រាជធានីភ្នំពេញ ៖ ថៅកែរោងចក្រកាត់ដេរដាប់ប៊លវីនហ្គាមេន ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹកក្នុងផ្ទះល្វែងលេខ២៧BEo
ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១២ ។ ចំពោះការស្លាប់នេះ បើតាមសមត្ថកិច្ចសន្និដ្ឋានថា ថៅកែរោងចក្រកាត់ដេរដាប់ប៊លវីនហ្គាមេន ទំនងធ្វើអត្តឃាត ព្រោះបានដាក់គន្លឹះបន្ទប់ទឹកពីក្នុង ។
បុរសដែលគេសង្ស័យថា ធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកនេះឈ្មោះ CHUANG JUNG CHUNG ជនជាតិចិនតៃវ៉ាន់ អាយុ៦៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៣០០៤៣៩៤៩២០ ជាថៅកែរោងចក្រកាត់ដេរដាប់ប៊លវីនហ្គាមេន ស្នាក់នៅក្នុងផ្ទះល្វែងខាងលើ ។ បើតាមសមត្ថកិច្ចឲ្យដឹង គឺបុគ្គលិករួមការងារជាមួយថៅកែរោងចក្ររូបនេះបានរាយការណ៍មកនគរបាលបុ៉ស្តិ៍រដ្ឋបាលស្រះចកថា គេឃើញគាត់ចូលទៅក្នុងបន្ទប់ទឹកដោយដាក់គន្លឹះពីក្នុង ហើយមិនឃើញចេញមកវិញ ទើបកើតការសង្ស័យថា ថៅកែធ្វើអត្តឃាតក៏សុំឲ្យសមត្ថកិច្ចជំនាញចុះពិនិត្យ។
បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំដោយគ្រូពេទ្យតុលាការធ្វើការគាស់បន្ទប់ទឹក គេឃើញថៅកែរោងចក្រកាត់ដេររូបនេះស្លាប់បាត់ទៅហើយក្នុងសម្លៀកបំពាក់យ៉ាងស្អាតបាត ដោយមានពាក់ក្រវាត់កផង និងមានឈាមហូរចេញតាមមាត់ធ្លាក់មកថ្ពាល់ ចំណែកនៅក្នុងបន្ទប់ទឹកឃើញមានបិទស្កុតតាមរន្ធខ្យល់ និងដុតក្រដាសដែលការធ្វើបែបនេះគឺដើម្បីឲ្យថប់ដង្ហើម។ ជាមួយគ្នានេះ សមត្ថកិច្ចបានរកឃើញលិខិតមួយសន្លឹកដែលមានខ្លឹមសារថា ក្រោយពីគាត់បានទិញយករោងចក្រកាត់ដេរយីហោដាប់ប៊លវីនហ្គាមេន អស់ពេលជាងមួយឆ្នាំមក គឺការរកស៊ីរបស់គាត់មានភាពរអាក់រអួល ហើយត្រូវគេមកទារបំណុលរហូតបណ្តាលឲ្យគាត់ពិបាកចិត្ត ។ម្យ៉ាងវិញទៀត ភរិយារបស់គាត់ដែលរស់នៅឯតៃវា៉ន់មានជំងឺឈាមក្នុងខួរក្បាលត្រូវតែធ្វើការវះកាត់ ។ ក្នុងលិខិតនោះសរសេរទៀតថា គាត់សុខចិត្តសម្លាប់ខ្លួននៅប្រទេសកម្ពុជា ហេតុដូច្នេះសូមអធ្យាស្រ័យពីសាច់ញាតិ មិត្តភក្តិផង ហើយពេលមានក្រុមគ្រួសាររបស់គាត់មកយកធាតុទៅស្រុក មេត្តាកុំភ្លេចយកព្រះអង្គដែលទុកក្នុងទូទៅជាមួយ ។ ក្រោយពីពិនិត្យរួច នគរបាលជំនាញ និងគ្រូពេទ្យតុលាការបានដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ។
ប្រភពព័ត៌មានមិនផ្លូវការបានបង្ហើបថា ថៅកែរោងចក្រកាត់ដេរដាប់ប៊លវីនហ្គាមេនដែលដាច់ចិត្តធ្វើអត្តឃាតនេះ ទំនងជាលង់ខ្លួនចាញ់ល្បែងទើបជំពាក់បំណុលគេ ។ ចំណែកមន្ត្រីនគរបាលមួយរូបបាននិយាយរំលឹកថា រោងចក្រកាត់ដេរយីហោដាប់ប៊លវីនហ្គាមេន មានទីតាំងនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយមានកម្មករប្រមាណ៤០០នាក់ ។ កន្លងមករោងចក្រមួយនេះក្រោមការដឹកនាំរបស់លោក CHUANG JUNG CHUNG មិនដែលមានកម្មករធ្វើបាតុកម្ម ឬកូដកម្មតវ៉ាអ្វីឡើយ ៕
ចែករំលែកព័តមាននេះ