ខេត្តពោធិ៍សាត់ ៖ ប៉ុន្មានថ្ងៃនេះនៅខេត្តពោធិ៍សាត់ ក៏មិនខុសពីខេត្តក្រុងផ្សេងៗដែរ គឺមេឃងងឹត និងមានភ្លៀងរលឹមជាប់ជាប្រចាំ ប៉ុន្តែពុំមានខ្យល់ ឬផ្គររន្ទះនោះទេ ។ មេឃចាប់ផ្តើមរលឹម និងភ្លៀងតាំងពីថ្ងៃទី១៦ កញ្ញា ហើយនៅយប់ថ្ងៃទី១៧ ធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង ។ នៅថ្ងៃទី១៨ និង១៩ កញ្ញា ទឹកស្ទឹងពោធិ៍សាត់ចាប់ផ្តើមឡើងប្រៀបកោះសំពៅមាស ប៉ុន្តែមិនទាន់ហៀរលើថ្នល់ទេ ហើយនៅថ្ងៃទី១៩ ក៏ចាប់ផ្តើមស្រកទៅវិញ ។ នៅព្រឹកថ្ងៃទី២០ កញ្ញា នេះមេឃម្តងបើកថ្ងៃ ម្តងស្រទុំ ប៉ុន្តែនៅតំបន់ភ្នំនៅតែងងឹតដដែល ។
លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានប្រាប់ឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបណ្តាលមកពីស្ទឹងចំនួន៣ហូរចូលគ្នាតែមួយ គឺស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ និងស្ទឹងធំ គឺស្ទឹងពោធិ៍សាត់នេះឯង ។ លោកបន្តថា នៅថ្ងៃទី២០ កញ្ញា នេះនៅស្រុកភ្នំក្រវាញ ទឹកចាប់ស្រកនៅសល់កម្ពស់៣,៦០ម៉ែត្រ ដែលកាលពីម្សិលមិញកម្ពស់៤ម៉ែត្រ ។ ចំណែកនៅក្រុងពោធិ៍សាត់ឯណោះវិញ ទឹកចាប់ស្រកនៅសល់៤,៣០ម៉ែត្រ ដែលថ្ងៃម្សិលមិញកម្ពស់៤,៦០ម៉ែត្រ ហើយកំពុងតែបន្តស្រកទៀត ។ តែទោះបីជាយ៉ាងណា យើងត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះនៅតំបន់ភ្នំមេឃនៅតែងងឹតដដែល ហើយបើតាមឧតុនិយមព្យាករណ៍ថា ភ្លៀងធ្លាក់រហូតដល់ថ្ងៃទី២៣ កញ្ញា ឯណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ