ខេត្តប៉ៃលិន ៖ បុរសអនាថាម្នាក់ដែលគេស្គាល់ថាជាជនជាតិថៃ មិនដឹងជារសាត់អណ្តែតមកពីខេត្តណាទេ បានមកដេកកណ្តោចកណ្តែងជ្រកនៅក្បែរជញ្ជាំងអតីតសាលាឯកជន«យូ អេស»ទល់មុខធនាគារអេស៊ីលីដា ដោយគ្មានអាវមានតែខោ ស្ថិតនៅភូមិប៉ាហីុត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៨ កញ្ញា ២០១២ ។
អ្នករត់ម៉ូតូឌុបដែលនៅក្បែរសាលារៀននេះឱ្យដឹងថា បុរសអនាថាជាជនជាតិថៃម្នាក់នេះ មានអាយុប្រហែល៤០ឆ្នាំ កម្ពស់ប្រហែល១,៧០ម៉ែត្រ សម្បុរស្រអែម សក់ខ្លីគ្មានពាក់ អាវ ស្លៀកខោជើងវែងពណ៌កាហ្វេ ត្រូវបានគេប្រទះឃើញដើររសាត់អណ្តែតអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដើរដេកនៅកន្លែងនេះម្តង នៅកន្លែងនោះម្តង ហើយចេះនិយាយភាសាខ្មែរតិចតួច ។ ប្រភពព័ត៌មានដដែលបន្តថា នៅល្ងាចថ្ងៃទី១៨ កញ្ញា គេឃើញបុរសរូបនេះហាក់ដូចជាមានជំងឺនៅក្នុងខ្លួន ដេករងាញាក់ញ័រគួរឱ្យអាណិត ពេលខ្លះអ្នកលក់ដូរនៅក្បែរនោះឃើញក៏ឱ្យបាយទឹកសម្រាប់ទទួលទាន ជួនកាលបុរសរូបនេះដើរដេកជ្រកនៅតាមសំយាបផ្ទះគេដើម្បីសុំបាយគេហូប ។
ប្រភពដដែលបន្តទៀតថា ជួនកាលទៀតគេឃើញបុរសរូបនេះដើររើសអេតចាយដូចជាសំបកដប សំបកកំប៉ុង ដោយកាន់ការុងមួយជាប់នឹងខ្លួនយកទៅលក់បានប្រាក់យកមកទិញបាយនិងម្ហូបអាហារសម្រាប់ទទួលទាន ។ ពេលអ្នករត់ម៉ូតូដែលចេះភាសាថៃសួរនាំទៅ បុរសនេះប្រាប់ថា គាត់គ្មានបងប្អូនញាតិសន្តានទេ គឺមានតែម្នាក់ឯង ។ ពីមុនធ្លាប់មានប្រពន្ធម្តងដែរ តែពេលនាងមានប្តីថ្មីធ្វើឱ្យរូបគាត់ខូចចិត្តក៏ដើររសាត់ព្រាត់និរាសរហូតមកដល់ទឹកដីខ្មែរនេះ ៕
ចែករំលែកព័តមាននេះ