AFP កាលពីថ្ងៃទី១៨ កញ្ញា ផ្សាយថា លោកហ្វ៊ីលីប ស៊ីលល័រ អនុប្រធានគណៈកម្មការផ្នែកទីផ្សាររបស់ក្រុមហ៊ុនអេបផល(Apple) ផលិតឧបករណ៍ព័ត៌មានវិទ្យាឈានមុខនៅលើពិភពលោក ជនជាតិអាមេរិកបានថ្លែងកាលពីថ្ងៃទី១៦ កញ្ញា ស្តីពីការបញ្ជាទិញស្មាតហ្វូនស៊េរីថ្មី«iPhone 5»ដែលទើបចេញបង្ហាញកាលពីថ្ងៃទី១២ កញ្ញា ក្នុងចំនួនច្រើនលើសការរំពឹងទុក ។
ការបញ្ជាទិញនេះបានបំបែកឯតទគ្គកម្មរបស់ទូរស័ព្ទស៊េរីមុន«iPhone 4s» យ៉ាងច្រើនលើសលប់ព្រោះមានអ្នកបញ្ជាទិញដល់ទៅ២លានគ្រឿង ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ។
សម្រាប់ការចេញលក់ជាផ្លូវការ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី២១ កញ្ញា នៅសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អូស្រ្តាលី ជប៉ុន ហុងកុង សិង្ហបុរី និងនៅតាមបណ្តាប្រទេសផ្សេងៗទៀត និងថ្ងៃទី២៨ កញ្ញា នៅមុនពេលមានដាក់លក់នៅទូទាំងពិភពលោក រួមទាំងនៅប្រទេសថៃនាដំណាច់ឆ្នាំនេះ ។
សម្រាប់ការបញ្ជាទិញ«iPhone 5»ដែលមានចំនួនដ៏ច្រើនលើសលប់បែបនេះ អាចធ្វើឱ្យអ្នកទិញទទួលបានផលិតផលយឺតយ៉ាវគឺអាចឈានចូលដល់ខែតុលា ប៉ុន្តែអតិថិជនមួយចំនួននឹងទទួលបានតាមកាលកំណត់ដោយអេបផលនឹងចាប់ផ្តើមបញ្ចេញនៅថ្ងៃទី២១ កញ្ញា ។នៅថ្ងៃទី២១ កញ្ញា វេលាម៉ោង៨ព្រឹកម៉ោងនៅក្នុងស្រុក iPhone 5 នឹងចាប់ផ្តើមដាក់លក់ជាលើកដំបូងនៅហាងអេបផល ស្គូ ខណៈពេលអ្នកវិភាគបានប៉ាន់ប្រមាណថា អាចលក់អស់នៅថ្ងៃទី២៣ កញ្ញា ៕
ចែករំលែកព័តមាននេះ