របាយការណ៍ព័ត៌មានពីក្រុងព្រុចសែល ប្រទេសបែលហ្សុិក បញ្ជាក់ថា គណៈកម្មាធិការអឺរ៉ុបជាអាជ្ញាធរគ្រប់គ្រងសហគមន៍អឺរ៉ុប(EU) បានយល់ស្របឱ្យមានបំរាមប្រើម៉ាស៊ីនស្គែនរាងកាយអ្នកដំណើរនៅតាមអាកាសយានដ្ឋានផ្សេងៗរបស់ប្រទេសជាសមាជិកទាំង២៧ ដូច្នេះហើយឧបករណ៍ដែលសាកល្បងប្រើប្រាស់រយៈ ពេលយូរជាង៣ឆ្នាំមកហើយនោះលែងមានតម្រូវការចាប់ពីខែក្រោយតទៅ ។
EUចេញបម្រាមនោះបន្ទាប់ពីអ្នកជំនាញរបស់ខ្លួនស្នើឱ្យបច្ចេកវិទ្យានេះក្លាយជារឿងជំទាស់នឹងច្បាប់ ព្រោះបារម្ភថាម៉ាស៊ីនស្គែនដែលប្រើកាំរស្មីថតអិុចរ៉េ ក្នុងការត្រួតពិនិត្យគ្រឿងផ្ទុះ និងអាវុធដែលសាកល្បងប្រើរយៈ ពេល៣ឆ្នាំកន្លងមក អាចបង្កឱ្យកើតមហារីក ទោះបីក្នុងកម្រិតតិចតួចក៏ដោយ ។នោះជាគោលជំហរផ្ទុយពីអាជ្ញាធរអាមេរិកដែលឱ្យប្រើប្រាស់ម៉ាស៊ីនស្គែនរាងកាយបន្តនៅអាកាសយានដ្ឋានយ៉ាងតិច៦៨ ទូទាំងប្រទេស ។
ក្រៅពីក្តីបារម្ភពីសុវត្ថិភាព មូលហេតុសំខាន់ធ្វើឱ្យមានការលុបចោលការប្រើម៉ាស៊ីនស្គែនលើរាងកាយនេះ គឺជាការកំណត់របស់EU ដែលបញ្ជាក់ថា មិនអនុញ្ញាតឱ្យសាកល្បងម៉ាស៊ីន ឬប្រព័ន្ធណាមួយមានផលប៉ះពាល់ដល់សន្តិសុខរយៈពេលយូរជាង៣ឆ្នាំ ខណៈពេលការត្រៀមឧបករណ៍ស្គែនប្រភេទថ្មីដោយប្រើរលកសម្លេងដាក់ជំនួសកាំរស្មីអិុចរ៉េនៅមិនទាន់មានតម្រុយ ៕
ចែករំលែកព័តមាននេះ