រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានត្រូវនគរបាលប៉ុស្តិ៍ឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ កញ្ញា ក្រោយពេលធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបអ្នកគ្រូពេទ្យម្នាក់ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងក្រុមទី១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ នេះជាការអស់លក្ខណ៍មួយថ្មីទៀត នៃសកម្មភាពចោរឆក់ក្នុងខែកញ្ញានេះ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះម្នាក់ឈ្មោះ ស៊ុន សុភាព ហៅ ចាប ជាសិស្ស មានទីលំនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ និងម្នាក់ទៀត ឈ្មោះ ឃូ គឹមសេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិជាមួយគ្នា ត្រូវនគរបាលចាប់បាននៅពេលព្យាយាមបើកម៉ូតូរត់គេចរហូតដល់ភូមិបឹងសាឡាង ។
តាមមន្ត្រីនគរបាលឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបអ្នកស្រី ហួត ផល្លី អាយុ៤៣ឆ្នាំ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពដូនពេញ មានទីលំនៅផ្ទះលេខ៣៣៨ ផ្លូវលេខ៦០៣ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ ។ ទោះជាយ៉ាង ណា នៅក្នុងសកម្មភាពឆក់នោះជនទាំងពីរនាក់ឆក់ពុំបានសម្រេចទេ តែបានបណ្តាលឱ្យម៉ូតូអ្នកគ្រូពេទ្យដួលនិងរងរបួសស្រាលរលាត់ដៃជើង ។ ខណៈនោះអ្នកគ្រូពេទ្យជាម្ចាស់កាបូបស្រែកថា ចោរៗ ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៏ដេញចាប់បានទាំងពីរនាក់និងដកហូតបានម៉ូតូម៉ាកសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ មួយគ្រឿង ។
តាមអ្នកស្រីហួត ផល្លី ជាម្ចាស់កាបូប បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ធ្វើដំណើរតាមផ្លូវជាតិលេខ៥ត្រឡប់មកពីរៀននៅមណ្ឌលសុខភាពសម្តេចឪក្នុងគោលបំណងទៅផ្ទះ ។ នៅពេលធ្វើដំណើរពីជើងទៅត្បូង ដល់មុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ឫស្សីកែវ ស្រាប់តែមានជន២នាក់ជិះម៉ូតូមួយគ្រឿងធ្វើកម្មភាពឆក់កាបូបរបស់គាត់តែមិនបានសម្រេចទេនិង បណ្តាលឱ្យគាត់ដួលម៉ួតូរងរបួសស្រាល ។
តាមព័ត៌មានឱ្យដឹងទៀតថា ក្នុងពេលនោះម្ចាស់កាបូបបានស្រែកថា ចោរៗ ហើយជនសង្ស័យទាំង២នាក់ជិះម៉ូតូត្រឡប់ក្រោយវិញ គាប់ជួនពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ ដែលជិះល្បាតក្នុងមូលដ្ឋានក៏ដេញតាមយ៉ាងប្រកិត និងដោយមានការប្រកាសតាមវិទ្យុទាក់ទងទៅនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ឱ្យជួយផងក៏ឈានទៅស្ទាក់ចាប់បានទាំង២នាក់នៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។
តាមស្រីអ្នកជាម្ចាស់កាបូបបានឱ្យដឹងថា នៅក្នុងកាបូបមានតែប្រាក់បន្តិចបន្តួច ថ្នាំពេទ្យ និងឯកសារប៉ុណ្ណោះ ។
ឆក់ខ្សែ.កមិនបានសម្រេចដួលម៉ូតូសមត្ថកិច្ចតាមចាប់បានភ្លាមៗ
ខេត្តកំពង់ស្ពឺ ៖ យុវជនពីរនាក់បានត្រូវប៉ូលិសព្រហ្មទណ្ឌខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ កញ្ញា ក្រោយពីឆក់ខ្សែ.កស្ត្រីម្នាក់ តែពុំបានសម្រេចនៅក្នុងភូមិស្វាយ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ហើយការឆក់មិនបាននោះក៏បណ្តាលឱ្យជនសង្ស័យដួលម៉ូតូផងដែរ ។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ឱ្យដឹងថា ជនទាំងពីរនាក់នេះជិះម៉ូតូម៉ាកស្មាសរីវ៉ូ ស៊េរី២០១២ មួយគ្រឿងគ្មានស្លាកលេខ បានតាមពីក្រោយស្ត្រីម្នាក់ដែលជិះម៉ូតូឌុបកូនតូចម្នាក់ផង លុះមកដល់ចុងស្ពានក្រោយមន្ទីរសាធារណការខេត្ត ក៏បានលូកឆក់ខ្សែ.កស្ត្រីនោះ ដែលការឆក់នោះធ្វើឱ្យដាច់ តែមិនរបូតចេញពីកទេ ដោយស្ត្រីរូបនោះព្យាយាមចាប់ខ្សែ.កដែលដាច់នោះ ។ ភ្លាមៗនោះ ក្រុមជនសង្ស័យបានព្យាយាមជិះម៉ូតូរត់ លុះពេលបត់នៅចំណុចផ្លូវកោងទៅតាមផ្លូវបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក៏ដួលបណ្តាលឱ្យរងរបួសហូរឈាមរហាម ។ ទោះជាយ៉ាងនេះក្តី ជនសង្ស័យបានស្រវាលើកម៉ូតូជិះទៅមុខទៀតយ៉ាងលឿនសំដៅឆ្លងស្ពានថ្មទៅកាន់ផ្ទះលក់គ្រឿងក្លែមមួយឈ្មោះសុផារដ្ឋ ស្ថិតក្នុងផ្សារក្រមួន ភូមិស្វាយក្រវាន់ សង្កាត់ស្វាយក្រវាន់ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួន ។ ក្រោយពីស្រ្តីរងគ្រោះបានចង្អុលប្រាប់ថា មុខសញ្ញាឆក់ខ្សែ.ក ។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌប្រាប់ថា ជនសង្ស័យឆក់ខ្សែ.កមិនបានសម្រេចនេះ គឺជាមុខសញ្ញាលួចផងប្លន់ផង ប៉ុន្តែទើបពេលនេះត្រូវចាប់ខ្លួន បានដែលម្នាក់ឈ្មោះញែ៉ម សុខវិន អាយុ២៤ឆ្នាំ មានទីលំនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន និងម្នាក់ទៀតឈ្មោះ កាន់ ណាប់ អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ច្បារមន ។ ម៉ូតូម៉ាកស្មាសរីវ៉ូ ស៊េរីឆ្នាំ២០១២ ត្រូវបានដកហូតជាវត្ថុតាង រួមទាំងជនសង្ស័យទាំងពីរនាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ គួរកត់សម្គាល់ថា ហេតុការណ៍ឆក់នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ហើយជនល្មើសត្រូវចាប់បាននៅកន្លះម៉ោងក្រោយមក ។
ជនសង្ស័យ២នាក់ជិះម៉ូតូដេញតាមឆក់កាបូបនារី២នាក់មិនបានសម្រេច
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានត្រូវប្រជាពលរដ្ឋចាប់ប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍ផ្សារថ្មីទី១ ខណៈពេលជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីនារី២នាក់ តែការឆក់នោះមិនបានសម្រេចត្រូវនារីរងគ្រោះស្រែកថា ចោរៗក៏មានការភ្ញាក់ផ្អើល ទើបប្រជាពលរដ្ឋស្ទាក់ចាប់បាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៨ កញ្ញា នៅមុខហាងកាហេ្វត្រជាក់ចិត្ត៦៨ លើកំណាត់ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ជនសង្ស័យទាំងពីរនាក់នេះ ម្នាក់ឈ្មោះហ៊ាន ហៀង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៧A សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ជា តាំងហុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុឱ្យដឹងថា នារីរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូស្គូពី ពណ៌ស តាមផ្លូវលេខ១៥៤ ពីកើតទៅលិច ខណៈមកដល់មុខហាងកាហ្វេត្រជាក់ចិត្ត៦៨ ស្រាប់តែមានជន២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅស្របគ្នាមកពីក្រោយធ្វើសកម្មភាពឆក់កាបូបបណ្តាលឱ្យដួលម៉ូតូរលាត់ដៃជើង តែការឆក់កាបូបស្ពាយនោះមិនបានសម្រេចទេ។ ភ្លាមៗនោះ នារីរងគ្រោះបានស្រែកថា ចោរៗធ្វើឱ្យប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុឃើញហេតុការណ៍នេះនាំគ្នាដេញតាមស្ទាក់ចាប់បានរួចប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍ផ្សារថ្មីទី១ ។
ចំណែកនារីរងគ្រោះទាំងពីរនាក់ក្រោយពេលកើតហេតុបានលើកម៉ូតូជិះចេញទៅដោយមិនបានប្តឹងទៅសមត្ថកិច្ចទេ ។ ដោយឡែកជនសង្ស័យទាំងពីរនាក់ រួមទាំងម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ ដើម្បីសាកសួរ ៕
ចែករំលែកព័តមាននេះ