ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​​​ផ្ទុះ​កង់​​​ចុះត្រាំ​ទឹក ​​​អ្នក​ដំណើរ​​​សំណាង​ល្អ​មិន​គ្រោះ​ថ្នាក់​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ រថយន្ត​​​ក្រុង​ដឹក​អ្នក​ដំណើរ​​​មួយ​គ្រឿង​​​​បាន​រេ​ចង្កូត​​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​​ទឹក​ខាង​​​ឆ្វេង​ដៃ​ កាល​ពីវេលាម៉ោង​​​៣​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​​១៧ កញ្ញា លើ​កំណាត់​ផ្លូវ​​​​ជាតិលេខ​៥ ​ត្រង់​ចំណុច​​​ភូមិ​ថ្មី​ ឃុំ​កំពង់​​​ព្រៀង​ ស្រុក​សង្កែ​​ តែ​សំណាង​​ល្អ​គ្មាន​​​​មនុស្ស​គ្រោះ​ថ្នាក់​ ។ ឧប្បត្តិ​ហេតុ​​នេះ​មាន​ការ​​​អះអាង​​ផ្សេង​ៗ​គ្នា​ ដោយ​ភាគ​ី​​ក្រុម​ហ៊ុន​​ថា បណ្តាល​មក​ពី​​​រថយន្ត​រអិល​​កង់​ពេល​ភ្លៀង​

ខេត្ត​បាត់​ដំបង ៖ រថយន្ត​​​ក្រុង​ដឹក​អ្នក​ដំណើរ​​​មួយ​គ្រឿង​​​​បាន​រេ​ចង្កូត​​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​​ទឹក​ខាង​​​ឆ្វេង​ដៃ​ កាល​ពីវេលាម៉ោង​​​៣​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​​១៧ កញ្ញា លើ​កំណាត់​ផ្លូវ​​​​ជាតិលេខ​៥ ​ត្រង់​ចំណុច​​​ភូមិ​ថ្មី​ ឃុំ​កំពង់​​​ព្រៀង​ ស្រុក​សង្កែ​​ តែ​សំណាង​​ល្អ​គ្មាន​​​​មនុស្ស​គ្រោះ​ថ្នាក់​ ។ ឧប្បត្តិ​ហេតុ​​នេះ​មាន​ការ​​​អះអាង​​ផ្សេង​ៗ​គ្នា​ ដោយ​ភាគ​ី​​ក្រុម​ហ៊ុន​​ថា បណ្តាល​មក​ពី​​​រថយន្ត​រអិល​​កង់​ពេល​ភ្លៀង​ធ្លាក់​​ ឯ​សាក្សី​​ឃើញ​ផ្ទាល់​​​ភ្នែក​ប្រាប់​ថា គ្មានការ​​រអិល​កង់​ទេ​គឺ​រថយន្ត​នេះ​ផ្ទុះ​កង់​​មុខ​ខាង​ឆ្វេង​​​ ។

មន្ត្រី​​នគរ​បាល​ចរាចរនិយាយថា ​រថយន្ត​ក្រុង​នេះ​ដឹក​អ្នកដំណើរ​​​ក្នុង​ទិស​ដៅ​​​ពី​កើត​​ទៅ​​លិច​​ បើក​បរ​​​ដោយ​បុរស​​ឈ្មោះប៊ុន នី  អាយុ​៣៤​ឆ្នាំ ​រស់​នៅសង្កាត់​ច្រាំង​​ចំរេះ​ ខណ្ឌ​ឫស្សីកែវ​ រាជ​ធានី​ភ្នំពេញ​ ។ ប្រភព​បន្ត​ថា រថយន្ត​នេះ​បើក​លឿន​ លុះមក​ដល់​ចំណុច​​​ខាង​លើ​ស្រាប់​តែ​​​រេ​ចង្កូត​​​ទៅ​ខាង​ឆ្វេង​​​ដៃ​ធ្លាក់​ចូល​​​​ទឹក​ប្រឡាយ​តែ​ម្តង​ រង​ការ​​ខូ​ច​ខាត​​​បែក​កញ្ចក់​ បែកកង់​ខាង​ឆ្វេង​​ និង​​ក្រពឹត​​ផ្នែក​ខាង​មុខ​​​ដោយសារ​បុក​​គល់​ឈើ​​ប៉ុន្តែ​មិន​មាន​​​គ្រោះ​ថ្នាក់​​​​ធ្ងន់​ធ្ងរ​​​ដល់​អ្នក​​ដំណើរ​ទេ​ ។

ជុំ​វិញ​​​ករណីនេះ​​​​ភាគី​រថយន្ត​​​ក្រុង​បាន​អះ​អាង​​ទាំង​លាក់​​​លៀម​​កាល​ពី​ព្រឹក​​ថ្ងៃ​​​ទី​១៨​ កញ្ញា​ថា ​​រថយន្ត​នោះ​​បាន​រអិល​​​ធ្លាក់​​ចេញ​ពី​ផ្លូវ​​​ ខណៈ​​មាន​​ភ្លៀង​ធ្លាក់​​​ពេល​កំពុង​ធ្វើ​ដំណើរ​​​ និង​​​បាន​បដិ​សេធ​​ថា គ្មាន​ការ​​ផ្ទុះ​កង់​រថយន្ត​​​ដូចការ​និយាយ​ពី​​ប្រភព​នានា​​​នោះ​ទេ​ ។ ទោះ​ជា​​មាន​ការ​អះអាង​បែប​នេះ​​ក្តី​សាក្សី​​ដែល​បាន​​ឃើញ​​ហេតុ​ការណ៍​​ផ្ទាល់​ភ្នែក​និយាយ​ថា ​រថយន្ត​នោះ​​បើក​លឿន​​ហើយ​បាន​បែក​កង់​​​មុខ​ផ្នែក​ខាង​​ឆ្វេង​លាន់​​ដូច​ផ្ទុះ​គ្រាប់​​​បែក​ ហើយ​រថយន្ត​រេចង្កូត​​ទៅ​ខាង​ឆ្វេង​​​ដៃ​ធ្លាក់​ចេញ​​ពី​ផ្លូវ​​​​ចូល​​ទៅ​ក្នុង​ទឹក​​​ប្រឡាយ ​រួច​បុក​គល់​ឈើ​​ទាំង​កំរោល​ធ្វើ​ឱ្យ​ក្រពឹត​មុខ​ និង​បែក​កញ្ចក់​​ តែសំណាង​​​ល្អ​​​រថយន្ត​មិនក្រឡាប់​​ទើប​មិន​ប៉ះ​ពាល់​អ្នក​ដំណើរ​​។ រថយន្ត​នេះ​​ផ្ទុះ​កង់​​មុន​​ពេល​ធ្លាក់​​ប្រឡាយ​មិន​មែន​​​រអិល​ដូច​​​ការ​លើក​ឡើង​​​​នោះ​ទេ​ ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​​១៣ កញ្ញា ​កន្លង​ទៅ​​​​​ មន្ត្រី​​​ជំនាញ​​នៃមន្ទីរសាធារណ​ការ​ និង​ដឹក​ជញ្ជូន​​​បាន​សហការ​ជាមួយ​​​មន្ត្រី​​​ការិយាល័យ​​​​​ចរាចរណ៍​​ផ្លូវគោក​ ដឹក​នាំ​ដោយ​លោក​​​ឧត្តម​សេនីយ៍​​ត្រី​ ស ថេត ស្នងការ​​នគរ​បាល​ខេត្ត​បាន​ចុះ​​ត្រួត​ពិនិត្យ​ លើ​បច្ចេក​ទេស​​យានយន្ត​​នានា​តាម​​​បណ្តា​​ចំណត​រថយន្ត​ធំៗ​ និង​តាម​​​​យាន​ដ្ឋាន​​មួយ​ចំនួន​​​ក្នុង​ក្រុង​បាត់​ដំបង​ ។ កិច្ច​ប្រតិបត្តិ​​​ការ​នេះ​ធ្វើ​​ឡើង​​​ក្នុង​គោលបំណង​​​ដើម្បី​ពិនិត្យ​​​ផ្នែក​បច្ចេក​ទេស​យានយន្ត​​​ និង​អប់​រំ​​​ដល់​ម្ចាស់​​​​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​​នានា​ឱ្យ​ធ្វើការ​ពិនិត្យ​​ផ្លាស់​ប្តូរ​​សម្បក​កង់​​ដែល​សឹក​​រិចរិល​ ដើម្បី​ធានា​​បាននូវ​សុវត្ថិ​ភាព​​​អ្នក​ដំណើរ​ ។ ការ​ចុះ​ពិនិត្យ​​នេះ​លោក​ស្នង​ការ​​ក៏​បាន​​​បញ្ជា​ឱ្យ​មានការ​អនុវត្ត​​​ភ្លាម​ៗ​​​ផង​ដែរ​​​​ដល់​រថយន្ត​​ដឹក​អ្នកដំណើរ​​​ទាំង​ឡាយ​ណា​ដែល​មន្ត្រី​ជំនាញ​​​​​​ពិនិត្យ​ឃើញ​ថា ខុស​​លក្្ខណៈ​បច្ចេក​ទេស​​ ឬ​សម្បក​កង់​សឹក​​ក្រឡា​ ។

តែ​ចំណាត់​ការ​នេះ​ហាក់​ដូចជា​​មានការ​យក​ចិត្ត​ទុក​ដាក់​​​​តិច​តូច​ណាស់​ពីម្ចាស់​​យាន​យន្ត​​ ឬ​ម្ចាស់​ក្រុម​ហ៊ុន​ដឹក​​អ្នក​ដំណើរ​​​មួយ​ចំនួន​ ។ ជាក់ស្តែង​​​ម្ចាស់​រថយន្ត​ក្រុង​​​​ជា​ដើម​ ដែល​កិច្ច​​ប្រតិបត្តិ​ការ​នេះ​​​បាន​បញ្ចប់​ទៅ​មិន​ទាន់​​​​បាន​១​សប្តាហ៍​ផង​ ស្រាប់​តែ​​​​រថយន្ត​​​​ក្រុង​នេះ​ផ្ទុះ​កង់​​​​​តែ​ម្តង​ ។ ទាំង​នេះ​​ត្រូវ​មន្ត្រី​​​ជំនាញ​​ស្តី​បន្ទោស​ថា ​បណ្តាល​មក​ពី​បច្ចេក​ទេស​​​សុទ្ធ​សាធ​ដែល​ម្ចាស់​រថយន្ត​​មិន​បាន​យក​​ចិត្ត​ទុកដាក់​​​ ។

មន្ត្រី​ជំនាញ​​​បានលើកឡើង​ថា ​រថយន្ត​ដឹក​អ្នក​ដំណើរ​​ត្រូវប្រុង​ប្រយ័ត្ន​​​ខ្ពស់​បំផុត​ ព្រោះ​មួយ​ថ្ងៃ​​ៗ​​​រថយន្ត​ដឹក​តែមនុស្ស​​​មិនមែន​ដឹក​​​ទំនិញទេ ។ ដូច្នេះ​ម្ចាស់​ក្រុមហ៊ុន​នានា​​​ត្រូវ​តែពិនិត្យ​​ផ្នែក​បច្ចេក​ទេស​​​ជា​​​ប្រចាំ​ដើម្បី​​​​ធានា​សុវត្ថិ​ភា​ព​ដល់​​អ្នក​ធ្វើដំណើរ​ ជាពិសេស​​​សម្បក​កង់​រថយន្ត​​​​ដែល​មិន​អាច​​​ធ្វេស​ប្រហែស​បានឡើយ​ ព្រោះ​វា​ងាយ​​​នឹង​គ្រោះថ្នាក់​បំផុត​ បើសិនជា​​​សម្បក​កង់​​នោះ​​ផ្ទុះ​ពេល​​​កំពុង​ធ្វើ​ដំណើរ​​​ និង​ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​​​ចំពោះ​ការ​ពិត​ មិនគួរ​ឆ្លើយ​​បដិសេធ​​​នូវ​អ្វី​ដែល​​​​បាន​កើត​ឡើង​ទេ ។ រថយន្ត​ដឹក​អ្នកដំណើរ​​​​ខាង​លើ​ត្រូវ​បាន​​​អូស​ឡើង​​​គោក​វិញ​ កាល​ពី​ព្រឹក​​ថ្ងៃទី​១៨ កញ្ញា ក្រោយ​ពី​ចុះ​​​ត្រាំ​ទឹក​​ពេញ​​មួយ​យប់​រួច​មក​ ៕