសំណាកកងទ័ពឱ្យកាន់តែមានសោភ័ណភាពថែមទៀត ។ ចំណែកក្រុមរថយន្តដែលចតនៅតាមដងផ្លូវ ត្រង់ចំណុចរង្វង់មូលនោះ ដោយសារតែគ្មានចំណតសម្រាប់ឱ្យចត ទើបគណៈកម្មការសម្រេចទុកឱ្យនៅទីតាំងដដែល ប៉ុន្តែមិនអនុញ្ញាតឱ្យឈប់ចតយូរ ឬចតទន្ទឹមគ្នាទេ ព្រោះនឹងធ្វើឱ្យកកស្ទះចរាចរណ៍ ហើយចំណុចទាំងអស់នេះនឹងត្រូវអនុវត្តភ្លាមបន្ទាប់ពីថ្ងៃត្រួតពិនិត្យ ។
លោកអ៊ុំ ប៊ុនឡេង បានថ្លែងថា ការរៀបចំកែលម្អសណ្តាប់ធ្នាប់ឡើងវិញ នឹងធ្វើឱ្យដងផ្លូវស្រឡះធំទូលាយល្អ ជួយឱ្យអ្នកដំណើរមានភាពងាយស្រួលពេលឆ្លងកាត់ បញ្ចៀសបានពីភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគឺទាក់ទាញឱ្យភ្ញៀវទេសចរជាប់ចិត្តជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីប្រជុំជនអ្នកលឿង ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសកម្មភាពចុះរៀបចំកែលម្អសណ្តាប់ធ្នាប់នេះក៏មានក្រុមអាជីវករមួយចំនួនបានសម្តែងនូវការមិនពេញចិត្តខ្លះៗដែរ ដោយពួកគាត់បានលើកឡើងថា តូបពួកគាត់នៅខាងក្រោយទាល់ខិតមិនបាន គឺមានតែកាត់ខាងមុខចោល តែបច្ចុប្បន្នទីតាំងតូបលក់ដូររបស់ពួកគាត់មានទំហំតូចចង្អៀតស្រាប់ទៅហើយ ហើយបើកាត់ចោលទៀតនោះ គឺវាកាន់តែពិបាកជាងមុន ។ ប៉ុន្តែក្រុមអាជីវករភាគច្រើនរួមជាមួយនឹងប្រជាពលរដ្ឋនៅតំបន់អ្នកលឿងនេះ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់របស់គណៈកម្មការនេះ ព្រោះធ្វើឱ្យទីធ្លាស្រឡះល្អ សោភ័ណភាពស្រស់ស្អាតនិងបរិស្ថានល្អ ៕
ចែករំលែកព័តមាននេះ